ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ប្រកាសកាត់ជំនួយឯប៉ាឡេស្ទីនប្រកាសមិនត្រូវការឡើយ

ចែករំលែក៖

បច្ចុប្បន្ន ប្រទេសជាច្រើននៅជុំវិញ ពិភពលោក បានប្រកាសមិនត្រូវការ ជំនួយពីអាមេរិកនោះឡើយ ដោយសារតែជំនួយរបស់អាមេរិកគឺតែងតែតភ្ញាប់នឹង គំនាប លក្ខខណ្ឌផ្សេងៗជាច្រើន ហើយ ចំណុចពិសេសគឺត្រូវស្តាប់តាមអាមេរិក។

មេដឹកនាំប៉ាឡេស្ទីនកាលពីថ្ងៃទី៣ ខែ មករាបានប្រកាសថា ប៉ាឡេស្ទីនមិនត្រូវ ការប្រាក់ជំនួយ ពីអាមេរិកនោះឡើយ។ ជារៀងរាល់ឆ្នាំអាមេរិក បានផ្តល់ជំនួយជាទឹកប្រាក់៣០០លានដុល្លារដល់ប៉ាឡេ ស្ទីន។

អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeina បាននិយាយ ទៅកាន់សារព័ត៌មាន AFP ថា«ហ្ស៊េរុយ សាឡឹម ជារដ្ឋធានីប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន មិនអាចប្រកែកបាន ហើយក៏មិនមែនជាវត្ថុដើម្បីលក់ដូរនោះឡើយ»។ លោកបន្តទៀតថា ហ្ស៊េរុយសាឡឹមមិន សម្រាប់លក់ឡើយ បើទោះចំណាយប្រាក់ច្រើនប៉ុនណាក្តី។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនមួយរូបឈ្មោះ Hanan Ashrawi បានបញ្ជាក់ថា «ប្រធានាធិបតីអាមេរិកកំពុងតែបំផ្លាញដំណើរស្វែងរកសន្តិភាព សេរីភាព និងតម្លាភាព នៅ ក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោក ត្រាំ បាន ទម្លាក់កំហុសដល់ជនជាតិប៉ាឡេស្ទីន ពី លទ្ធផលដែលមានសកម្មភាពការពារផលប្រយោជន៍របស់ខ្លួន។

កន្លងមកប្រធានាធិបតី ត្រាំ បានសរ សេរនៅលើបណ្តាញសង្គម Twitter របស់ លោកថា «យើងបានផ្តល់ជំនួយរាប់រយលានដុល្លារក្នុង១ឆ្នាំៗដល់ប៉ាឡេស្ទីន តែ មិនទទួលបានអ្វីមកវិញឡើយ សូម្បីតែការ គោរព។ ប្រសិនបើពលរដ្ឋប៉ាឡេស្ទីនមិនត្រូវការនិយាយពីសន្តិភាព ហេតុអ្វីយើង ចាំបាច់ផ្តល់ជំនួយបន្ថែមទៅលើប្រទេសនេះ»។

អាមេរិកបានផ្តល់ជំនួយដល់ប៉ាឡេ ស្ទីនជាយូរណាស់មកហើយ និងជំនួយលើ ផ្នែកសន្តិសុខ ព្រមទាំងចំណាយប្រាក់ ៣០៤លានដុល្លារ សម្រាប់សកម្មភាពរបស់ អង្គការសហប្រជាជាតិ នៅតំបន់កាហ្សា ទៀតផង។

កន្លងមក លោក ត្រាំ ក៏បានប្រកាសថា នឹងផ្តាច់ជំនួយដល់ប្រទេសប៉ាគីស្ថានផងដែរ ដោយចោទប្រកាន់ប្រទេសនេះគាំទ្រក្រុមភេរវកម្ម។ ចំពោះការចោទប្រកាន់នោះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសច្រានចោល ការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាប្រទេសប៉ាគីស្ថានជាកន្លែងការពារក្រុមភេរវកម្ម។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានបញ្ជាក់ដែរថា អាមេរិកបានប្រើប្រាស់ទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនង និងចារកិច្ចនៅក្នុងប្រទេសប៉ាគីស្ថានរយៈពេល១៦ឆ្នាំដោយមិនយកប្រាក់ឡើយ។ ប៉ុន្តែអ្វីដែលប៉ាគីស្ថានទទួលបានមកវិញគឺជាការរិះគន់ និងមន្ទិលសង្ស័យទៅវិញ។

ក្នុងពេលជាមួយគ្នានេះ គណៈកម្មការសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ បានផ្តល់ប្រកាសថា សេតវិ មានបានផ្អាកផ្តល់ជំនួយជាទឹកប្រាក់ ២៥៥លានដុល្លារ ដល់ប៉ាគីស្ថាននាពេល នេះ ដោយអាមេរិកចាំមើលកម្រិតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះមាន ដល់កម្រិតណា។

នៅដើមឆ្នាំ២០១៨នេះ ប្រធានាធិបតី ត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា«អាមេរិកបានជំនួយដល់ប៉ាគីស្ថានគិតជាទឹកប្រាក់មានរហូតដល់ទៅ៣៣ពាន់លានដុល្លារក្នុងរយៈពេល១៥ឆ្នាំ កន្លងមក ប៉ុន្តែអ្វីដែលអាមេរិកទទួលនោះ គឺជាការកុហកបោកប្រាស់តែប៉ុណ្ណោះ។ ពួកគេចាត់ទុកមេដឹកនាំអាមេរិកជាមនុស្សល្ងង់។ ប៉ាគីស្ថានបានផ្តល់កន្លែងលាក់ខ្លួនប្រកបដោយសុវត្ថិភាពដល់ក្រុមភេរវកម្មដែលអាមេរិកស្វែងរកនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន៕ ម៉ែវ សាធី


ចែករំលែក៖