ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ហៅទណ្ឌិត សម រង្ស៊ី ជាមនុស្សក្រឡិចក្រឡុច

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិជាមនុស្សក្រឡិចក្រឡុចដែលមិនអាចយកជាគ្នាបាននោះទេ ។

ការលើកឡើងរបស់អ្នកនំាពាក្យគណ បក្សប្រជាជនកម្ពុជាបែបនេះបន្ទាប់ពីលោក សម រង្ស៊ី បានចេញលិខិតជាបន្តបន្ទាប់ ក្នុងការធ្វើអន្តរាគមន៍ទៅកាន់ព្រះមហា ក្សត្រទោះបីជាខ្លួនបានប្រកាសលាឈប់ពីប្រធានគណបក្សក៏ដោយ ។

លោក សុខ ឥសាន បានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ថា សកម្មភាពក្រឡិចក្រឡុចរបស់ទណ្ឌិត សម រង្សី គឺទណ្ឌិតរូបនេះបានចេញលិខិត ផ្ទាល់ខ្លួនលាលែងពីប្រធានគណបក្ស និងពីសមាជិកគណបក្សរួចហើយដោយសំអាងមូលហេតុផ្ទាល់ខ្លួន។ ដូច្នេះចាប់តាំងពី ពេលលាលែងមកទណ្ឌិត សម រង្សុី មិន មានទាក់ទងស្អីទៀតទេជាមួយអតីតបក្ស ប្រឆាំង។ តែហេតុអីទណ្ឌិត សម រង្សុី នៅតែដើរតួជាប្រធានបក្សដដែលចេះចាត់ចែងកិច្ចការផ្សេងៗជំនួសឲ្យអតីតបក្សប្រឆាំង ទៅវិញ ។

លោកបានបន្តថា នេះមិនជានយោបាយបោកប្រាស់របស់ជនក្បត់ជាតិនេះទេឬ? ម៉្យាងទៀត សម រង្សុី និយាយថា គោរពព្រះ មហាក្សត្រតែទណ្ឌិត សម រង្សុី រំខានព្រះ មហាក្សត្រជាបន្តបន្ទាប់ដោយធ្វើជាមិន យល់មិនដឹងពីព្រះរាជតួនាទីរបស់ព្រះអង្គ។

លោកបញ្ជាក់ថា ឥឡូវនេះទណ្ឌិត សម រង្សុី មករំខានព្រះមហាក្សត្រជាថ្មីទៀត ដោយសុំឲ្យព្រះអង្គទ្រង់ធ្វើអន្តរាគមន៍ឲ្យ ជន១១៨រូបបានធ្វើនយោបាយវិញផ្ទុយពីសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្ថែមថា ទណ្ឌិត សម រង្សុីចង់អូសទាញព្រះមហាក្សត្រឲ្យទ្រង់រំលោភច្បាប់ និងបំពានសមត្ថកិច្ចរបស់ស្ថាប័ន តុលាការ។ ទន្ទឹមនឹងនេះតើទណ្ឌិត សម រង្សុី មានឋានៈតួនាទីអ្វីក្នុងការឈឺឆ្អាល ចំពោះអ្នកនយោបាយអតីតបក្សប្រឆាំង ទាំង១១៨រូបដែលត្រូវបានផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំនោះ?

សរុបមកលិខិតទូលថ្វាយព្រះមហា ក្សត្ររបស់ទណ្ឌិត សម រង្សុី គឺគ្មានន័យ និង គ្មានបានការ។ ព្រះមហាក្សត្រទ្រង់មិនឆោត ល្ងង់តាមឧបាយកលទុច្ចរិតរបស់ទណ្ឌិតនេះជាដាច់ខាត ៕ ហេង សូរិយា


ចែករំលែក៖