ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន នឹងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច រំសាយអាវុធ

ចែករំលែក៖

ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាគោលដៅសំខាន់បំផុតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង មានជីវភាពរស់នៅយ៉ាងល្អប្រសើរ រួចផុតពីភាពក្រីក្រ ទុក្ខលំបាក ដោយសារតែសង្គ្រាម អូសបន្លាយជាច្រើនទសវត្សរ៍កន្លងមក ។

ទាំងនោះហើយ បានជាមេដឹកនាំ គីម ជុងអ៊ុន បានខិតខំ ជំរុញកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឈានទៅរកកិច្ចព្រមព្រៀង បញ្ចប់ការប្រឈមមុខដាក់គ្នា និងសហការគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច ។ កូរ៉េខាងជើង ក៏បានជំរុញ ពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាលើកទីពីរ ឆ្ពោះទៅរកការរំសាយអាវុធបរមាណូ និងរួចផុតពីទណ្ឌកម្ម សេដ្ឋកិច្ច ។ កន្លងមក ប្រធានាធិបតី ត្រាំ បានសសើរដល់មេដឹកនាំ គីម ជុងអ៊ុន ថា បាន មានគោលបំណងបញ្ចប់កម្មវិធីបរមាណូ។

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េខាងជើង ត្រូវតែចាប់ផ្តើមពីពេលនេះទៅ ។ កូរ៉េខាងជើង ចាំបាច់ត្រូវតែអភិវឌ្ឍន៍ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ Logistics សំខាន់ៗ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចប្រទេសនេះ ឲ្យកាន់តែប្រសើរ ក្រោយការសម្រេចរំសាយអាវុធបរមាណូ និងមីស៊ីល របស់មេដឹកនាំ គីម ជុងអ៊ុន។

ក្រុមអ្នកឯកទេសស្រាវជ្រាវ ពីសេដ្ឋកិច្ច មកពីមជ្ឈមណ្ឌល អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ សំខាន់ៗ ពិសេសគឺតំបន់ ព្រំដែនភាគខាងជើង នឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេស កូរ៉េខាងជើងបានយ៉ាងឆាប់រហ័ស ក្រោយរួចផុតពីទណ្ឌកម្ម។

ក្នុងពេលជាមួយគ្នានេះដែរ លោក Lee Seong Woo អ្នកឯកទេសស្រាវជ្រាវពីកំពង់ផែ មកពីនាយកដ្ឋានចរាចរណ៍ដែនសមុទ្រ កូរ៉េខាងត្បូង បានឲ្យដឹងថា តំបន់ Nanjin, Chongjin ស្ថិតនៅព្រំដែនភាគខាងជើង កូរ៉េខាងជើង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើនបានយ៉ាងឆាប់រហ័ស ។

លោក Lee បញ្ជាក់ទៀតថា ទីក្រុងព្យុងយ៉ាង គួរតែអភិវឌ្ឍន៍កំពង់ផែនៅតំបន់ភាគឦសាន ដើម្បីកាត់បន្ថយការអាស្រ័យទាំងស្រុង ក្នុងវិស័យសេដ្ឋកិច្ចទៅលើប្រទេសចិន និង រុស្ស៊ី ។ តាមអ្នកឯកទេសស្រាវជ្រាវខាងលើ កូរ៉េខាងជើង ចាំបាច់ត្រូវតែ អនុវត្តនៅការតភ្ជាប់ កូរ៉េទាំងពីរ ក៏ដូចជាតំបន់ ប៉ាស៊ីហ្វិក និង អាស៊ី អឺរ៉ុប ដើម្បីជំរុញវិស័យវិនិយោគ ពាណិជ្ជកម្មយូរអង្វែង ។

តាមរបាយការណ៍ កូរ៉េខាងជើង មាន ១៣៧កំពង់ផែ នៅឆ្នេរសមុទ្រ ភាគខាងលិច និង ១៥២ កំពង់ផែនៅឆ្នេរសមុទ្រភាគខាងកើត ។ ក្នុងចំណោមកំពង់ផែនោះ មានតែ ៩ប៉ុណ្ណោះ ដែលអាចដោះស្រាយទំនិញ អន្តរជាតិបាន ក្នុងនោះ មានកំពង់ផែ Nanjin និង Chongjin ចំណែកកំពង់ផែផ្សេងទៀតមានទំហំតូច សម្រាប់តែ កប៉ាលនេសាទតែប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖