ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឲ្យអ្នកពាក់ព័ន្ធ រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពឱសថ និងសុខភាព ដើម្បីកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ សមាគមអ្នកលក់ឱសថកម្ពុជា សហការបច្ចេកទេស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានរៀបចំឲ្យមានការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន ដើម្បីបង្កើននូវចំណេះ ដឹងដល់អ្នកលក់ឱសថ ក្នុងការធានា បាននូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាពប្រជាពលរដ្ឋ ។

លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាអនុប្រធានសមាគមសហព័ន្ធវិនិយោគិន បានលើកឡើងនៅក្នុងពិធី ប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នក លក់ឱសថ តាមឱសថដ្ឋាន នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ ការផ្តល់ជូនការបណ្តុះបណ្តាលនេះ គឺជាការគិតគូរ ពីសុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និងជាការបង្ការហានិភ័យជាយថាហេតុដែលផ្តើមចេញពីអ្នកលក់គ្មានវិជ្ជាជីវៈ និងការប្រើប្រាស់ឱសថ។ លើសពិនេះក៏ជាការចូលរួមអភិវឌ្ឍធនធានមនុស្ស បម្រើឲ្យវិស័យសុខាភិបាល ក៏ដូចជាពង្រឹងសេវាកម្មសុខាភិបាលឲ្យកាន់តែប្រសើរ។

លើសពីនេះ ក៏ជាការពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ដល់អ្នកលក់ឱសថទាំងអស់ ទាំងចំណេះដឹង ចំណេះធ្វើ កម្រិតមូលដ្ឋាន ដើម្បីឲ្យរាល់ការលក់ឱសថមាន ការទទួលខុសត្រូវ និងគិតពីសិវត្ថិភាព សុខភាពប្រជាពលរដ្ឋ។

នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅមានអ្នកលក់ឱសថ មួយចំនួនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយ ទាមទារឲ្យមានការយកចិត្តទុកដាក់ បង្កើនចំណេះដឹងបន្ថែមពីអ្នកពាក់ព័ន្ធ ព្រោះថា ឱសថជាអាវុធមុខពីរ ប្រើប្រាស់មិនត្រូវវានឹងធ្វើឲ្យមនុស្សស្លាប់។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ មនុស្សតែងតែមានជំងឺ ជាមិនខាន បើទោះជាចំណាយថវិកាប៉ុន្មានក៏ដោយ ក៏ត្រូវតែចាយវាយនោះដែរ ដោយជឿជាក់ទៅលើគ្រូពេទ្យ និងឱសថការីទាំងអស់ ដូច្នេះ ដើម្បីកុំឲ្យប្រជាជនមានជំនឿទុកចិត្ត គម្បីត្រូវមាន ចំណេះដឹងគ្រប់គ្រាន់ ក្នុងការធ្វើអាជីវកម្ម លើផ្នែកឱសថនេះ ដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងអ្នកជំងឺចាយលុយអស់ពីខ្លួនហើយ អស់ទាំងអាយុជីវិតថែមទៀតនោះ។

លោក ឃួង ស្រេង បានស្នើរសុំឲ្យអ្នកលក់ឱសថ នៅកម្ពុជាទាំងអស់ យកចិត្តទុកដាក់ពីសុខភាពប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឲ្យគាត់ចំណាយថវិកា ហើយទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ។ ការផ្តល់នូវការបណ្តុះបណ្តាល និង ការប្រគល់នូវវិញ្ញាបនបត្រនៅថ្ងៃនេះ ក៏ជាការបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងបង្កើនចំណេះដឹងលើផ្នែកឱសថ ដើម្បីធានានូវគុណភាព សុវត្ថិភាព និងសុខមានលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ សិក្ខាកាមដែលជាឱសថការី បានទទួល ការបណ្តុះបណ្តាលកម្រិតមូលដ្ឋាន នូវចំណេះដឹងផ្នែកឱសថ ការី និងទទួលវិញ្ញាបនបត្រ នៅថ្ងៃនេះមានចំនួន៧០៣នាក់ ក្នុងនោះស្រី៤៤៣នាក់ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈ ពេល ១០ខែ គិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នា២០១៧រហូតដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅសមាគមអ្នកលក់ឱសថកម្ពុជាលើមុខវិជ្ជាវេជ្ជសាស្រ្ត និងឱសថសាស្រ្ត ៕ សំរិត


ចែករំលែក៖