ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវទៅគ្រប់បណ្ដាក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដចូលរួមគាំទ្រដល់វិស័យវប្បធម៌ជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពងខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអំពាវនាវទៅគ្រប់បណ្ដាក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដចូលរួមគាំទ្រដល់វិស័យវប្បធម៌ជាតិ និងសហការគ្នាកាន់តែទូលំទូលាយ ដើម្បីបង្កើត កម្មវិធី ឬព្រឹត្តការណ៍វប្បធម៌ឲ្យបានច្រើន ដោយបំផុសការចូលរួម និងពង្រីកការយល់ដឹងដល់មហាជន ជាពិសេសស្រទាប់យុវជន អំពីគុណតម្លៃ នៃសិល្បៈវប្បធម៌ខ្មែរសំដៅអភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិឲ្យកាន់តែមានជីវិតរស់រវើក និងប្រកបដោយនិរន្តភាព ។

លោកស្រី បានអំពាវនាវ បែបនេៈខណៈលោកស្រីចូលរួម ជាអធិបតីភាព ក្នុងពិធី ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃសៅរ៏ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២២ កញ្ញា ឆ្នាំ២០១៨ ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ ដែលមានបណ្ដាវិសយ័ឯកជនចូលរួមប្រមាណជា២០០ស្ដង់ ដាក់តាំងពិពរ័ណ៌រ រយៈពេល២ថ្ងៃនេះ គឺមានគោលបំណងបំផុសចលនា មហាជន ជាពិសេស យុវជនឲ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេស ទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារនិងសម្លៀក បំពាក់ប្រពៃណីខ្មែរ

លោកស្រីបានបន្ដថា៖ ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌បានផ្តួច ផ្តើមឲ្យមានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ មហោ ស្រពសិល្បៈ តាមរាជធានី ខេត្ត និងអង្គការសហគមន៍ ដោយ មានដៃគូឯកជនជាច្រើនចូលរួម ។

ព្រឹត្តការណ៍នេះ មានគោលបំណងបំផុសចលនាមហាជន ជាពិសេស យុវជនឲ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេស ទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ ដោយបណ្ដុះនូវស្មារតីស្រឡាញ់ ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរបន្តទៅឲ្យអ្នកជាជំនាន់ក្រោយ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះ​ ជួយពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរ បទពិសោធន៍ និងលើកកម្ពស់គុណភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការ និងប្រកួត ប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយទាញយកអត្ថប្រយោជន៍ពីវិស័យវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសេចក្តីត្រូវការរបស់មហាជន ។

លោកស្រីបានចាត់ទុកថា ៖ ការរៀបចំពិព័រណ៍ និងមហោស្រពសិល្បៈនាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទានដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន ក្នុងក្របខ័ណ្ឌ នៃកិច្ច សហការល្អ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការមហាជន សហគមន៍ និងសប្បុរសជននានាដែលជាដៃគូអភិវឌ្ឍន៍ក្នុងការប្រមែប្រមូលពូនផ្ដុំការចូលរួម ស្របតាមគោលការណ៍ រដ្ឋជាអ្នកគ្រប់គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត ។

ព្រះរាជាណាចក្រកម្ពុជា ជាផែនដីដែលសម្បូរដោយសម្បត្តិធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកមកជាច្រើនជំនាន់ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីរន្ទឺសុសសាយនៅលើពិភពលោក ។

ក្រៅពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ដូចជាប្រាសាទបុរាណ និងរមណីយដ្ឋានប្រវត្តិសាស្ត្រច្រើនរាប់ពាន់នៅពាសពេញផ្ទៃប្រទេស កម្ពុជាក៏មានសម្បត្តិបេតិក ភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបផងដែរ ដូចជា របាំ ល្ខោន តន្រ្តី គំនូរ ចម្លាក់ សិប្បកម្ម សំលៀកបំពាក់ ម្ហូបអារហារ ប្រពៃណី ទំនៀមទំលាប់ និងពិធីបុណ្យនានាជាមួយនឹងចំណេះដឹង ជំនាញ បច្ចេកទេស ដែលបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយរហូតមកដល់សព្វថ្ងៃនេះ ។

កេរដំណែលវប្បធម៌ទាំងនេះ គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរដ៏រឹងមាំ មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ហើយក៏កំពុងដើរតួនាទីដ៏សំខាន់ផងដែរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាមរយៈវិស័យទេសចរណ៍វប្បធម៌ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល វិស័យសិល្បៈវប្បធម៌ជាតិត្រូវបានលើកម្ពស់ទាំងនៅលើឆាកអនុ្តរជាតិ ។ ជាក់ស្ដែងសម្បត្តិវប្បធម៌របស់ខ្មែរ មួយចំនួនត្រូវបានពិភពលោកទទួលស្គាល់ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិមានជាអាទិ៍ ៖ ប្រាសាទតំបន់អង្គរ, ប្រាសាទព្រះវិហារ ,តំបន់ប្រាសាទសំបូរ ព្រៃគុក ,របាំក្បាច់បុរាណខ្មែរ, ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង ។

ជាមួយគ្នានេះ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួនទៀតក៏បាននឹងកំពុងរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលជាបបេតិកភណ្ឌពិភព លោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិជាបន្តបន្ទាប់ទៀតផងដែរ ៕ សំរិត


ចែករំលែក៖