ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯក ឃុនដឿន កោះហៅម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ទាំងអស់ក្នុងខណ្ឌទួលគោក មក​ណែនាំអំពីបញ្ហាគ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១៧ នៅសាលាខណ្ឌទួលគោក បានបើកវេទកាជួបជាមួយវិស័យឯកជន អាជ្ញាធរខណ្ឌទួលគោក រួមសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌទួលគោកទាំងអស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យ​អស់ពីមូលដ្ឋានខណ្ឌតែម្តង ។

ក្នុងកិច្ចប្រជុំនោះដែរ ក្រោមអធិតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយឯក ឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការិយាល័យប៉ូលិសប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងមានការចូលរួមពីម្ចាស់ផ្ទះសំណាក់ និងអូតែល នៅខណ្ឌទួលគោកជាច្រើននាក់ផងដែរ ។

ក្នុងកម្មវិធីនេះ ក៏មានការបកស្រាយចម្ងល់មួយចំនួនពីសំណាក់ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ អូតែលផងដែរ ដើម្បីរិះរកគន្លឹះរួមគ្នាលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឲ្យ​មានប្រសិទ្ធភាព។

មន្ត្រីប៉ូលិសដែលធ្លាប់អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា កន្លងមកនេះមាន អ្នកមើលការខុសត្រូវម្ចាស់ផ្ទះសំណាក់ និងអូតែលមួយចំនួនតូច បានបើកដៃឲ្យ​មានការប្រើប្រាស់នៅទីតាំងរបស់ខ្លួន ទើបការលុបបំបាត់បញ្ហាគ្រឿងញៀននេះមានការលំបាក។

ប៉ុន្តែទោះជាយ៉ាងណាក្តីម្ចាស់ផ្ទះសំណាក់បានលើកឡើងក្នុងវេទិកានោះថា ពួកគាត់ចង់សហការលើការលុបបំបាត់គ្រឿងញៀននេះណាស់ តែពួកគាត់មានការព្រួយបារម្ភពីបញ្ហាប្រឈម ដែលឈានទៅដល់បិទអាជីវកម្មពួកគាត់ បើឃើញថាមានបទល្មើសនៅក្នុងទីតាំងអាជីវកម្មរបស់ពួកគាត់នោះ។

ជុំវិញការលើកឡើងពីកង្វល់នេះ ត្រូវបាន លោកឯក ឃុនដឿន និងលោកឧត្តមសេនីយឯក ឡាយ គឹមលី បញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនដែលបិទអាជីវកម្មចំពោះបងប្អូន ម្ចាស់អាជីវកម្មណាដែលបានចូលរួមសហការបានល្អជាកម្លាំងមានសមត្ថកិច្ចនោះទេមានតែការលើកទឹកចិត្តនិងលាក់ប្រភពនៃការផ្តល់ព័ត៌មាននោះថែមទៀត។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានលើឡើងថា ការបើកឲ្យ​មានវេទិកាជួបជាមួយវិស័យឯកជន ពិសេស ម្ចាស់ផ្ទះសំណាក់ ម្ចាស់អូតែលដើម្បីអោយបងប្អូនបានចូលរួមសហការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងយល់ពីអ្វីដែលជាបញ្ហាផ្តើមចេញពីគ្រឿងញៀននេះ ហើយបានរួមគ្នាជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់អោយបានទាន់ពេលវេលា ហើយការងារនេះអាជ្ញាធរខណ្ឌនិងចុះទៅផ្សព្វផ្សាយនៅតាមសាលា ដើម្បីជម្រុញអោយ សិស្សានុសិស្សចូលរួមសហការ ឈានទៅលប់បំបាត់គ្រឿងញៀនបន្ថែមទៀត។

លោកអភិបាលខណ្ឌបន្តថា យើងអាចជួយបងប្អូនបាន លុះត្រាតែបងប្អូនជួយផ្តល់ព័ត៌មាន ទើបយើងឈានទៅបង្ក្រាបបាន។ក្នុងនាមជាម្ចាស់ផ្ទះសំណាក់ អូតែលត្រូវមានការងឿងឆ្ងល់ចំពោះភ្ញៀវដែលចេញចូល កុំចេះតែសំងំ មិនដឹងមិនឮ ទុកឱកាសអោយភ្ញៀវធ្វើសកម្មភាពបទល្មើស នោះមានន័យថា បងប្អូនបានចូលរួមបង្កើតបទល្មើស ដែលវានឹងមានទោសទណ្ឌហើយ៕ ស តារា


ចែករំលែក៖