ព័ត៌មានទាន់ហេតុការណ៍៖

វាសនាទីតាំងយោធាអាមេរិក​២២កន្លែង នឹងធ្លាក់ទៅ​លើទួរគី ឬក្រុមឃឺដ នៅស៊ីរី

ចែករំលែក៖

ទីតាំងយោធាអាមេរិក២២កន្លែងនៅក្នុងប្រទេសស៊ីរី បានក្លាយទៅជាប្រធានបទសំខាន់​ ដោយមិនដឹងថា ត្រូវប្រគល់ទៅឲ្យភាគីណានោះឡើយ តើទួរគី ឬក្រុមជនជាតិឃឺដ ដែលអាមេរិកគាំទ្រកន្លងមក​នោះ ។

ប្រសិនបើអាមេរិកផ្តល់ទីតាំងយោធា២២កន្លែងឲ្យទៅទួរគីគ្រប់គ្រងនោះ ស៊ីរីនឹងជួបគ្រោះថ្នាក់ធំ គឺបាត់បង់ទឹកដីតំបន់ភាគខាងជើងទាំងស្រុង ។ អាមេរិកបានប្រកាសដកទាហានចេញពីស៊ីរី ក្រោយការយកឈ្នះក្រុមភេរវកម្ម IS ៩៩ភាគរយហើយនោះ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា កម្លាំងទាហានអាមេរិក បានកម្ចាត់ក្រុមភេរវកម្ម IS ៩៩ភាគហើយ ដូច្នេះអាមេរិក មិនមានហេតុផលអ្វីដែលត្រូវ បន្តរក្សាទាហាននៅក្នុងប្រទេសស៊ីរីទៀតឡើយ ។ សង្គ្រាមប្រឆាំងភេរវកម្មទទួលបានជោគជ័យទាំងស្រុង ។

រដ្ឋមន្ត្រីការបរទេស អាមេរិក បានលើកឡើងទៀត ថា យើងមិនត្រូវប្រៀបធៀប ពីការដកទាហានចេញពីស៊ីរី របស់ប្រធានាធិបតី ត្រាំ ទៅនឹងការដកទាហានចេញពីអ៊ីរ៉ាក់ នៅក្នុងឆ្នាំ២០១១ របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នោះឡើយ ។ រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន គឺជាអ្នកទទួលខុសត្រូវ ក្នុងការពង្រឹងឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ។

លោក Mike Pompeo បានប្រកាសថា «ខ្ញុំជឿជាក់ថា យើងនឹងទទួលបានជោគជ័យក្នុងពេលអនាគត ហើយក្រុមភេរវកម្ម IS នឹងមិនក្រោកឡើងទៀតនោះឡើយ »។

នៅក្នុងជំនួបពិភាក្សានៅទីក្រុង អែនការ៉ា ប្រទេសទួរគី ពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បំពេញទស្សនកិច្ចនៅទីនោះ ទួរគី បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់ទីតាំងយោធាអាមេរិកទាំងអស់ នៅស៊ីរីឲ្យទៅទួរគីជាជាង អាមេរិក បំផ្លាញវាចោល ឬប្រគល់ទៅឲ្យក្រុមទាហានជនជាតិឃឺដ ។

ទួរគីបានប្រឆាំងយ៉ាងដាច់អាហង្ការ ដល់អាមេរិក ប្រសិនបើផ្តល់ទីតាំងយោធា ទាំង២២នោះឲ្យក្រុមទាហានជនជាតិឃឺដ ដែលជាសត្រូវរបស់ទួរគី ក្រោយអាមេរិកដកចេញ ។ ផ្ទុយទៅវិញប្រសិនបើ ទួរគី គ្រប់គ្រងទីតាំងនោះ មានន័យថា ទួរគីបានគ្រប់គ្រងមួយផ្នែកធំនៃទឹកដីស៊ីរី ៕ ម៉ែវ សាធី

 


ចែករំលែក៖