ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងស៊ីសងរីកដូចផ្សិតនៅស្រុកកំពង់ត្រាច ខេត្តកំពតដែលជាឆ្នាំងបាយសមត្ថកិច្ច និងជាប្រភពបទល្មើស

ចែករំលែក៖

ខេត្តកំពត ៖ ល្បែងស៊ីសងរីកដូចផ្សិត តែសមត្ថកិច្ចមិនបង្ក្រាបឡើយធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ខេត្តកំពតអំពាវនាវឲ្យស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ចាត់វិធានការបង្ក្រាបល្បែង ស៊ីសងក្នុងមូលដ្ឋានរបស់ពួកគាត់ផង ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែង ស៊ីសងជាច្រើនប្រភេទ ដូចជាបញ្ជល់មាន់ បៀអាប៉ោង និងយូគីជាដើម ត្រូវបានគេ បើកលេងយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញា ធរឃុំ នគរបាលប៉ុស្ដិ៍រដ្ឋបាល ក៏ដូចជាអធិការនគរបាលស្រុកកំពង់ត្រាច មិនបានចាត់ វិធានការទប់ស្កាត់បទល្មើសទាំងនេោះឡើយ ។ ប្រការនេះកំពុងនាំឲ្យកើតមាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ដូចជា អំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារ ព្រោះ ពលរដ្ឋខ្លះចាញ់ អស់លុយកាក់ ទ្រព្យ សម្បត្តិ ដីធ្លីផ្ទះសម្បែង ដោយសារតែល្បែងស៊ីសងនៅក្នុងស្រុកកំពង់ត្រាចនេះ។

សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅជុំវិញផ្សារកំពង់ត្រាចបានឲ្យដឹងថា មួយ រយៈពេលកន្លងមកនេះ សង្វៀនបញ្ជល់ មាន់មួយកន្លែង ត្រូវបានគេបើកលេងយ៉ាង ពេញបន្ទុក ហើយមិនទាន់ឃើញមន្ត្រីអាជ្ញា ធរ និងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធាន ការទប់ស្កាត់ទេ។

ប្រភពបានឲ្យដឹងទៀតថា ទីតាំងសង្វៀន បញ្ជល់មាន់នោះមានបង្កប់ល្បែងអាប៉ោង និងកន្ទុយលេខយ៉ាងអនាធិបតេយ្យ ហើយ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុង មូលដ្ឋាន ទំនងជាទទួលបានផលប្រយោជន៍ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ។

ប្រជាពលរដ្ឋ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលល្បែងស៊ីសង ត្រូវបានគេបង្កើតឡើង ក្នុងមូលដ្ឋានរបស់ ពួកគាត់ ព្រោះមួយរយៈកន្លងទៅនេះ អំពើចោរកម្ម បានកើតឡើងជាបន្តបន្ទាប់។

ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច បានអំពាវនាវឲ្យលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏ដូចជា លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុង មូលដ្ឋានពួកគាត់ផង ដើម្បីពង្រឹងសន្តិសុខ សង្គម ។

ប្រភពបានឲ្យដឹងទៀតថា ម្ចាស់បើក ល្បែងស៊ីសង មេកន្ទុយលេខមានទី១- ឈ្មោះ ពូ ហ៑ ហៅឪអាយោង ទី២- លោកគ្រូ ងន លី ទី៣- ម៉ែ អាញ៉ា នៅខាងជើងរោង កាហ្វេ និងទី៤-ពូប្រុស ថ្នល់បែក ដែល ទំនងមានអ្នកកាងហើយ ទើបមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានប៉ះពាល់ដល់ក្រុមអ្នកបើកល្បែងស៊ីសង ខុសច្បាប់​ទាំងនេះព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ។

ដូច្នេះមានតែលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និង លោក ចាន់ ចេស្ដា អភិបាលខេត្តកំពតប៉ុណ្ណោះ ដែលអាចបង្ក្រាបល្បែងស៊ីសងក្នុងស្រុកកំពង់ត្រាច ប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ពីបញ្ហាអសន្តិសុខ សង្គមតទៅទៀត ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖