ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅហាងកាហ្វេ ក្នុងប្រទេស Burkina Faso ស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន Burkina Faso លោក Remi Dandjinou បញ្ជាក់ថាការបាញ់ប្រហារដោយកាំភ្លើង នៅហាងកាហ្វេ របស់តួគី Aziz Istanbulក្នុងរដ្ឋធានី Ouagadogou កាលពីយប់ថ្ងៃទី១៣ខែសីហា បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និង៨នាក់រងរបួស ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៤ ខែសីហា លោកRemi Dandjinou បញ្ជាក់ថាតួលេខនៃអ្នកស្លាប់នោះជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយមានអ្នករងរបួសជាច្រើនទៀត។ នៅពេលនេះដែរក្រុមសន្តិសុខកំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យ។ លោកបន្តទៀតថាមកទលពេលនេះ មិនទាន់អាចសន្និដ្ឋានថាមានក្មាន់កាំភ្លើងប៉ុន្មាននាក់ចូលរួមនៅក្នុងការបាញ់ប្រហារនោះឡើយ។

គ្រូពេត្យជួយសង្គ្រោះ បន្ទាន់ម្នាក់បានឲ្យដឹងថា ជនរងគ្រោះដែលជាជនជាតិតួគី ម្នាក់បានស្លាប់ នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរបួសធ្ងន់ពេក។

ក្រោយហេតុការបាញ់ប្រហារកើតឡើង កម្លាំងសន្តិសុខ និងទាហាន Burkina Faso ក៏បានបង្ហាញវត្តមាន នៅកន្លែងកើតហេតុ។ប៉ូលិសបានធ្វើការជម្លៀសពលរដ្ឋ នៅតំបន់បាញ់ប្រហារនិង ស្វែងរកចាប់ខ្លួនជនដៃដល់មកកាត់ទោស។ ទាហានមួយរូបបានឲ្យដឹងថា មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន នៅជាន់ទីមួយនិងទី២ ក្នុងហាងកាហ្វេធ្វើជាចំណាប់ខ្មាំង ។ អភិបាលក្រុង Ouagadougou និងរដ្ឋមន្ត្រីមួយចំនួនក៏បានវត្តមាននៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានភាពដោយផ្ទាល់។ ប្រទេស Burkina faso មិនខុសពីប្រទេស អាហ្រិកខាងលិច ផ្សេងទៀតឡើយ គឺស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។

ខ្មាន់កាំភ្លើងដែលមានទំនាក់ទំនងជាមួយក្រុម ភេរវកម្មអាលកៃដា នៅតំបន់ Maghreb ធ្លាប់បានចេញមុខទទួលស្គល់ ការបាញ់ប្រហារកាលពីខែមរាឆ្នាំ២០១៦នៅតំបន់ខាងលើដូចគ្នាសម្លាប់មនុស្ស ជិត៣០នាក់ស្ថិតនៅក្នុងការសង្ស័យរបស់កម្លាំងសន្តិសុខ៕ ម៉ែវសាធី


ចែករំលែក៖