ព័ត៌មានទាន់ហេតុការណ៍៖

លោក ខេមរៈ សិរីមន្ត និងនាយ ឃ្លោក បន្តជំរុញឲ្យពលរដ្ឋរួមគ្នាលុបបំបាត់ការឆ្លងជំងឺអេដស៍នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលោក ខេមរៈ សិរីមន្ត និងអតីតតារាកំប្លែងនាយ ឃ្លោក បានជំរុញឲ្យប្រជាជនកម្ពុជាបន្តចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍ តាមរយៈការស្វែងយល់ និងបញ្ជ្រាបសារនានាជុំវិញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃការចម្លងជំងឺអេដស៍ ។ សិល្បករទាំងពីរក៏បានស្នើដល់សិល្បករ ជាតារាចម្រៀង តារាសម្តែង និងពិធីករជួយជំរុញសកម្មភាពផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពដល់ទស្សនិកជន ។

ក្នុងនាមជារដ្ឋទូតសុច្ឆន្ទៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ លោក ខេមរៈសិរីមន្ត បានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សោកស្តាយ និងខ្លោចចិត្តអាណិតដល់អ្នកផ្ទុកជំងឺអេដស៍ដ៏កាចសាហាវ ។ អ្វី ដែលកាន់តែជាបន្ទុកសម្រាប់សង្គម គឺការបន្សល់ទុកនូវក្មេងកំព្រា ខ្វះការថែទាំពីឪពុកម្តាយ ។

លោកក៏បានស្នើដល់យុវជនកុំឆាប់ប្រឡូកនឹងការរួមភេទ និងចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសផុត ពីការឆ្លងជំងឺអេដស៍ ដែលនឹងវាអាចនឹងជះឥទ្ធិពលមិនល្អសម្រាប់ជិវិត ។

ជាមួយគ្នានេះ លោកក៏ស្នើដល់សិល្បករទាំងអស់មេត្តាចូលរួមបញ្ចេញសារនានាឲ្យបានទូលំទូលាយ ដែលជំរុញលើកទឹកចិត្តអ្នកផ្ទុកជំងឺអេដស៍និងចូលរួមផ្សព្វផ្សាយឲ្យបានច្រើនក្នុងន័យចូលរួមបំបាត់ការចម្លងមេរោគអេដស៍នៅពេលដ៏ខ្លីខាងមុខ ។ ជាមួយគ្នានេះលោកក៏បានប្រកាសពីការចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨ផងដែរ ។

អតីតតារាកំប្លែង នាយ ឃ្លោក បានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានចូលរួមផ្សព្វផ្សាយអំពីការចូលរួមទប់ស្កាត់ នៃការឆ្លងរាលដាល នៃជំងឺអេដស៍នេះផងដែរ ។ លោកថាតាមតួលេខអត្រាឆ្លងនៅលើពិភពលោកប្រចាំឆ្នាំមានប្រមាណជាងមួយលាននាក់ ស្របពេល ដែលកម្ពុជានៅតែមានអ្នកឆ្លងជំងឺនេះប្រមាណជាង៥០០នាក់កាលពីឆ្នាំ២០១៧ ។ លោកថាកន្លងមកលោកធ្លាប់បានចូលរួមតាមរយការផ្សព្វផ្សាយតាមវិទ្យុផ្ទាល់របស់លោក រួមទាំងសកម្មភាពនានាផងដែរ ។

លោកក៏បានបញ្ចេញសារមួយថា «សូមកុំឲ្យថ្ងៃអាពាហ៍ពិពាហ៍ក្លាយជាទិវាចម្លងជំងឺអេដស៍ត្រូវពិនិត្យ និងសង្កេតរកមេរោគអេដស៍មុនថ្ងៃរៀបការ» ហើយសូមចងចាំថា ជំងឺអេដស៍អាចមានគ្រប់ទីកន្លែងមិនមានតែនៅទីក្រុងទីប្រជុំជននោះទេ ៕ វឌ្ឍនា


ចែករំលែក៖