ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន សហព័ន្ធតែងតាំងឲ្យរូបលោកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបណ្ដោះអាសន្ន ដើម្បីដឹកនាំហ្វឹកហាត់ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិចំនួន២កម្មវិធី នាចុងឆ្នាំ ២០១៧ នេះ។

លោក ប្រាក់ សុវណ្ណារ៉ា បានចូលខ្លួនដឹកនាំក្រុមជម្រើសជាតិបណ្ដោះអាសន្ន គឺជំនួសតំណែងលោក Leonardo Vitorino ជាអតីតគ្រូបង្វឹក ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបណ្តេញចេញកាលពីសប្ដាហ៍កន្លងទៅ។

តាមព័ត៌មានខាងលើបានឲ្យដឹងថា ការណ៍ដែលសហព័ន្ធតែងតាំង លោក បា្រក់ សុវណ្ណារ៉ា ធ្វើជាគ្រូបង្គោល របស់សហព័ន្ធបណ្តោះអាសន្ន ព្រោះតែនៅចុងឆ្នាំ ២០១៧ នេះ ក្រុមជម្រើសជាតិកម្ពុជានៅសល់ការប្រកួតចំនួន ២ លើកទៀត គឺប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើទីលានពហុកីឡដ្ឋានជាតិ និងត្រូវបន្តទទួលធ្វើម្ចាស់ផ្ទះក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី 2019 AFC Asian Cup UAE ត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិហ្ស៊កដានី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងវគ្គជម្រុះពូល C ។

លោក ប្រាក់ សុវណ្ណារ៉ា បានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាចំនួន៣លើកហើយគិតមកដល់ឆ្នាំនេះ គឺលើកដំបូងលោកដឹកនាំនៅខែសីហា ឆ្នាំ២០០៨ ដល់ ខែឧសភា ឆ្នាំ២០០៩, លើកទី២ ដឹកនាំពីខែធ្នូ ឆ្នាំ២០១២ ដល់ ខែកញ្ញា ឆ្នាំ២០១៣។

បច្ចុប្បន្ន លោក ប្រាក់ សុវណ្ណារ៉ាមានវ័យ៤៤ឆ្នាំហើយ ធ្លាប់ដឹកនាំក្លិបអាជីពនៅកម្ពុជា ដូចជាក្លិបព្រះខ័នរាជ្យស្វាយរៀង នៅឆ្នាំ២០០៩, ដឹកនាំក្លិបណាហ្គាវើល ២០១៣-២០១៤, ដឹកនាំក្លិបគិរីវង់សុខសែនជ័យ នៅចុងឆ្នាំ២០១៤ និងដឹកនាំក្លិបបឹងកេតអេហ្វស៊ី ពីឆ្នាំ២០១៥ ដល់ ២០១៧។

លោក ប្រាក់ សុវណ្ណារ៉ា បានតាំងចិត្តថានឹងដឹកនាំក្រុមឱ្យបានល្អ ហើយលោកបានអរគុណថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលផ្ដល់ឱកាសឱ្យរូបលោក ។ លោកសន្យាថានិងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីបាល់ទាត់របស់កម្ពុជាសម្រាប់ ពីរប្រកួតនេះ គឺពិតជាការប្រកួតដ៏ខ្លាំង ៕ សារីម


ចែករំលែក៖