ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មដឹកនាំជំនាញត្រួតពិនិត្យជញ្ជីងអាជីវករនិងយកជញ្ជីងយុត្តិធម៌មកដាក់ផ្សារព្រំថ្មី

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋ ទាំងអាជីវករអ្នកលក់ និងអ្នកទិញ មានសេចក្តីត្រេកអរ សប្បាយរីករាយ និងអបអរសាទរ ចំពោះមន្ត្រីជំនាញ ដែលដឹកនាំដោយ លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត សហការជាមួយអជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ជញ្ជីងរបស់អាជីវករ ព្រមទាំងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារព្រំថ្មី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រឹត្តភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋ។

ប្អូនស្រី ហេង ស្រីពៅ អាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ធរស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ជញ្ជីងយុត្តិធម៌នៅផ្សារព្រំថ្មី របស់មន្ត្រីជំនាញនានេះ គឺធ្វើឲ្យរូបគាត់ ក៍ដូចជាបងប្អូនប្រជាពលរដ្ធទាំងអស់ ដែលបានមកទិញទំនិញនានា ពីផ្សារទៅ គឺមិនមានការព្រួយបារម្ភពីការថ្លឹងទំនិញ ជាពិសេសគឺមានទំនុកចិត្តថា ទំនិញដែលពួកគាត់ទិញទៅគឺគ្រប់គីឡូ គ្មានការកេញប្រវញ្ចផ្នែកជញ្ជីងពីអាជីវករ។ ចំណែកក្រុមអាជីវករលក់សាច់មាន់ និងលក់ត្រី នៅក្នុងផ្សារព្រំថ្មី ក៍បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដែលបានចុះមកត្រួតពិនិត្យមើលជញ្ជីងរបស់អាជីវករពួកគាត់ និងបានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារនេះ ដែលធ្វើឲ្យមានទំនុកចិត្តទាំងអាជីវករ និងអ្នកទិញ។

លោក សៅ សាបុណ្យ តំណាងឲ្យម្ចាស់ផ្សារព្រំថ្មី បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំដាក់ជញ្ជីងយុត្តិធម៌សំរាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកទិញ និងអាជីវករលក់នៅក្នុងផ្សារ ទទួលបានភាពយុត្តិធម៌ និងស្មើភាពគ្នា ហើយលោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែមកទិញទំនិញនានា នៅក្នុងផ្សារព្រំថ្មី សូមកុំមានការព្រួយបារម្ភណ៍ការកេញប្រវញ្ចផ្នែកជញ្ជីងទៀត ព្រោះពេលនេះ មន្ត្រីជំនាញ បានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារហើយ។

លោក ដួង អ៊ីម ប្រធានការិយាល័យមាត្រាសាស្រ្តនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានមានប្រសាសន៍ឲ្យដឹងថា៖ ការយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារព្រំថ្មី នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកទិញ និងបងប្អូនអាជីវករជាអ្នកលក់ ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រឹត្តភាព តម្លាភាព ជាពិសេស គឺផ្តល់ជំនឿចិត្តគ្នា ជាសវាងការកេងប្រវញ្ច ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា៖ ផែនការបន្តរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត គឺនៅឆ្នាំ២០១៨ នឹងបញ្ចប់ការដាក់ជញ្ជីងយុត្តិធម៌នៅតាមផ្សារទូទាំងខេត្តប៉ៃលិន ហើយក្នុងនោះមន្ត្រីជំនាញនឹងបន្ត ចុះពិនិត្យរង្វាស់រង្វាល់តាមការ៉ាស់សាំង និងជញ្ជីងថ្លឹងកសិផល តាមសៃឡូទទួលទិញកសិផលពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា៖ នៅខេត្តប៉ៃលិន គឺមានផ្សារធំៗ ចំនួន ៤ គឺទី១-ផ្សារសាលាក្រៅ ទី២-ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទី៣-ផ្សារព្រំថ្មី ដែលមន្ត្រីជំនាញបានដាក់ជញ្ជីងយុត្តិធម៌រួចរាល់ និងទី៤-ផ្សារប៉ាងរលឹម ដែលមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត មានគម្រោងដាក់ជញ្ជីងនេះ ជាបន្តបន្ទាប់ទៀតនៅនៅឆ្នាំក្រោយ៕ ស សារ៉េត


ចែករំលែក៖