ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ាន បូរ៉ាត ៖ ត្បិតក្រុមកីឡាសិស្សកម្ពុជា មិនទទួលបានមេដាយ តែបានគុណផលប្រសើរ

ចែករំលែក៖

សិង្ហបុរី៖ ក្រសួងអប់រំយុវជននិងកីឡា បានញ្ជូនអត្តពលិក ដែលជាសិស្ស និស្សិត តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចេញទៅចូករួមប្រកួត Asians School Games លើកទី៩ នៅប្រទេសសិង្ហបុរី និងជាលើកទី២ សម្រាប់យុវសិស្សកម្ពុជា។ ប៉ុន្តែបេសកម្មនេះ មិនទាន់ទទួលបានផ្លែផ្កាជាដុំកំភួននូវឡើយ ផ្ទុយទៅវិញថ្នាក់ដឹកនាំ ក្រសួងអប់រំ និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា បានចាតទុកការចូលរួមរបស់ពួកគេគឺជាឱកាស ផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីវប្បធម៌ និងបង្កើនសមត្ថភាពបច្ចេកទេសចំណេះដឹងថ្មីៗទៅវិញ ។

ថ្លែងលើទឹកចិត្តដល់ កីឡាកររកីឡាការិនី សិស្សនិស្សិត មធ្យមសិក្សាកម្ពុជា នៅឯសាកលវិទ្យាល័យថោន ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧កន្លងទៅ ក្នុងឱកាសសំណេះសំណាល ជាមួយប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានលើកឡើងថា ទោះបីយើងមិនបានទទួលលទ្ធផលល្អក្នុងការប្រកួតកីឡាសិស្សអាស៊ានក៏ពិតមែន ប៉ុន្តែ វាពិតជាមានសារសំខាន់បំផុត ព្រោះកីឡាករ កីឡាការិនី បានប្រកួតផ្លាស់ប្តូរបទ ពិសោធន៍ ស្វែងយល់វប្បធម៌ បង្កើនសម្ថភាពបច្ចេកទេស ទទួលបានចំណេះដឹងថ្មីៗ រវាងសិស្សកម្ពុជា និងសិស្សបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោករដ្ឋលេខាធិការ និងជាប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា ការចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី៩ឆ្នាំនេះ ក្រុមកីឡាសិស្សកម្ពុជាយើងទទួលបានគុណផលល្អប្រសើរ ជាងការប្រកួតលើកដំបូង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ៕ សារីម


ចែករំលែក៖