ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ប៊ុន ហេង ៖ ទីលានកីឡាសូហ្វតឺន្នីសកម្ពុជា ចំណាយលុយសាងសង់អស់ជិត៥០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញៈ ទីលានកីឡាសូហ្វតឺន្នីសកម្ពុជាកសាងរួចរាល់ជាង៦០ភាគរយហើយ ក្នុងចំណោមទីលានចំនួន៤ ដោយសហព័ន្ធចំណាយថវិកាអស់ខ្ទង់ជិត៥០ម៉ឺនដុល្លារ បូករួមទាំងសម្ភារបំពាក់ក្នុងទីលានលំដាប់ស្តង់ដាអន្តរជាតិ ។ នេះបើតាមការបញ្ជាក់ របស់លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

លោក ជា ប៊ុនហេង បានបញ្ជាក់ថា តាមពិតកម្រោងដំបូង មានខ្ទង់ចំណាយត្រឹមតែជាង៣០ម៉ឺនដុល្លារ ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បានប្តូរនូស័ង្កសីប្រក់ដំបូល ពីស័ង្កសីធម្មតា មកស័ង្កសីមានស្នោគ្របការពារកម្តៅ ថ្ងៃ ដោយមានតម្លៃគុណទ្វេដង។ ជាងនេះទៅទៀត របងដែលព័ទ្ធជុំវិញទីលាននោះ ក៏បានប្តូរពីដែកមកជាដែកអលុយមីញូមជំនួសវិញ គឺវាមានសោភណ្ឌភាពស្អាត់ និងធន់កម្តៅថ្ងៃ ទឹកភ្លៀងជាដើម។

លោកអគ្គលេខាធិការ កីឡាសូហ្វតឺន្នីសកម្ពុជា បានបញ្ជាក់ថា ក្រៅពីធ្វើដំបូលគ្រប់ពីលើទីលានសូហ្វតឺន្នីសហើយ សមាគមកីឡាក្រសួងមហាផ្ទៃក៏បានអគារ១ មានកម្ពស់ប្លង់សេចំនួន២ជាន់ ក្នុងនោះ ជាន់ផ្ទាល់ដី ធ្វើជាស្នាក់ការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ជាន់ទី១ សម្រាប់ការិយាល័យរដ្ឋបាល និងជាន់ទី២សម្រាប់សមាគមកីឡាយុទ្ធសិល្ប៍ក្រសួងមហាផ្ទៃ ដែលមានសមាជិកប្រមាណ១៥ប្រភេទកីឡារួមបញ្ចូលគ្នា មកហ្វឹកហាត់នៅលើអគារនេះ។

ទន្ទឹមនឹងសមិទ្ធផល ទីលានថ្មីខ្នាត់អន្តរជាតិខាងលើនេះ លោក យី សារិត គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាសូហ្វតឺន្នីសកម្ពុជា បានអះអាងថា ខ្ញុំសង្ឃឹមនិងជឿជាក់ថា នៅថ្ងៃអនាគត កីឡាករ កីឡាការិនីសូហ្វតឺន្នីសរបស់កម្ពុជា នឹងកើនកម្រិតលីវែល(Level) តាមរយៈការបន្ថែមម៉ោងហ្វឹកហាត់ និងការធ្វើម្ចាស់ផ្ទះក្នុងការប្រកួតផ្សេងៗដើម្បីដកស្រង់បច្ចេកទេស។

ជាមួយគ្នានោះដែរ កីឡាករជម្រើសជាតិ អន សម្បត្តិ បានសម្តែងទឹកចិត្តរំភើប ចំពោះសមិទ្ធផលដែលថ្នាក់ ដឹកនាំកីឡាសូហ្វឹតឺន្នីសកម្ពុជា ក៏ដូចជា ថ្នាកើដឹកនាំរបស់សមាគមកីឡាក្រសួងមហាផ្ទៃ បានខិតខំកសាងទីលានដ៏ស្រស់ស្អាត់សម្រាប់ឲ្យកីឡាករ កីឡាការិនីហ្វឹកហាត់ ។ កីឡាករឆ្នើមរបស់សូហ្វតឺន្នីសរូបនេះ បានបញ្ជាក់ ខ្ញុំសង្ឃឹមថា ក្រោយពីមានទីលានថ្មីលំដាប់ស្តង់ដា អន្តរជាតិ ហើយ ការហ្វឹកហាត់ របស់ពួកខ្ញុំកាន់តែមានភាពរីកចម្រើនឈានមុខ តាមរយៈការផ្តល់គ្រូពីបណ្តាសហព័ន្ធកីឡាសូហ្វតឺន្នីសកូរ៉េផងនោះ៕ សារីម

ses (2) ses ses (1)


ចែករំលែក៖