ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយអាយុ៧៨ឆ្នាំ ទុកចិត្តប្អូនបង្កើត និងក្មួយដូច ឲ្យគេមកបោកលុយអស់១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រឿងរ៉ាវមិននឹកស្មាន លោកយាយ ថៃ វត្តហ៍អាយុ៧៨ឆ្នាំ ម្នាក់ជាស្ត្រីមេម៉ាយ អត់មានកូន បានរៀបរាប់ប្រាប់អ្នកសារព័ត៍មាន ពីទុក្ខកង្វល់របស់គាត់ កាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ថា កាលពី៤ឆ្នាំមុន ឈ្មោះថៃ វត្តលី ជាប្អូនស្រីបង្កើត និងបានទុកចិត្តគាត់ជាងគេ ពេលនោះគាត់បានលក់ផ្ទះពីភ្នំពេញបានលុយចំនួន១២ម៉ឺនដុល្លារ គាត់ចែកឲ្យចៅអស់២ម៉ឺនដុល្លារ នៅសល់១០ម៉ឺនដុល្លារ ហើយឈ្មោះថៃ វត្តលី ជាប្អូនបានលួងលោមឲ្យគាត់ដាក់លុយទាំងអស់ចូលក្នុងកុងធនាគារ របស់ ថៃ វត្តលី ដើម្បីងាយស្រួលក្នុងការដកលុយយកមកចាយវាយ ព្រោះគាត់ចាស់ហើយមិនចេះ ។ ពេលនោះ គាត់ក៏ត្រឡប់មកនៅផ្ទះដែលគាត់ឲ្យលុយធ្វើពីមុន ស្ថិតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ក្នុងពេលទៅរស់នៅបានរយៈពេល២ទៅ៣ឆ្នាំ។

គ្រានោះប្អូន ឈ្មោះថៃ វត្តលី បានលួងលោម ឲ្យគាត់ទិញដីធ្វើផ្ទះ ទិញម៉ូតូ និងឡានចំនួន២គ្រឿង ដាក់ឈ្មោះថៃ វត្តលី ទាំងអស់ហើយក៏អស់លុយនោះដែរ ពេលគាត់សួររកលុយ ប្អូនឆ្លើយថា របស់របរទាំងអស់ជារបស់វា (ប្អូនស្រី) គាត់គ្មាននៅសល់អីទេ។ ពេលនោះគាត់ដឹងថា ប្អូន បោក គាត់ក៏ទៅប្តឹងនៅតុលាការខេត្តកំពង់ធំ។ តែឈ្មោះថៃ វត្តលី និងកូនឈ្មោះហ៊ាង ឡៃស៊ីម ជាគ្រូបង្រៀននៅនៅសាលាកំពង់ឈើទាល បាននាំគ្នារត់គេចខ្លួនមិនចូលមកដោះស្រាយ រយៈពេលជាង១ខែ។

ស្ត្រីវ័យចំណាស់បន្តថា ឡានទី១ ម៉ាកហាយឡែនឌើ ឈ្មោះថៃ វត្តហ៍ ជាបងស្រីបានសុំយកឡានទៅលក់រយៈពេល៧ខែ ហើយពេលយកកាតគ្រីឯកសារឲ្យអ្នកទិញអស់ តែគាត់មិនបានកាត់ឈ្មោះពីប្អូនទេ ។ ទើបឥឡូវនេះឈ្មោះថៃ វត្តលី បានប្តឹងនៅក្រសួងមហាផ្ទៃ បកមកវិញថា ឈ្មោះ ឈ្មោះ ថៃ វត្តហ៍ (បងស្រី) អាយុ៧៨ឆ្នាំជាអ្នកលួចឡានយកទៅលក់ទៅវិញ ។ ករណីនេះលោកយាយ ថៃ វត្តហ៍ បានសំណូមពរឲ្យសមត្ថកិច្ចនិងស្ថាប័នតុលាការមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង។

លោកយាយបន្តថា បើប្អូនចង់ដោះស្រាយគ្នាមិនត្រូវ រត់គេចខ្លួនបែបហ្នឹងទេ គឺត្រូវចូលខ្លួនទៅតុលាការខេត្តកំពង់ធំ ដើម្បីដោះស្រាយគ្នាទៅ។ លោកយាយសំណូមពរឲ្យបងប្អូនណាបានឃើញភិនភាគជនខាងលើមេត្តាផ្តល់ដំណឹងឲ្យគាត់ដោយក្តីអនុគ្រោះផង។

ពាក់ព័ន្ធករណីខាងលើនេះដែរ ភាគីដែលរងការចោទប្រកាន់មិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ៕ ប៊ុនរិទ្ធី


ចែករំលែក៖