ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ជនអន្តោប្រវេសន៍អាចធ្វើឲ្យប្រទេសតំបន់អឺរ៉ុបត្រូវបែកបាក់

ចែករំលែក៖

ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជា មួយបណ្តាញព័ត៌មាន Times របស់អង់គ្លេស ថា ជាមួយនឹងទស្សនៈគាំទ្រ Brexit លោក បានព្យាករថា អឺរ៉ុបនឹងបែកបាក់។ ការ ប្រកាសទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងរវាង អាមេរិកនឹងអឺរ៉ុបកាន់តែប្រឈមមុខតាន តឹង។

លោក ត្រាំ បានបញ្ជាក់ថា ពលរដ្ឋនៅ ក្នុងសហគមន៍អឺរ៉ុបកំពុងតែព្រួយបារម្ភនិង មិនសប្បាយចិត្តចំពោះការហូរចូលនៃជន ភៀសខ្លួន។ ប្រទេសនីមួយៗចង់ឲ្យមាន វប្បធម៌ដាច់ដោយឡែក។ លោក ត្រាំ បញ្ជាក់ទៀតថា អឺរ៉ុបនឹងបែកបាក់ ហើយ ប្រទេសជាច្រើននឹងវេចបង្វេចដើរចេញពី អឺរ៉ុបតាមប្រទេសអង់គ្លេស។

លោក ត្រាំ បន្តទៀតថា “ខ្ញុំគិតថាពិបាក ក្នុងការរក្សាប្រទេសតំបន់អឺរ៉ុបឲ្យរស់នៅ ក្នុងសហគមន៍តែមួយដោយសារតែពល រដ្ឋភាគច្រើននៅទីនោះខឹងសម្បានឹងការ ហូរចូលនៃជនអន្តោប្រវេសន៍‌‌‌”។

ប្រធានាធិបតីថ្មីអាមេរិកបានបញ្ជាក់ ទៀតថា លោកមិនចាប់អារម្មណ៍ពីអឺរ៉ុបត្រូវ បែកបាក់ឬយ៉ាងណានោះឡើយ។ ការ ប្រកាសខាងលើរបស់លោក ត្រាំ ផ្ទុយពី រដ្ឋាភិបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានជំរុញឲ្យអង់គ្លេសបន្តរស់នៅក្នុង សហគមន៍អឺរ៉ុប។

លោក ត្រាំ បញ្ជាក់ទៀតថា អធិការបតី អាល្លឺម៉ង់បានអនុវត្តគោលនយោបាយ ខុស ឆ្គងពេលបើកទ្វារឲ្យជនភៀសខ្លួនហូរ ចូលអឺរ៉ុបកាន់តែច្រើន បើទោះបីកន្លងមក លោក ត្រាំ បានបញ្ជាក់ថា មេដឹកនាំអាល្លឺម៉ង់ ជាមនុស្សដ៏សំខាន់បំផុតនៅក្នុងតំបន់អឺរ៉ុប។

កាលពីពេលកន្លងទៅថ្មីៗលោកស្រី អធិការបតីអាល្លឺម៉ង់ Angela Merkel បាន ចេញមុខព្រមានលើវិធានការការពារនិយម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករាខាងមុខ។ លោកស្រី Merkel បានបញ្ជាក់ច្បាស់ៗថា ដើម្បី ប្រយោជន៍រួមទាំងអស់គ្នាគេមិនអាចស្វែង រកដំណោះស្រាយសម្រាប់តែខ្លួនឯងម្នាក់ បានទេ ពោលគឺចាំបាច់ត្រូវតែចូលរួមដោះ ស្រាយជាលក្ខណៈសមូហភាព។ នៅក្នុង ន័យនេះលោកស្រីបាន លើកឧទាហរណ៍ វិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។

ចំណាប់អារម្មណ៍របស់លោកស្រីប្រមុខ រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel យ៉ាង ដូចនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទ កាសែតមួយបន្ទាប់ពីកិច្ចប្រជុំគណបក្ស CDU របស់លោកស្រីរៀបចំនៅប៉ែកខាង លិចប្រទេស។ «ខ្ញុំមានជំនឿជឿជាក់ថា គេពិតជាមិនអាចធ្វើដំណើរទៅមុខរួមគ្នា បានឡើយនៅពេលណាដែលម្នាក់ៗគិត តែពីប្រយោជន៍ផ្ទាល់ខ្លួននោះ» នេះជា ការថ្លែងរបស់លោកស្រី Merkel ។ ឆ្លើយ នឹងសំណួររបស់អ្នកកាសែតដែលសួរថា តើការដែលលោកប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ មានបំណងចាត់វិធានការ ការពារនិយម ពោលគឺគិតតែផលប្រយោជន៍ អាមេរិកអាចបង្កឲ្យមានគ្រោះថ្នាក់ និងការ គំរាមកំហែងឬទេ? លោកស្រី Merkel គ្រាន់តែបានផ្តល់ចម្លើយដោយលើក ឧទាហរណ៍ស្តីពីវិបត្តិហិរញ្ញវត្ថុកាលពី ឆ្នាំ២០០៨។

សូមជម្រាបជូនថា ប្រតិកម្មដូចនេះរបស់ លោកស្រី Angela Merkel បានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានគំរាមចាត់វិធានការ ការពារផលប្រយោជន៍អាមេរិកាំងដោយប្រឆាំងនឹងការនាំទំនិញចិន និងម៉ិចស៊ីកូ ចូលក្នុងទឹកដីអាមេរិកតាមរយៈការដំឡើង ពន្ធនាំចូល។ ថ្មីៗនេះលោក ត្រាំ ទទួល បានជោគជ័យដោយក្រុមហ៊ុនផលិតរថយន្ត អាមេរិកម៉ាក Ford បានផ្អាកគ្រោងសាងសង់ រោងចក្រថ្មីនៅក្នុងប្រទេសម៉ិចស៊ីកូ។ ចំណាប់អារម្មណ៍របស់លោកស្រី Merkel ជុំវិញវិធានការអាត្មានិយមរបស់លោក ត្រាំ ពេលនេះបានធ្វើឡើងបន្ទាប់ពីលោកប្រមុខ ការទូតអាល្លឺម៉ង់បានសម្តែងការសោក ស្តាយចំពោះភាពស្រពេចស្រពឹលរបស់ គោលនយោបាយការបរទេសរបស់លោក ត្រាំ។

ពាក់ព័ន្ធនឹងការហូរចូលនៃក្រុមជន អន្តោប្រវេសន៍ពលរដ្ឋជាច្រើនបានព្យាយាម ឆ្លងសមុទ្រមេឌីទែរ៉ាណេប្រថុយស្លាប់ជា រៀងរាល់ថ្ងៃដើម្បីបានមកអឺរ៉ុប «អាកាស ធាតុត្រជាក់មិនបានបង្អាក់ដំណើររបស់ ពួកគេឡើយ» នេះជាសម្រែករបស់អង្គការ សង្គ្រោះនៅមេឌីទែរ៉ាណេអង្គការមួយក្នុង ចំណោមអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលនៅបន្តចាំជួយស្រោចស្រង់ជនអន្តោ ប្រវេសន៍តាមទូក។

នៅឆ្នាំនេះខុសពីឆ្នាំមុនៗជនអន្តោ ប្រវេសន៍នៅបន្តពុះពាររត់ឆ្លងសមុទ្រមក អឺរ៉ុបដដែលមិនរង់ចាំដល់មេឃក្តៅបន្តិច ទេ ហើយគិតត្រឹមពីដើមឆ្នាំមកប៉ុណ្ណោះ អង្គការសង្គ្រោះនៅមេឌីទែរ៉ាណេបាន ស្រោចស្រង់ជនអន្តោប្រវេសន៍តាមទូក បាន៣៧៥នាក់។ ពួកគេមានគ្នារាប់សិប រយនាក់កំពុងរិះរកមធ្យោបាយឆ្លងសមុទ្រ មេឌីទែរ៉ាណេ បើទោះបីជាដឹងថាពេលនេះ ជារដូវត្រជាក់ក៏ដោយ។ នេះបើតាមការ គូសបញ្ជាក់របស់នាយកអង្គការដែលប្រឹង ដង្ហើយសុំអន្តរាគមន៍ និងជំនួយគាំទ្រ មនុស្សធម៌ ព្រោះបច្ចុប្បន្ននេះមានទូក មនុស្សធម៌ធំតែមួយគត់ចាំជួយក្នុងអំឡុង ពេលរដូវត្រជាក់។

ក្នុងមួយឆ្នាំ២០១៦កន្លងទៅមានអន្តោ ប្រវេសន៍ឆ្លងសមុទ្រតាមទូកប្រមាណ ១៨១.៤៣៦នាក់បានមកដល់ត្រើយអីុតាលី ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានទេ។ ពេលមកដល់ចំនួនអ្នកស្លាប់និងបាត់ខ្លួនក៏ ច្រើនខ្លាំងបំផុតដែរនៅឆ្នាំ២០១៦ ពោលគឺ ប្រមាណជាង៥ពាន់នាក់។

ចរន្តរត់មកអឺរ៉ុបតាមសមុទ្រមិនបាន ថមថយទេ ទូករខេករខាកបានចេញ ដំណើរចម្លងមនុស្សជារៀងរាល់ថ្ងៃ តែខ្លះ ក៏បានបាត់កណ្តាលមហាសាគរ គ្រាន់តែ ពេលនេះគ្មាននរណាចាប់អារម្មណ៍និយាយ ទៀតឡើយ។ នេះជាការសោកសង្រេង របស់លោកស្រីនាយកអង្គការសង្គ្រោះ មេឌីទែរ៉ាណេដែលអំពាវនាវសុំឱ្យអាជ្ញាធរ និងមតិសាធារណៈមានស្មារតីចងចាំថា សោកនាដកម្មក្នុងសមុទ្រមេឌីទែរ៉ាណេបន្ត មានជារៀងរាល់ថ្ងៃ។

អង្គការសង្គ្រោះមេឌីទែរ៉ាណេដែលជា អង្គការក្រៅរដ្ឋាភិបាលដំណើរការបាន ដោយ រំពឹងស្ទើរតែទាំងស្រុងលើវិភាគទានឯកជន កំពុងអំពាវនាវសុំជំនួយហិរញ្ញវត្ថុពី គ្រប់ទិសទី ព្រោះអង្គការមានថវិកាត្រឹមពីរ ខែទៀតនឹងអស់លទ្ធភាពចេញទូកទៅ សង្គ្រោះជនអន្តោប្រវេសន៍ហើយ។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីមានករណីលិចទូកនៅឆ្នេរសមុទ្រ លីប៊ីនៅក្នុងដែនសមុទ្រម៉េឌីទែរ៉ាណេអ្នក ដែលឆ្លងកាត់សមុទ្រប្រមាណ១០០នាក់ កំពុងបាត់ខ្លួននៅឡើយ។

ឆ្មាំសមុទ្ររបស់ប្រទេសអីុតាលីបាននិង កំពុងព្យាយាមរាវរកអ្នកដែលកំពុងបាត់ខ្លួន នៅក្នុងដែនសមុទ្រដោយពួកគេបាននិយាយ ថា រកឃើញសាកសពចំនួន៨នាក់ ហើយ៤ នាក់បានជួយសង្គ្រោះ។ ប៉ុន្តែមានមនុស្សជាច្រើននាក់ដែលរកមិនទាន់ឃើញនៅ ឡើយបន្ទាប់ពីទូកបានលិចចូលក្នុងសមុទ្រ ហើយមេឃងងឹតពិបាកក្នុងការរុករក ណាស់។

គួរបញ្ជាក់ថា ទូកបានលិចនៅចន្លោះ ដែនទឹកនៃប្រទេសអីុតាលី និងលីប៊ីប្រមាណ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រលីប៊ី៕ ម៉ែវ សាធី

r54 rwe


ចែករំលែក៖