ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ការគំរាមប្រើយោធារបស់សហរដ្ឋអាមេរិកគឺជារឿងធម្មតាទៅហើយមិនមានប្រទេសណាមួយខ្លាចឡើយ

ចែករំលែក៖

ចាប់តាំងពីគណបក្សសាធារណរដ្ឋ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំអាមេរិក មកការគំរាមកំហែង ប្រកាសធ្វើសង្គ្រាម បានកើតឡើងជាបន្តបន្ទាប់ទៅលើប្រទេស ដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ ខ្លួន ដែលមិនព្រមដើរតាមការចង្អុលបង្ហាញរបស់អាមេរិក។

នៅពេលនេះអាមេរិកបានគំរាមវាយ ប្រហារប្រទេសវេណេហ្សុ៊យអេឡា អីុរ៉ង់ និងកូរ៉េខាងជើង។

ទង្វើរបស់អាមេរិកបានធ្វើឲ្យប្រទេស ដែលអាមេរិកចាត់ទុកជាសត្រូវបានខិតខំផលិតអាវុធដើម្បីការពារខ្លួនដោយមិនព្រមបោះបង់ចោលឡើយ ព្រោះខ្លាចមានវាសនាដូចជាអីុរ៉ាក់និង លីប៊ីជាដើម ដែលបានបោះបង់កម្មវិធីបរមាណូតាមការចង់បានពីអាមេរិក ហើយទីបំផុតអាមេរិកជាអ្នកវាយប្រហារ។

ពាក់ព័ន្ធនឹងកូរ៉េខាងជើង ក្រុមអ្នកវិភាគ បានវាយតម្លៃថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនមានបំណងផលិតគ្រាប់បែកបរមាណូដើម្បីវាយប្រហារអាមេរិកនោះឡើយ គឺប្រើ ប្រាស់បរមាណូទាំងនោះដើម្បីឲ្យអាមេរិកអាម៉ាស់ និងមិនជ្រៀតជ្រែក ចូលកិច្ចការ វិវាទរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

ការប្រកាសសង្គ្រាមរវាងអាមេរិកនឹង កូរ៉េខាងជើង បានធ្វើឲ្យមនុស្សជាច្រើន មានក្តីបារម្ភយ៉ាងខ្លាំង ដោយសារភាព តានតឹងរវាង ប្រទេសទាំងពីរ អាចផ្ទុះ សង្គ្រាមគ្រប់ពេលវេលា ។ លោកត្រាំបាន ព្រមាន កម្ទេចកូរ៉េខាងជើងចំណែកមេដឹកនាំគីម ជុងអ៊ុនក៏ បានព្រមានកម្ទេចកោះ Guam របស់ អាមេរិកផងដែរ។

តាមការបញ្ជាក់របស់មន្ត្រីអាមេរិក ការប្រកាសរបស់ប្រធានាធិបតីត្រាំគំរាមទៅលើកូរ៉េខាងជើង គឺជាសារមួយផ្ញើទៅកាន់ មេដឹកនាំទីក្រុងព្យុងយ៉ាងថា វាគ្រប់គ្រាន់ហើយសម្រាប់កូរ៉េខាងជើង មិនត្រូវមានការគំរាមកំហែងណាមួយផ្សេងទៀតឡើយ។សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍បានដក ស្រង់ សម្តីលោក Michael Mdden អ្នក គ្រប់គ្រង គេហទំព័រ «north korea leadership watch» បញ្ជាក់ថា«ចំណុចដែលមេដឹក នាំគីម ជុងអ៊ុន ចង់បាន គឺបង្កើនឥទ្ធិពល មីស៊ីលនិងបរមាណូ ដើម្បីរក្សាអំណាចដឹកនាំតែប៉ុណ្ណោះ។

សង្គ្រាមគឺជារឿងគ្រប់គ្នាមិនចង់ឲ្យ កើតឡើងនោះទេ ពិសេសគឺកូរ៉េខាងត្បូងដែលមានពលរដ្ឋ ដល់ទៅ២៥លាននាក់ រស់នៅ ក្រោមកាណុងកាំភ្លើងរបស់កូរ៉េខាងជើង ដែលនឹងត្រូវកូរ៉េខាងជើងកម្ទេចបានគ្រប់ពេលវេលា ។ ក៏ប៉ុន្តែ កូរ៉េខាងជើង មិនអាច វាយប្រហារនោះឡើយ ប្រសិនបើខ្លួនមិនរងការវាយប្រហារពីអាមេរិក និង កូរ៉េខាង ត្បូងមុនទេនោះ។

ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេរិកចាំបាច់ត្រូវតែគំរាមកំហែងដល់កូរ៉េខាងជើង ដោយសារតែអាមេរិករងនូវភាពអាម៉ាស់ ជាច្រើនលើកមកហើយ ព្រោះតែការគំរាម របស់កូរ៉េខាងជើង និងការសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ បើទោះបីអាមេរិកបានដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងយ៉ាងណាក្តី។

អាមេរិកជាប្រទេសមហាអំណាចយោធានៅលើពិភពលោក មិនដែលរងការគំរាម កំហែងពីប្រទេសណានោះឡើយ សូម្បីតែរុស្ស៊ីដែលមានកម្លាំងអាវុធ ប្រហាក់ប្រហែល នឹងអាមេរិក ក៏មិនហ៊ានដែរ។ ចំណែកកូរ៉េ ខាងជើង ជាប្រទេសតូចមួយ ក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេងបំផុតលើពិភពលោក បែរជាមកគំរាមអាមេរិក មិនខ្លាច សូម្បីតែបន្តិច។ ទាំងនោះហើយ ដែលធ្វើ ឲ្យមេដឹកនាំអាមេរិក មានចិត្តក្តៅក្រហាយ មិនអាចនៅស្ងៀមបានឡើយ ដោយត្រូវតែគំរាមវាយប្រហារទៅលើកូរ៉េខាងជើងវិញ។

ពាក់ព័ន្ធនឹងភាពតានតឹង រវាងអាមេរិក នឹងកូរ៉េខាងជើង ក៏ដូចជាការគំរាមកំហែង របស់កូរ៉េខាងជើង វាយប្រហារទៅលើទីតាំងរបស់អាមេរិកនៅលើកោះ Guam អតីត ឧត្តមសេនីយ៍ របស់រុស្ស៊ីបានបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងវាយប្រហារទីតាំង យោធាអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូងច្រើនជាងវាយប្រហារទៅលើកោះ Guam។

ប្រទេសកូរ៉េខាងជើង អាចនឹងវាយ ប្រហារពេញលេញតែម្តង ទៅលើទីតាំង មូលដ្ឋាន យោធារបស់ សហរដ្ឋអាមេរិក នៅក្នុងបូរណភាពទឹកដីរបស់កូរ៉េខាងត្បូង ប្រសិនបើរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នៅតែបន្ត ដាក់សម្ពាធមកលើខ្លួនរហូត ដល់ផ្លូវទាល់ច្រកនោះ។ នេះបើយោងតាម ការលើកឡើង របស់ឧត្តមសេនីយ៍ចូល និវត្តន៍មួយរូប របស់រុស្ស៊ី ប្រាប់សារព័ត៌មាន RT។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Pavel Zolotarev ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍របស់រុស្ស៊ីថា «ការវាយប្រហាររបស់អាមេរិក ប្រឆាំង នឹងប្រទេសកូរ៉េខាងជើង អាចជាការប្រឆាំងនឹងតក្កវិជ្ជាទូទៅ នៅពេលដែលប្រទេស មួយគ្រប់គ្រងដោយការឃោសនា ចំណែកសហរដ្ឋអាមេរិកកំពុងឆ្លងកាត់រយៈពេលបែបនេះ លើការសម្រេចចិត្តនយោបាយហួសពីហេតុផលពិត ហើយយើងអាចមានផលវិបាកដែលមើលមិនឃើញមុននេះ។

សូមជម្រាបផងដែរថា កាលពីថ្ងៃពុធ ទី៩ ខែសីហាកន្លងទៅ ប្រធានាធិបតី សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានសន្យាថា នឹងនាំមកនូវភ្លើងកំហឹងពុះកញ្ជ្រោលដែលពិភពលោកមិនដែលបានជួបចំពោះកូរ៉េខាងជើង ប្រសិនបើប្រទេសកុម្មុយនីស្តមួយនេះ មិនព្រមបញ្ឈប់ការ សាកល្បង និងការអភិវឌ្ឍមីស៊ីល និងនុយ ក្លេអ៊ែររបស់ខ្លួននោះទេ។ នៅថ្ងៃបន្ទាប់មក ទៀត ទោះបីជាមានការព្រមានយ៉ាងខ្លាំងក្លា ដែលមិន ធ្លាប់មានពីមុនមក ចំពោះ ប្រទេសកូរ៉េខាងជើង ក៏ដោយក៏នេះ ប្រហែលជាមិនទាន់ គ្រប់គ្រាន់នៅឡើយ ទេ។

លោក Zolotarev បានបន្តថា ការបង្កើនសម្ពាធរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នេះ ប្រហែលជានឹងបង្ខំឲ្យកូរ៉េខាងជើងកាន់តែអះអាងពីវិធានការសងសឹករបស់ខ្លួន វិញថែមទៀត ជាមួយនឹងប្រទេសកូរ៉េ ខាងត្បូង ដែលនឹងប្រែក្លាយប្រទេសនេះជា ចំណាប់ខ្មាំងនៅក្នុងស្ថានការណ៍នេះ។

លោក Zolotarev ដែលជាអនុប្រធាននៃវិទ្យាស្ថានសិក្សាអាមេរិក និងកាណាដា នៅបណ្ឌិត្យសភាវិទ្យាសាស្រ្ត រុស្ស៊ីបាន និយាយថា “ការវាយប្រហារអាចត្រូវបាន ធ្វើឡើង ដោយសំដៅទៅលើទីតាំង របស់ សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ឬដែនដីកូរ៉េខាងត្បូងផ្ទាល់តែម្តង” ។លោកបាន បន្ថែមថា “យើងមិនគួរភ្លេចថា រដ្ឋធានី សេអ៊ូលរបស់កូរ៉េខាងត្បូង គឺស្ថិតនៅពី មុខនៃកាណុងកាំភ្លើង ធំរបស់កូរ៉េខាង ជើង” ។

សូមជម្រាបទៀតថា បើតាមការអះអាង របស់កូរ៉េខាងជើង គឺនៅចំពោះមុខសង្រ្គាម ពាក្យ សម្តីរវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុង វ៉ាស៊ីនតោន យោធាកូរ៉េខាងជើង កាលពី ថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនកំពុងគ្រោងធ្វើការបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយ មធ្យម ទៅក្បែរៗកោះហ្គាម (Guam) ដែលជាទីតាំងយុទ្ធសាស្រ្តដ៏ សំខាន់ នៃ មូលដ្ឋានទ័ពជើងទឹក និងជើងអាកាស របស់សហរដ្ឋអាមេរិក ពេលខាងមុខ ដោយរង់ចាំតែការ បញ្ជាឲ្យបាញ់ពីលោក គីម ជុងអ៊ុន ប៉ុណ្ណោះ ដើម្បីវាយប្រហារ តែម្តង ៕ ម៉ែវ សាធី

 


ចែករំលែក៖