ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយអាយុ៧០ឆ្នាំស្លាប់ដោយសារម៉ូតូបុកពេលដើរឆ្លងថ្នល់

ចែករំលែក៖

ខេត្តព្រះសីហនុៈ លោកយាយវ័យជាង៧០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង ខណៈដែលរូបគាត់ដើរឆ្លងផ្លូវជាតិ ពីទិសខាងត្បូងទៅជើង ហើយត្រូវម៉ូតូបុកពេញទំហឹង ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៤និង៤៥នាទីរសៀល តាមបណ្តោយផ្លូវក្រាលកៅស៊ូបំបែកពីផ្លូវជាតិលេខ៤ ចូលទៅកំពង់ផែ លោកឧកញ៉ាម៉ុង ឫទ្ធី(កែវផុស) ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ កំពត 1H 3805 បើកបរដោយឈ្មោះពៅ ផាណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្វាយឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះបើកដល់ចំណុចកើតហេតុបានបុកលោកយាយម្នាក់ឈ្មោះម៉េង ទាប ជន្មាយុ៧១ឆ្នាំ មានទីលំនៅទីកើតហេតុ ស្របពេលគាត់ដើរឆ្លងផ្លូវពីត្បូង ទៅជើងពីផ្ទះកូនទៅផ្ទះគាត់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានដឹកយកមកសង្គ្រោះនៅគ្លីនិកវាលរេញ ។

ដោយឡែកវត្ថុតាងសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុករង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖