ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់យកលុយពីថៅកែចិនជិត១០ម៉ឺនដុល្លារ ហើយចុះរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ថៅកែចិន ក្រុមហ៊ុនលាយបេតុងម្នាក់ ត្រូវបាន អ្នកបើកបររថយន្ត បើកដឹកជូន ខ្លួនឯង ធ្វើសកម្មភាពយកពិលឆក់ វាយដណ្តើមយកលុយ អស់ជិត១០ម៉ឺនដុល្លារ បានសម្រេចហើយ ផ្លុងរថយន្តចោល រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ លុង លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ជាថៅកែក្រុមហ៊ុន លាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD នៅក្បែរកន្លែងកើតហេតុ ។ ចំណែក ជនសង្ស័យ ជាអ្នកបើកបររថយន្ត ឲ្យថៅកែចិននោះ ត្រូវបានក្រុមហ៊ុន ប្រាប់ឲ្យស្គាល់ មានឈ្មោះ អ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារ បើកបររថយន្តឲ្យថៅកែ មានទីលំនៅផ្ទះលេខ៥៦អុឺ១ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានយកលុយចំនួន៩៩៦៧៩ដុល្លារ (ជិត១០ម៉ឺនដុល្លារ) គេចខ្លួនបាត់ស្រមោល ។

តាមការប្រាប់បង្ហាញពីអត្តសញ្ញាណជនសង្ស័យ ទើបចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនលាយបេតុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ជាអ្នកបើកបររថយន្តឲ្យថៅកែ ។

តាមប្រភពបន្តទៀតថា មុនកើតហេតុនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា នេះ ថៅកែចិន រួមជាមួយជនសង្ស័យ ដឹកជូនទៅបើកលុយ នៅធនាគារចិនមួយកន្លែង ក្បែរស្ថានីយ៍រថភ្លើង ខណ្ឌទួលគោក បើកលុយបានចំនួន៩៩៦៧៩ដុល្លារ ដោយធ្វើដំណើរតាមរថយន្ត ព្រុស មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លកលេខ ភ្នំពេញ 2AW-1763 ហើយបានវិលត្រឡប់មក ក្រុហ៊ុនវិញ ធ្វើដំណើរដល់ចំណុចខាងលើ ក្បែរក្រុមហ៊ុនទៅហើយ ស្រាប់តែជនសង្ស័យ ឈប់រថយន្ត ប្រដាប់ដោយ ពិលឆក់ ធ្វើសកម្មភាព ឆក់ វាយ លើជនរងគ្រោះ ដណ្តើមយកលុយ បានហើយ ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទៅប្តឹងនគរបាលប៉ុស្តិ៍ឃ្មួញ ឲ្យជួយធ្វើអន្តរាគមន៍ តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕តុង សីហា


ចែករំលែក៖