ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរចនាបទឥស្លាមទំនើបទទួលបានចំណាត់ថ្នាក់ស្អាតជាងគេប្រចាំ អាស៊ីឆ្នាំ២០១៧ នៅម៉ាឡេស៊ី

ចែករំលែក៖

ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ៦ រូប ទៅ ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរចនាបទឥស្លាមបែបទំនើប នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៨ កក្កដា ២០១៧ ក្រោមអធិបតីភាព លោក Dato’ Sri Mohd Najib Tun Razak នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និង លោក ស្រី ។

សូមបញ្ជាក់ថា៖ អគាររដ្ឋបាលរចនាបទឥស្លាមបែបទំនើប ដែលទទួលបានចំណាត់ថ្នាក់ល្អស្អាតជាងគេប្រចាំនៅ អាស៊ី ឆ្នាំ ២០១៧ នេះ បានសាងសង់ឡើងក្នុងខែតុលា ២០១១ លើផ្ទៃដី ២ ហិតា ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្តប្រកប ដោយសុខដុមរមនីយកម្ម សន្តិភាព ស្ថិរភាព គ្របដោយធម្មជាតិបៃតងខៀវខ្ចី រួមនឹងបរិយាកាសល្អ មានទន្លេជាប់នៅខាងក្រោយជាមួយនឹងបច្ចេកវិជ្ជាទំនើប ដើម្បីប្រមូលផ្តុំ ១៥ ស្ថាប័ន និង មូលនិធិនានានៅក្នុង ដំបូលអគារតែមួយ ដើម្បីងាយស្រួល ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរួមគ្នា បែងចែកជា ៤ អគារ ដើម្បីប្រែក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយ ចំនុះឲ្យទីស្តីការគណៈ រដ្ឋមន្ដ្រី នៃប្រទេសម៉ាឡេស៊ី ផងដែរ ។ អគារនេះគ្រប់គង ដោយ

លោក Dato’ Sri Jamil Khir Haji Baharom រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ទទួលបន្ទុកកិច្ចការសាសនា សម្រាប់បម្រើផលប្រយោជន៍ជាតិ និងសាសនា ។ ក្នុងពិធី សម្ពោធ និង ពិធីពិសារ អាហារសាមគ្គីរួមតុជាមួយគ្នា លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានសម្ដែងនូវ ក្ដីសប្បាយរីករាយ និង ថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមជាកិត្តិយសពីគណៈប្រតិភូកម្ពុជា ដែលនេះក៏បាន បង្ហាញពីការគាំទ្រគោរពស្រលាញ់រាប់អាន ជាមួយគ្នាដ៏យូអង្វែងនេះផងដែរ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និង កិច្ចការសង្គម កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព គ្មានការរើសអើង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ហើយបានថ្លែងអំណរអរគុណ ចំពោះលោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី រួមនឹងស្ថាប័ន និង មូលនិធិ នានាដែលតែងតែផ្តល់ និង បន្តសហប្រតិបត្តិការលើកាងារមនុស្សធម៌ជាច្រើនដូចជាការចូលរួមជួយសាងសង់វិហារឥស្លាម ,សូរ៉ាវ សាលារៀន, ផ្តល់អាហារូបករណ៍ ដល់សិស្សនិសិ្សត កម្ពុជា ដូចជា ផ្ដល់នូវ កម្មវិធីវគ្គបណ្តុះ បណ្តាលនានា, ផ្តល់ប្រាក់ឧបត្ថម្ភកុមារកំព្រា ,ចាស់ជរា គ្មានទីពឹង និងជំនួយសង្គ្រោះបន្ទាន់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ និង គ្រោះធម្មជាតិជាដើម ។

ជាមួយគ្នានេះដែរ លោកអូស្មាន ហាស្សាន់ ក៏បានស្នើសុំឲ្យខាងជំនាញហាឡាលម៉ាឡេស៊ី ជួយពន្លឿន ការរៀបចំឯកសារ និង លិខិតបទដ្ឋាន គតិយុទ្ធ នានា និងកិច្ចការពាក់ព័ន្ធផ្សេងៗសម្រាប់ដំណើរការហាឡាល នៅកម្ពុជា ឲ្យឆាប់ ៕ សំរិត


ចែករំលែក៖