ព័ត៌មានទាន់ហេតុការណ៍៖

វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ League Cup ក្រុមការពារតំណែងជើងឯកមានសង្ឃឹមច្រើន

ចែករំលែក៖

ក្រុមការពារតំណែងជើងឯកបិសាចក្រហមManchester United ត្រូវប៉ះក្រុមទើបឡើងជើង Bristol City ក្នុងពានរង្វាន់ Carabao Cup ឬអង់គ្លេស League Cup ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ចំណែក្រុមដែលត្រូវប៉ះគ្នាគឺក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុម Bournemouth, ក្រុមកាំភ្លើងធំ Arsenal បើកទ្វារស្វាគមន៍ក្រុមញញួរធំ West Ham និងក្រុមចចក Leicester City ប៉ះក្រុមខ្លាំង Manchester City ។ ការប្រកួតនេះយោងទៅលើការចាប់ឆ្នោតកាលពីថ្ងៃទី២៧ ខែតុលា ។

ការទម្លាក់ក្រុមចំនួន៣របស់ក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងយុទ្ធនាការ Carabao Cup ឬ League Cup នៅរដូវកាលនេះ បាននាំឲ្យក្រុម Bristol City ដែលលេងក្នុងក្របខ័ណ្ឌ Championship ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United។ Bristol City ដែលបានផ្តួលក្រុម Crystal Palace ៤-១ កាលពីថ្ងៃអង្ការ បានធ្វើអោយក្រុមមានឱកាសឈានទៅវគ្គ ៨ក្រុមចុងក្រោយជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨៩នោះ។ Bristol City បានដឹងពីគូប្រកួតរបស់ខ្លួនក្នុងការចាប់ឆ្នោតមួយ ក្នុងរយៈពេល២ម៉ោង យឺតជាងការគ្រោងទុក ដោយសារតែមានបញ្ហានៅឯទីស្នាក់របស់របស់បណ្តាញសង្គម Twitter ដែលជាកន្លែងការចាបឆ្នោតត្រូវបានរៀបចំឡើង។

សូមបញ្ជាក់ថា លីកកីឡាបាល់ទាត់អង់គ្លេសដែលហៅកាត់ថា EFL បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «EFL បានទទួលការសុំអភ័យទោសសំណាក់ Twitter នៅចក្រភពអង់គ្លេស សម្រាប់ការពន្យារពេលនេះ ដែលត្រូវបានគេជឿជាក់ បានកើតឡើងដោយសារតែកំហុសបច្ចេកទេស។ EFL បានស្នើឲ្យមានការត្រួតពិនិត្យដ៏ពេញលេញមួយទៅលើព្រឹត្តិផ្សេងៗដែលនាំឲ្យមានការពន្យារពេលដែលមិនអាចទទួលយកបាននេះ»។ ស្របពេលជាមួយគ្នានេះ ក្រុមជើងខ្លាំង Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth ខណៈពេលដែលក្រុមស្ថិតក្នុងទីក្រុងតែមួយ West Ham ដែលបានទម្លាក់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធនោះ ត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Arsenal។ ការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ៕ ដេវីត


ចែករំលែក៖