ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ការភៀសខ្លួនរបស់លោកស្រីយីងឡាក់មានផលប្រយោជន៍ដល់រដ្ឋាភិបាលយោធាថៃ

ចែករំលែក៖

ប្រសិនបើលោកស្រីយីងឡាក់មិនគេចខ្លួនទេនោះ សមត្ថកិច្ចថៃនឹងត្រូវចាប់ឃុំ ខ្លួន ហើយអ្នកគាំទ្រប្រាកដជាខឹងសម្បាធ្វើបាតុកម្មទាមទារឲ្យដោះលែង ហើយអាច ក្លាយទៅជាអំពើហិង្សា ចលាចលនៅក្នុង ប្រទេស។ ការចាកចេញរបស់លោកស្រី យីងឡាក់ គឺមានផលប្រយោជន៍ទាំងសង ខាងទីមួយគឺ លោកស្រីមិនត្រូវដេកនឹងក្នុងគុក១០ឆ្នាំ និងទីពីរ គឺរដ្ឋាភិបាលយោធាមិនត្រូវប្រឈមនៅបញ្ហាសណ្តាប់ធ្នាប់ជាតិ និងដោះស្រាយបញ្ហាបាតុកម្ម។ រដ្ឋាភិបាលយោធាដែលផ្តួលរំលំលោកស្រីយីងឡាក់កាលពីឆ្នាំ២០១៤ គឺទទួលបានជ័យជម្នះក្រោយពីលោកស្រីចាកចេញ។

ការចាកចេញរបស់លោក ស្រីយីងឡាក់ គឺបានជួយឲ្យរដ្ឋាភិបាលយោធា មិនជួបនូវឧបសគ្គមានលក្ខណៈងាយស្រួលនៅក្នុងការរៀបចំដឹកនាំប្រទេសជាតិ។ ប្រសិនបើលោកស្រីយីងឡាក់ត្រូវជាប់គុកវិញនោះ នយោបាយថៃនឹងក្តៅគគុកមិនអាចមានភាពស្ងប់ស្ងាត់បានឡើយ ។ ការចាកចេញ របស់លោកស្រីយីងឡាក់ ធ្វើឲ្យគាំទ្រ ក៏ដូចជាក្រុមអាវក្រហម មានការតក់ស្លុត និង ធុញទ្រាន់ ចំពោះការចូលរួមក្នុងឆាក នយោបាយ។

លោក Thitinan Pongsudhirak អគ្គនា យក មជ្ឈមណ្ឌលសន្តិសុខ និងស្រាវជ្រាវ អន្តរជាតិ មកពីសាកលវិទ្យាល័យជូឡាឡុងកនបានបញ្ជាក់ថា «ហេតុការណ៍ខាងលើបានផ្តល់ផលប្រយោជជាច្រើនដល់រដ្ឋាភិបាលយោធាថៃ »។ ការបញ្ជូនលោកស្រី យីងឡាក់ ទៅដាក់គុក គឺមិនមែនជារឿង ងាយស្រួល ឬជាដំណោះស្រាយនយោបាយល្អឡើយសម្រាប់សង្គមថៃ។

នៅពេលនេះ មិនទាន់មានអ្នកណាម្នាក់ ដឹង​ថា តើបុគ្គលមានអំណាចរូបណាដែលនៅពីក្រោយការចាកចេញរបស់លោកស្រីយីង ឡាក់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយនូវពាក្យចចាមអារ៉ាមថា រដ្ឋាភិ បាលយោធាបានបិទភ្នែក ទុកឲ្យលោក ស្រីចាកចេញដោយសុវត្ថិភាព។

លោក Veera Prateepchaikul ម្ចាស់ អត្ថបទវិភាគ ដែលបានផ្សាយកាលពីថ្ងៃ ទី២៧ ខែសីហាថា «ខ្ញុំមិនជឿរឿងនេះ ឡើយ ថានាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ទទួលបន្ទុកសន្តិសុខ មិនបានដឹងពីការភៀសខ្លួនចេញពីប្រទេសរបស់លោកស្រីយីងឡាក់នោះទេ»។

នៅពេលនេះដែរអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Winthai suvari បានព្រមានដល់អ្នកដែលចោទប្រកាន់រដ្ឋាភិបាលដោយគ្មានភស្តុតាងច្បាស់លាស។ លោក Winthai suvari បញ្ជាក់ថា«សូមកំុយកទស្សនៈ ផ្ទាល់ខ្លួនមកបំពុលសង្គម អាចបង្កឲ្យមាន ការយល់ច្រឡំ »។

បញ្ហាសំខាន់នាពេលនេះគឺថាតើរដ្ឋាភិបាលទីក្រុងបាងកក ពិតជាចង់នាំពីរនាក់ បងប្អូនត្រកូលស៊ីណាវ៉ាត្រា មកទទួលទោសទៅតាមផ្លូវច្បាប់ដែរឬទេ។ ពេលនេះពល​រដ្ឋគាំទ្រ ទាំង ភាគីសងខាងបានបង្ហាញការ ពេញចិត្ត នៅពេលដែលមិនមានការ ប្រឈមមុខរវាង អតីតមេដឹកនាំត្រកូលស៊ី ណាវ៉ាត្រា នឹងមេដឹកនាំយោធាមកពីក្រុម អភិជន ដែលធ្លាប់ធ្វើឲ្យប្រទេសជាតិធ្លាក់ ក្នុងវិបត្តិនិងជាប់គាំងជាច្រើនលើកកន្លងមក ។ ពលរដ្ឋថៃមិនចង់ឃើញរឿងបែបនោះកើតឡើងទៀតឡើយ។

ក្រោយការចាកចេញរបស់លោកស្រី យីង ឡាក់ សារព័ត៌មានបាងកកប៉ុស្តិ៍បាន ផ្សាយអត្ថបទមួយ ដែលមានចំណងជើង​ថា«ការចាក ចេញរបស់លោកស្រីយីង ឡាក់ គឺជាសញ្ញាបញ្ចប់របបដឹកនាំរបស់ ត្រកូលស៊ីណាវ៉ាត្រា»។ ប៉ុន្តែប្រសិនបើ ​ អ្នកទាំងពីរមានឱកាសបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេសនោះនឹងបន្តទទួលជ័យជម្នះ ដោយសារនៅមានពលរដ្ឋភាគច្រើនគាំទ្រ។

នៅពេលនេះប្រសិនបើ រដ្ឋាភិបាល យោធាថៃ មិនអាចស្វែងរកមុខអ្នកនៅពី ក្រោយ ជួយលោកស្រីយីងឡាក់ទេនោះ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ ជាតិ លោក Prawit នឹងត្រូវលាលែងចេញពី តំណែង។

លោកស្រីយីងឡាក់ ត្រូវបានទម្លាក់ ចេញពីតំណែងដោយការធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានបាតុកម្មប្រឆាំង ដឹក នាំដោយ អតីតនាយករដ្ឋមន្ដ្រី ស៊ូថេប ដឹកនាំបាតុកម្មប្រឆាំងគ្មានថ្ងៃបញ្ចប់បង្ខំឱ្យយោធាសម្រេចធ្វើរដ្ឋប្រហារជាថ្មីម្ដង ទៀតនៅក្នុងប្រទេសថៃ ដែលជាសកម្ម ភាពមួយ យោធាថៃមិនចង់ធ្វើទៀតនោះ ឡើយ ។

នៅមុនពេលធ្វើរដ្ឋប្រហារ លោកប្រា យុទ្ធ ចាន់អូចា ក៏ធ្លាប់បាន ប្រកាសថា យោធាថៃនឹងមិនចូលរួមធ្វើរដ្ឋប្រហារទៀតឡើយ ប៉ុន្ដែដោយសារ ភាពជាប់គាំងនយោ បាយគ្មានច្រកចេញ បានបង្ខំឱ្យយោធាចូលរួមរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ បញ្ចៀសផលប៉ះពាល់កាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចជាតិ ។ ទាំងនោះហើយ បានធ្វើឱ្យយោធាថៃសម្រេចធ្វើរដ្ឋប្រហារមិនបង្ហូរឈាមជាលើកទី១៩ ក្នុងប្រវត្ដិសាស្ដ្រ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ដើម្បីកុំឲ្យមានរដ្ឋប្រហារ លើកទី២០​នៅក្នុងប្រទេសថៃជាបន្តទៀត ទុកឲ្យយោធាជាអ្នកដឹកនាំប្រទេសវិញម្តង ពេលនោះនឹងមិនមានការធ្វើរដ្ឋប្រហារទៀតឡើយ។ ប៉ុន្តែ អាចនឹងមានការធ្វើបដិវត្តន៍ ពី សំណាក់ពលរដ្ឋថៃ បើការដឹកនាំដោយ យោ​ធា មិនបានផ្តល់ផលប្រយោជន៍ដល់ ពលរដ្ឋនោះ។

បច្ចុប្បន្ន អ្នកនយោបាយល្បី ៗនៅក្នុង ប្រទេសថៃ បានបាត់ខ្លួនចេញពីឆាកនយោបាយអស់ហើយ ទាំង លោក អាប់ភីស៊ីត លោកស៊ូថេប ខាងអាវលឿង និង លោក ថាក់ស៊ីន ព្រមទាំងលោកស្រីយីងឡាក់ ខាងអាវក្រហម ក៏ត្រូវចាកចេញពីប្រទេស​ទៀត ។ ពេលនេះថៃ អាចដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យយោធានិយម ៕ ម៉ែវ សាធី


ចែករំលែក៖