ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់ម៉ូតូ២នាក់ប្ដីប្រពន្ធទាំងយប់ផ្អើលអ្នកភូមិនៅ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ខណៈមានជនសង្ស័យ៣នាក់មិនស្គាល់មុខបានជិះម៉ូតូមួយគ្រឿងមកឈប់ពីមុខវាយជនរងគ្រោះ២នាក់ប្ដីប្រពន្ធបណ្ដាលឲ្យរងរបួសហើយប្លន់យកម៉ូតូជិះគេចចេញដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ចូលវត្តបាក្រុងស្ថិតភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំបានបង្ហើបឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវជនសង្ស័យវាយប្លន់យកម៉ូតូមានឈ្មោះ ប៉ុល ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ កែវ យ៉ុម អាយុ៣៥ឆ្នាំដោយមានទីលំនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ។

ចំណែកម៉ូតូ ដែលបាត់បង់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G0308 លេខតួ និងលេខម៉ាសីុន 9211491 ។

តាមជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួន និងប្រពន្ធបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ធ្វើដំណើរពីត្បូងមកជើង លុះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានជនសង្ស័យចំនួន3នាក់ មិនស្គាល់អត្តសញ្ញណ ដោយជិះម៉ូតូ01គ្រឿង ម៉ាកC125 ស៊េ​រី2012 ពណ៌ខ្មៅមិនចាំស្លាកលេខឈប់ស្ទាក់ចំពីមុខហើយក៏បានចុះពីលើម៉ូតូមកវាយគាត់ជាប្ដីត្រូវចំកែងដៃខាងឆ្វេងមួយដៃ និងបានមកស្ទុះវាយប្រពន្ធគាត់ត្រូវចំកំភួនដៃខាងឆ្វេងមួយដៃទៀត និងស្រែកឲ្យប្រគល់ម៉ូតូ ធ្វើឲ្យគាត់មានការភិតភ័យ ក៏ព្រមឲ្យ ទើបពួកវាដណ្ដើមជិះគេចចេញដោយសុវត្ថិភាព ។

ក្រោយមកក៏បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លាមៗផងដែរ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាល ស្រុកកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុផាន


ចែករំលែក៖