ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ផ្តាំផ្ញើឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ត្រូវផ្សព្វផ្សាយ ការអភិវឌ្ឍរីកចម្រើន ការពិតពីកម្ពុជាទៅកាន់យុវជនអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ផ្សព្វផ្សាយការពិតពីកម្ពុជា ដល់យុវជនអាស៊ាន ខណៈប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ។ លោក បានផ្តាំផ្ញើ បែបនេះ ធ្វើឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា ៖ យុវជនយើងត្រូវផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព ។

តំណាងសមាគមនាវាយុវជនអាស៊ី អគ្នេយ៍កម្ពុជា បានឲ្យដឹងថា៖ នេះជាការធ្វើដំណើរជាលើកទី៤៥ហើយ ដែលក្រុមយុវជនធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤ នៅតំបន់អាស៊ាន រួមមាន ប៊្រុយណេ, ហ្វីលីពីន, ថៃ និងវៀតណាម ដែលមានយុវជនអាស៊ាន និងយុជនជប៉ុន សរុបចំនួន៣៣០នាក់ ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបើកកម្មវិធីជាផ្លូវការ។

កម្មវិធីធ្វើដំណើរតាមនាវា ក្រោមការជួយឧបត្ថម្ភពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃ ដោយចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោល បំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន នឹងជប៉ុន តាមរយៈយុវជន ដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសំដែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ។

ក្នុងឱកាសនោះ ក្នងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លារអាមេរិកដល់ក្រុមនាវាយុវជនអាស៊ី អគ្នេយ៍កម្ពុជាសម្រាប់បំពេញតម្រូវការក្នុងការធ្វើដំណើរផងដែរ ៕ សំរិត


ចែករំលែក៖