ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងខិតខំបន្តចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់សុខភាព ដោយសារការប្រើប្រាស់ថ្នាំជក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ និងបន្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារថ្នាំជក់ ទៅដល់មូលដ្ឋាន ពីព្រោះថ្នាំជក់ ជាផ្សែងបារី ធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ អ្នកជិតខាង និងទីសាធារណៈ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ លោកទទួលជួប ពិភាក្សាការងារ ជាមួយ លោកស្រី ស៊ូសាន មើកាដូ(Susan Mercado ) អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រទេសហ្វីលីពីន និងជាបេក្ខភាព ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច កាលពីរសៀលថ្ងៃ ពុធ ៤កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញ និងបន្តចូលរួមផ្សព្វ ផ្សាយពីផលប៉ះពាល់ដោយសារថ្នាំជក់ ទៅដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានប្រមាណជិត៣លាននាក់នាពេលបច្ចុបប្បន្ន ។

លោកបន្ដថា៖ រដ្ឋបាលរាជធានី និងបន្ដសហការជាមួយអាជ្ញាធរខណ្ឌទាំង១២ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ដែលបានបង្កើតក្រុមការងាររួចហើយ ធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានទូលំទូលាយ អំពីផលប៉ះពាល់ដោយសារថ្នាំជក់ ឬផ្សែងបារី និងលុបបំបាត់អោយបាននូវគ្រឿងញៀន ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមហាជនទូទៅអោយបានដឹងពីផលប៉ះពាល់ ដល់សុខភាព នៃការប្រើប្រាស់បារីនេះ ។

លោកបន្ដថា៖ ប្រទេសកម្ពុជា គឺបានចូលជាសមាជិកសន្ធិសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ ឧស្សាហកម្មថ្នាំជក់ ផងដែរ និងបន្តជំរុញនៃយុទ្ធនាការនេះអោយមានប្រសិទ្ធភាពខ្ពស់ ដោយសារតែយើងគិតគូពីសុខភាពរួមរបស់ប្រជាពលរដ្ឋ។

ក្រៅពីកិច្ច ពិភាក្សាការងារពីផលប៉ះពាល់ នៃថ្នាំជក់នេះ លោក ឃួង ស្រេង ក៏បានអរគុណ តាមរយៈលោកស្រីទៅ ដល់ប្រធានាធិបតីហ្វីលីពីន ដែលបានធ្វើការគាំទ្រចំពោះលទ្ធផលបោះឆ្នោត សកលនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។

លោកស្រី ស៊ូសាន មើកាដូ (Susan Mercado) អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន ហើយក៏ជាបេក្ខភាពប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖ រាជធានីភ្នំពេញ ពិតជាបានទទួលជោគ ជ័យ ចំពោះការគ្រប់គ្រងថ្នាំជក់ ដោយសារមានថ្នាក់ដឹកនាំល្អ ដែលទីក្រុងភ្នំពេញមួយនេះ មានឈ្មោះល្បីក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ ដែលបច្ចុប្បន្នជាទីក្រុងភ្នំពេញមានការរីកចំរើនខ្លាំងនៃទីផ្សារពាណិជ្ជកម្ម ។

លោកស្រី ស៊ូសាន មើកាដូ បានបញ្ជាក់ថា៖ វិធានការដែលមានប្រសិទ្ធភាពបំផុត នៃការលុបបំបាត់ថ្នាំជក់ គឺត្រូវតម្លើងពន្ធថ្នាំជក់អោយកាន់តែខ្ពស់ ពេលនោះអ្នកជក់បារី គឺគេនឹងមិនបន្តជក់ដោយសារបារីមានតម្លៃខ្ពស់ ។ ការតម្លើងពន្ធពីផលិតផលថ្នាំជក់នេះ រដ្ឋក៏នឹងបានចំណូលច្រើនផងដែរ។

លោកស្រីបញ្ជាក់ថា ៖ កាលណាទីក្រុងគ្មានផ្សែងបារី ទីក្រុងនោះនឹងមានការរីកចំរើនលឿនខាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយសារថា ទីក្រុងមានបរិស្ថានល្អមិនមានផ្សែងបារី។ ថ្នាំជក់ គឺបុព្វហេតុដ៏ចម្បងមួយនៃមរណភាព នៅលើពិភពលោក ពោលគឺក្នុងចំណោមមនុស្សពេញវ័យ១០នាក់ មានម្នាក់ស្លាប់ព្រោះឥទ្ធិពលបារី ។ ក្នុងមួយឆ្នាំៗ ជំងឺបង្កមកពី បារីនិងផ្សែងបារីសម្លាប់មនុស្សជិត៦លាននាក់ នៅលើពិភពលោក ក្នុងនោះជាងកន្លះលាននាក់ជាមនុស្សស្រូបផ្សែងបារីពីគេ។ ម្យ៉ាងវិញទៀតចំនួនជនរងគ្រោះនឹងអាចកើនឡើងដល់៨លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០ ក្នុងនោះជនរង គ្រោះជាង៨០%ជាប្រជាជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលតិច និងមធ្យម ៕ សំរិត


ចែករំលែក៖