ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិកផ្តល់អាទិភាពទី១សម្រាប់សង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS

ចែករំលែក៖

សារព័ត៌មាន ក្យូដូរបស់ជប៉ុន នៅថ្ងៃ ទី ២៣ខែមីនា បានផ្សាយថា ក្រោយកិច្ច ប្រជុំស្តីពី ការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បណ្តារដ្ឋមន្ត្រីការ បរទេស និងតំណាងមកពី៦០ប្រទេសជុំ វិញពិភពលោកបានចូលរួម ដោយក្នុងកិច្ច ប្រជុំនោះអាមេរិក បានប្តេជ្ញាវាយប្រហារទៅលើក្រុមភេរវកម្ម IS ជាមួយប្រទេស ជាសម្ពន្ធមិត្ត ។ ទន្ទឹមនឹងនោះអាមេរិកបានសន្យារក្សាសន្តិសុខស្ថិរភាពនៅក្នុងតំបន់ និងរំដោះសុីរី-អុីរ៉ាក់ចេញពីដៃក្រុម IS ។

នៅក្នុងសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំ បានបញ្ជាក់ថា« យើងសូមសន្យាថា នឹងមានវិធានការរួមរួមសហការវាយប្រហារពហុភាគី ទៅលើក្រុមភេរវកម្ម IS ដើម្បីកម្ចាត់ក្រុមនេះទាំងស្រុង»។

នៅក្នុងកិច្ចប្រជុំប្រទេសជាសម្ពន្ធមិត្ត ប្រឆាំង ក្រុមភេរវកម្មនៅលើពិភពលោក ដឹកនាំដោយអាមេរិកនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Rexs Tillerson បានបញ្ជាក់ថា ការវាយប្រហារកម្ចាត់ក្រុមភេរវកម្ម IS គឺជាគោលដៅទីមួយ របស់ អាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានោះអាមេរិកបានអំពាវនាវឲ្យមានកិច្ច សហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែប្រសើរ ចែករំលែកការចំណាយសម្រាប់ សង្គ្រាមវាយប្រហារខាងលើឲ្យបានសម្រេច ដល់គោលដៅ។

14540375413_0abd5b9a39_b

នេះជាលើកទី១ហើយដែលប្រទេស សម្ពន្ធមិត្តប្រឆាំងក្រុមភេរវកម្ម ជួបប្រជុំ គ្នាជាលើកទីមួយ ក្រោយពេលលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក តាំងពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៧។ កន្លងមក លោកត្រាំបានប្រកាសថា សង្គ្រាម វាយប្រហារក្រុមIS គឺជាអាទិភាពទីមួយ នៅក្នុងគោលនយោបាយការបរទេស របស់លោក។

នៅក្នុងកិច្ចប្រជុំ ស្តីពីការប្រឆំាងក្រុម ISមានប្រទេសចូលរួម រហូតដល់ទៅ ៦៨ ប្រទេសនិងតំណាងដោយបណ្តារដ្ឋមន្ត្រី ការបរទេសរបស់ខ្លួន រួមប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី២២ខែមីនា។ ការរួម ប្រជុំក្នុងកម្រិតថ្នាក់ការទូតនេះ ក៏ជាលើក ទីមួយដែរចាប់តាំងពីឆ្នាំ ២០១៤និងក៏ជាឱកាសដើម្បីវាយតម្លៃទៅលើការប្រយុទ្ធ ប្រឆាំងទល់នឹង ពួកអ៊ិស្លាមជីហាដនៅស៊ីរីនិងនៅអុីរ៉ាក់ជាពិសេសនៅលើជំហរនៃការ ចូលរួមរបស់រដ្ឋបាលថ្មីអាមេរិកផងដែរ។

ចំពោះការប្រយុទ្ធនៅទីក្រុង Mossoul ក្នុងប្រទេសអុីរ៉ាក់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលមានជំនួយពីកងទ័ពសម្ពន្ធមិត្ត បាន វាយរុលទៅមុខជាលំដាប់។ ក៏ប៉ុន្តែអង្គការរដ្ឋអ៊ិស្លាមនៅតែតស៊ូក្រាញននៀលជានិច្ចដែលជំរុញឲ្យការ ប្រយុទ្ធគ្នានេះ អាចអូសបន្លាយជាច្រើនខែទៅមុខទៀតមុននឹងរំដោះ ទីក្រុងទីពីរបាន ។

នៅស៊ីរី កងទ័ពអន្តរជាតិដែលជួយប្រយុទ្ធខាងចលនាឧទ្ទាមស៊ីរី(FDS) និង ក្រុមយុទ្ធជនគួដ បានប៉ុនប៉ងចង់វាយ ដណ្តើមយកទីក្រុង Raqqa ជាដែនអំណាចត្រួតត្រារបស់អង្គការរដ្ឋអ៊ិស្លាម។ ប៉ុន្តែ ស្ថានការណ៍នៅក្នុងតំបន់ មានភាពស្មុគស្មាញដោយសារតែមានក្រុមពីរផ្សេងទៀត ចង់វាយដណ្តើមកាន់កាប់ទីក្រុង Raqqa គឹរបបស៊ីរីគាំទ្រដោយរុស្ស៊ីនិងចលនាឧទ្ទាម អារ៉ាប់គាំទ្រដោយ ប្រទេសទួរគី។

នៅក្នុងបរិបទនេះហើយ ទើបមាន សំណួរដ៏ធំមួយចោទឡើង គឺនៅលើកម្រិតនៃការចូលរួមរបស់អាមេរិកនៅក្នុងការ ប្រយុទ្ធប្រឆាំង ទល់នឹងអង្គការរដ្ឋអ៊ិស្លាម។ ដោយអាមេរិកគឺជាប្រទេសនាំមុខកងទ័ពសម្ពន្ធមិត្ត ក៏ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំនៅតែពុំទាន់កំណត់គោលនយោបាយរបស់ ខ្លួនឲ្យបានច្បាស់លាស់នៅឡើយទេ។ លោក ត្រាំ ដែលគ្រាន់តែបញ្ចាក់ពីការសន្យា របស់ខ្លួននៅក្នុងការកម្ចាត់សត្រូវឲ្យរលាយ សាបសូន្យតែប៉ុណ្ណោះ។

ក្នុងន័យនេះដែរទើបវិមានប្រធានាធិបតីអាមេរិក បានស្នើបង្កើនថវិកាចំនួន១០% នៅលើកិច្ច ការពារជាតិដោយកាត់បន្ថយលើការចំណាយកិច្ចការទូតចំនួនដល់ទៅ៣០%។

នៅលើសំណុំរឿងទទួលជនភៀសខ្លួននិងការរឹតបន្តឹងទិដ្ឋាការដែលលោក ត្រាំ ទាមទារ ក៏នៅពុំទាន់មានចុះនៅក្នុងកម្មវិធីផ្លូវការដែរ រួមទាំងច្បាប់ថ្មីដែលហាមអ្នក ដំណើរមកពីប្រទេសអារ៉ាប់ចំនួន៨ ប្រ ទេសសម្ពន្ធមិត្តអាមេរិក មិនឲ្យយកកុំព្យូទ័រដាក់ជាប់ជាមួយនឹងខ្លួន។

សូមបញ្ជាក់ថា សម័យប្រជុំនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃពុធទី២២ ខែមីនា នាះបានប្រព្រឹត្តទៅនៅមុនថ្ងៃនៃកិច្ចចរចាថ្មីៗទៀតនៅទីក្រុងហ្សឺណែវរវាងរដ្ឋអំណាចស៊ីរីនិងចលនាឧទ្ទាមស៊ីរី។

ក្រុមប្រដាប់អាវុធជីហាដនៃអង្គការរដ្ឋអ៊ិស្លាម កំពុងតែចុះទន់ខ្សោយនៅចំពោះ មុខកងកម្លាំងអ៊ីរ៉ាក់នៅMossoul និងនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរផងដែរនៅស៊ីរីដែលអាមេរិកនឹងបង្កើន ចំនួនយោធារបស់ខ្លួនដើម្បីប្រយុទ្ធកម្ចាត់ឲ្យខ្ទេចពួកអ៊ិស្លាមIS។

នៅពេលនេះដែរ ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនទាហានអាមេរិកចំនួន៤០០នាក់ជាបន្ថែមទៀត ដើម្បីជួយគាំទ្រការវាយប្រយុទ្ធរបស់កងសម្ពន្ធភាព Kurdes និង arabes ដែលកំពុងធ្វើការវាយប្រយុទ្ធប្រឆាំង ពួកជីហាដ នៅ Raqqa ដែនអំណាចរបស់អង្គការរដ្ឋអ៊ិស្លាមនៅលើទឹកដីស៊ីរី។

isis-terrorists

សូមបញ្ជាក់ថា ទាហានអាមរិកជើងមុនដែលមានវត្តមានរួចហើយនៅភាគខាងជើងស៊ីរីនោះ មានគ្នាចំនួន ៥០០នាក់។

ម្យ៉ាងទៀតក្នុងចំណោមទាហានអា មេរិក ថ្មីទាំងនោះ មួយភាគជាទាហានម៉ារីនដែលត្រូវដាក់ប្រចាំការនៅតំបន់Raqqa។ ទាហានអាមេរិកមួយផ្នែកទៀត ដែល ជាកងកម្លាំងពិសេស ត្រូវបញ្ជូនទៅកាន់ តំបន់ Minbej ស្ថិតនៅឆ្ងាយបន្តិចក្នុងភាគខាងជើងស៊ីរី ដើម្បីរារាំងទប់បង្អាក់ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្លាំងទួរគីនឹងកង សម្ពន្ធភាពគឺចលនាឧទ្ទាមស៊ីរី។

គួររំលឹកថា រដ្ឋបាលរបស់លោក ដូ ណាល់ ត្រាំ បច្ចុប្បន្ននេះកំពុងតែពិនិត្យ ពិច្ចយលើផែនការមួយដើម្បីយកជ័យជម្នះទៅលើ អង្គការរដ្ឋអ៊ិស្លាម។ផែនការដែលលោកប្រធានាធិបតីអាមេរិកថ្មី បានសុំស្នើដល់ក្រសួងការពារជាតិអាមេរិកបន្ទាប់ពី រូបលោកបានឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកមកម៉្លេះ៕ ម៉ែវ សាធី

 


ចែករំលែក៖