ព័ត៌មានទាន់ហេតុការណ៍៖

លោក អាំង សិរីពិសិដ្ឋ៖ មានមហិច្ឆតាលើកពានរង្វាន់ Soccer League2017

ចែករំលែក៖

ភ្នំពេញ៖ លោកអាំង សិរីពិសិដ្ឋ ប្រធានក្លិប ស.ស.យ.ក យុវជនកំចាយមា បានអះអាងថា មកដល់ពេលនេះ ក្រុម យុវជនកំចាយមា របស់លោក ក៏មានមហិច្ឆតា លើកពានរង្វាន់ Soccer League2017 ក៏មានគំនិត ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែរ ប៉ុន្តែយើងចាំមើលនៅពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម ខណ្ឌពោធិសែនជ័យសិន ។

ប្រធានក្លិប កំចាយមា និយាយបែបនេះ ក្រោយលេងឈ្នះក្រុម ក្រុមឆន្ទៈកីឡាក្នុងលទ្ធផល១-០កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។

លោក អាំង សិរីពិសិដ្ឋបាន និយាយថា ចំពោះការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ លេងបានល្អ បូករួមនឹងសំណាង ដែលកូនក្រុមរបស់លោកមានឱកាសទាត់បាល់ពិន័យបាន១១ម៉ែត្រ សម្រេច១គ្រាប់ដោយកីឡាលេខ៩ របស់យើង ។

អ្វីទាំងនេះ មិនជាសំណាងទាំងអស់ទេ ប៉ុន្តែក៏ជាឱកាស តិចនិចរបស់កីឡា ដែលគាត់មានបច្ចេកទេសលេងល្អគូបផ្សំនឹងសំណាងដែរ ដូច្នេះការត្រៀមសម្រាប់ថ្ងៃផ្តាច់ព្រ័ត្រ ក្រុមយុវជនកំចាយមា នឹងធ្វើឲ្យបានល្អ ខណៈក្រុមខណ្ឌ ពោធិសែនជ័យក៏ល្អដែរ ព្រោះអាចយកឈ្នះក្រុមអតីតជើងឯកឆ្នាំចាស់បានក្នុងលទ្ធផល២-១ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

ប្រធានក្លិបស.ស.យ.កយុវជនកំចាយមា រូបនេះបានបញ្ជាក់ថា ក្រុមកំចាយមា ក៏មានបំណងដូចក្រុម ខណ្ឌពោធិសែនជ័យដែរ ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែយ៉ាងណានោះរង់ចាំអ៊ុតលទ្ធផលថ្ងៃប្រកួតផ្តាច់ព្រ័ត្រសិន ចាំនិយាយបន្តទៀត ។

គួររំលឹកថា លោក ហែម ដារិទ្ធ ប្រធានក្លិប ខណ្ឌពោធិសែនជ័យ ធ្លាប់បានបញ្ជាក់ថា “ប្រសិនបើក្រុមខណ្ឌពោធិសែនជ័យ ក្រុមរបស់លោកអាចលើកពានរង្វាន់ Soccer League 2017មែននោះ លោកយកតែពានប៉ុណ្ណោះ រីឯប្រាក់រង្វាន់ទាំងអស់នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា” ។

ដោយឡែក លោក សំ រម្ម័ន ប្រធានក្លិប យុវជនឆន្ទៈកីឡា សំដែងការសោកស្តាយចំពោះលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកូនក្រុមរបស់លោកធ្វើមិនបានល្អ ដោយមានឱកាស ទាត់បាល់ហ្វ្រីកឃីត ប៉ុន្តែធ្វើមិនបានល្អ គឺជារឿងសោកស្តាយមួយ សម្រាប់ក្រុម ឆន្ទៈកីឡា។

គួររំលឹកថា ក្រុមខណ្ឌពោធិសែនជ័យ នឹងត្រូវជួបប្រកួតជាមួយក្រុម ស.ស.យ.ក.កំចាយមា នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកចំណាត់ថ្នាក់លេខ១-លេខ២ ខណៈដែលក្រុមអាណាចក្របៃតង់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣និងលេខ៤ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕ សារីម

លោកអាំង សិរីពិសិដ្ឋ ប្រធានក្លិប ស.ស.យ.ក យុវជនកំចាយមា

លោកអាំង សិរីពិសិដ្ឋ ប្រធានក្លិប ស.ស.យ.ក យុវជនកំចាយមា

លោក សំ រម្ម័ន ប្រធានក្លិប យុវជនឆន្ទៈកីឡា

លោក សំ រម្ម័ន ប្រធានក្លិប យុវជនឆន្ទៈកីឡា


ចែករំលែក៖