ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កិច្ចពិភាក្សាស្តីពីសន្តិភាពស៊ីរីដែលធ្វើឡើងនៅទីក្រុងហ្សឺណែវនឹងអូសបន្លាយរហូតដល់ខែធ្នូ

ចែករំលែក៖

កិច្ចពិភាក្សាស្តីពីសន្តិភាពនៅក្នុងប្រទេសស៊ីរីនឹង ត្រូវអូសបន្លាយរហូតដល់ទៅថ្ងៃទី១៥ខែធ្នូ ដោយសារតែភាគីនៅក្នុងកិច្ចពិភាក្សា មិនចុះសម្រុងនឹងគ្នា ។ ក្រុមប្រឆាំង ស៊ីរី បានទាមទារឲ្យលោកអាល់អាសាដចុះចេញពីតំណែង ចំណែភាគីរដ្ឋាភិបាល ស៊ីរីវិញ បដិសេធ ។

ស្ថានភាពនៅក្នុងប្រទេសស៊ីរី ពិបាក ក្នុងការស្វែងរកសន្តិភាព ក្រោយពេល សង្គ្រាមវាយប្រហារក្រុមភេរវកម្ម បានបញ្ចប់ ប្រទេសនេះនៅមាន សង្គ្រាមស៊ីវិលបែង ចែកទឹកដីគ្នាគ្រប់គ្រងទៀត។ ក្រុមអ្នក វិភាគបានលើកឡើងថា ទាំងនោះជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងការគ្រប់គ្រងតំបន់សម្បូរដោយធនធានប្រេង។

នៅក្នុងប្រទេសស៊ីរី ដោយមិនអាចផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ ដែលមានរុស្ស៊ីនៅពីក្រោយខ្នងបានអាមេរិកក៏គាំទ្រដល់ក្រុមទាហានសេរី ក្នុងការបង្កើត រដ្ឋាភិបាលយោធា ដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅក្នុងប្រទេសស៊ីរីដែរ ។ អាមេរិក បានផ្តល់គ្រប់យ៉ាងទាំងអាវុធ ស្បៀង អាហារដល់ទាហានសេរីទាំងនោះ។

ទាំងនោះហើយបានជាក្រុមអ្នកវិភាគ បញ្ជាក់ថា ទោះបីសង្គ្រាមប្រឆាំងក្រុមភេរវកម្មបានបញ្ចប់តែស៊ីរីនៅតែបាត់បង់ទឹកដីមួយចំណែកធំ ដោយត្រូវបែងចែកជាមួយ ក្រុមប្រឆាំង ។

ចំណែកនៅក្នុងប្រទេសអីុរ៉ាក់ក៏ដូចគ្នាដែរ ក្រុមជនជាតិឃើដ ត្រូវបានអាមេរិក ផ្តល់អាវុធស្បៀងអាហារ នៅក្នុងសង្គ្រាម ប្រឆាំងក្រុម IS ពេលនេះកំពុងតែប្រកាសឯករាជ្យជាប្រទេសមួយផ្តាច់ចេញពីអីុរ៉ាក់។ នៅពេលដែលប្រទេសកំពុងតែរងទុក្ខ ដោយការវាយប្រហារភេរវកម្ម ដណ្តើម ទឹកដីគ្រប់គ្រង កម្លាំងក្រុមជនជាតិឃើដ (គួដឌីស្ថាន)ដែលគាំទ្រដោយអាមេរិក បានរួមគ្នាជាមួយទាហានរដ្ឋាភិបាលអីុរ៉ាក់ វាយ ប្រហារក្រុមភេរកវម្ម IS ដណ្តើម ទីតាំង យកមកគ្រប់គ្រងវិញ។ ប៉ុន្តែក្រោយ ជ័យជម្នះ អីុរ៉ាក់បែរជាបែកបាក់ផ្ទៃក្នុង ដោយ ក្រុមជនជាតិឃើដបានបោះឆ្នោតទាមទារជាប្រទេសឯករាជ្យផ្តាច់ខ្លួនចេញពីអីុរ៉ង់។

ខេត្តគៀរគួកនេះ មិនមែនស្ថិតនៅក្នុងដែនអំណាចនៃតំបន់ស្វយ័តគួដឌីស្ថានទេ។ ប៉ុន្តែគេអាចចាត់ទុកថាជាតំបន់ជាប់ជម្លោះ ដែលភាគីទាំងពីរកំពុងដណ្តើមគ្នាគ្រប់គ្រង ព្រោះតាំងពីឆ្នាំ២០១៤មក គៀរគួក ស្ថិតក្រោមការគ្រប់គ្រងរបស់គួដឌីស្ថាន ដែលបានប្រយុទ្ធយ៉ាងប្តូរផ្តាច់ខ្លាំង ទម្រាំកម្ចាត់ពួកអង្គការរដ្ឋអ៊ិស្លាមឱ្យអន្ត រាយពីខេត្តនេះបាន។ គៀរគួកជាតំណាង ជោគជ័យដំបូង នៃសង្គ្រាមអុីរ៉ាក់-គួដឌី ស្ថានប្រឆាំងនឹងពួកជីហាដ។ ដូច្នេះហើយបានជារដ្ឋាភិបាលអុីរ៉ាក់ តម្រូវឱ្យគួដឌីស្ថានដកទ័ពចេញពីតំបន់នេះ។

គៀរគួកជាច្រកយុទ្ធសាស្ត្រដែលរដ្ឋាភិបាលអុីរ៉ាក់មិនអាចបណ្តោយឱ្យគួដឌីស្ថានជាអ្នកធានារ៉ាប់រងសុវត្ថិភាពនិងសន្តិសុខទៀតទេ។ គៀរគួកជាច្រកផ្លូវនាំទៅកាន់ មូលដ្ឋានយោធាដ៏ធំរបស់រដ្ឋាភិបាលនៅភាគខាងជើងប្រទេសមូលដ្ឋាន K១ និង នៅក្បែរនោះ គឺជាតំបន់ឧស្សាហកម្មបូម ប្រេងដែលមានអណ្តូងធំៗបី។

អណ្តូងប្រេងនៅគៀរគួកនេះមាន សមត្ថភាពផ្តល់ប្រេងបាន ៦០ម៉ឺនធុងក្នុង មួយថ្ងៃ តែរដ្ឋាភិបាលអុីរ៉ាក់បូមប្រើតែ២៥០.០០០ធុងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែនៅពេលគួដឌីស្ថានជាអ្នកគ្រប់គ្រង គួដ ឌីស្ថានទាញយកដល់ទៅ៥៥០.០០០ ធុងក្នុងមួយថ្ងៃ ដោយគ្មានសុំយោបល់ពី រដ្ឋាភិបាលអុីរ៉ាក់ទេ។ គួដឌីស្ថាន កំពុងមាន វិបត្តិសេដ្ឋកិច្ចខ្លាំង ដែលមិនធ្លាប់ជួបប្រទះ ពិតជាមិនចង់បាត់បង់អណ្តូងប្រេងនេះទេ។

បីថ្ងៃហើយ ដែលរដ្ឋាភិបាលអុីរ៉ាក់ បានស្នើសុំឱ្យក្រុមគួដឌីស្ថានដកខ្លួនចេញពីខេត្តគៀរគួក និងឱ្យគួដឌីស្ថានលុបចោលលទ្ធផលប្រជាមតិទាមទារឯករាជ្យកាលពីថ្ងៃទី២៥កញ្ញា។ ភាគីទាំងពីរបានប្រឈម ដាក់ មុខគ្នា កាន់តែខ្លាំងឡើងៗ រហូតដល់ ប្រើ កម្លាំង។ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលអុីរ៉ាក់ និងកងទ័ពគួដឌីស្ថាន បាន ផ្ទុះឡើង កាលពីយប់ថ្ងៃទី១៤ ខែតុលា។ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា កងទ័ពរដ្ឋាភិបាលអុីរ៉ាក់បានប្រកាសដណ្តើមបាន មូលដ្ឋានទ័ពដ៏ធំប្រចាំតំបន់។

ហេតុអ្វីបានជាកងទ័ពទាំងពីរ ដែលធ្លាប់តែកាន់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ិស្លាម បែរមកប្រយុទ្ធគ្នាទៅវិញ ?

ភាពតានតឹងនៅអុីរ៉ាក់ រវាងរដ្ឋាភិបាល នឹងគួដឌីស្ថាន បានឈានដល់ដំណាក់ កាលប្រយុទ្ធគ្នា ដោយអាវុធ។ នៅយប់ថ្ងៃ ទី១៥ ខែតុលា កងទ័ពរដ្ឋាភិបាលអុីរ៉ាក់ បានបើកប្រតិបត្តិការវាយប្រហារ លើកង ទ័ពគួដឌីស្ថាន នៅខេត្តគៀរគួក។

កាលពីប៉ុន្មានសប្តាហ៍មុននេះសោះ កងទ័ពរដ្ឋាភិបាលអុីរ៉ាក់ និងកងទ័ពគួដឌី ស្ថាន ឬកង Pesmergas កាន់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ិស្លាម ដែលជា សត្រូវរួម។ ពេលនេះពួកជីហាដ បរាជ័យ រលំរលាយ និងត្រូវបណ្តេញចេញស្ទើរ អស់ពីទឹកដី អុីរ៉ាក់បែរត្រូវប្រឈម នឹង ជម្លោះផ្ទៃក្នុង ដល់ថ្នាក់ប្រើកម្លាំងអាវុធ ប្រយុទ្ធគ្នាទៅវិញ។ វាពិតជាគួរសោក ស្តាយបំផុត។

ប៉ុន្តែភាពប្រឈមរវាងរដ្ឋាភិបាលជា មួយនឹងពួកគួដឌីស្ថាននេះ មិនមែនជា រឿងថ្មីថ្មោងរបស់អុីរ៉ាក់ទេ។

គួដឌីស្ថាន ជាអត្តសញ្ញាណនយោបាយមួយរបស់អុីរ៉ាក់ ដែលទទួលស្គាល់ដោយ រដ្ឋធម្មនុញ្ញរបស់ប្រទេស កាលពីឆ្នាំ ២០០៥។ គួដឌីស្ថាន ជាតំបន់ស្វយ័ត មានរដ្ឋាភិបាលមានសភា មានរចនា សម្ព័ន្ធដឹកនាំតំបន់ ដូចជាប្រទេសមួយ មានទង់ជាតិ មានកងកម្លាំងប្រដាប់អាវុធ ដែលល្បីខ្លាំងផ្នែកប្រយុទ្ធ។ គួដឌីស្ថាន មានប្រជាពលរដ្ឋ ជាជនជាតិដើមប្រចាំ តំបន់ និងមិនសូវចេះគោរពខ្លាចអំណាច រដ្ឋាភិបាលកណ្តាលប៉ុន្មានទេ។ គួដឌីស្ថាន ធ្លាប់ងើបបះបោរធ្វើសង្គ្រាមជាច្រើនលើកច្រើនសាជាមួយរដ្ឋអុីរ៉ាក់ នៅក្នុងសតវត្សរ៍ ទី២០ ទម្រាំទាមទារបានស្វយ័តពេញ លេញ នៅដើមសតវត្សរ៍ទី២១ (២០០៥)ពោលគឺក្រោយពីមានការឈ្លានពានរបស់អាមេរិក។

គ្រាន់តែពួកអង្គការរដ្ឋអ៊ិស្លាមចាប់បរាជ័យភ្លាម គួដឌីស្ថានចាប់ផ្តើមមានគំនិតចង់ទាមទារឯករាជ្យភ្លាម ដោយបានរៀបចំធ្វើប្រជាមតិកាលពីថ្ងៃទី ២៥កញ្ញា ដែលអុីរ៉ាក់ក៏ដូចជាបណ្តាប្រទេសជិតខាង ព្រមទាំងសហគមន៍អន្តរជាតិប្រឆាំងដាច់ខាត។ អុីរ៉ាក់គ្មានថ្ងៃបណ្តោយឱ្យដីមួយចម្រៀកនេះផ្តាច់ខ្លួនជារដ្ឋឯករាជ្យនោះទេ។

រដ្ឋាភិបាលអុីរ៉ាក់បានដាក់ឱសានវាទ ឱ្យគួដឌីស្ថានប្រកាសលុបចោលលទ្ធផលប្រជាមតិនោះ និងដកកងទ័ពចេញពីតំបន់ដែលមិនស្ថិតនៅក្រោមតំបន់គ្រប់គ្រង ស្វយ័តរបស់ខ្លួន ពោលគឺតំបន់ដែលគួដឌីស្ថានដណ្តើមបានពីពួកអង្គការរដ្ឋអ៊ិស្លាម។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលអុីរ៉ាក់សង្កេតឃើញវត្តមានកងកម្លាំងគួដឌីស្ថានមកពី ទួរគី នៅគៀរគួកទៀត។ ទង្វើបែបនេះ គឺ ជាការប្រកាសសង្គ្រាម ។

ក្រុមអ្នកវិភាគបានលើកឡើងថា នេះ ជាលទ្ធផលដែលអាមេរិក បានចូលរួមនៅ ក្នុងសង្គ្រាម កម្ចាត់ក្រុមភេរវកម្ម ដូច្នេះអាមេ រិកត្រូវតែទទួលបានផល ក្នុងការបង្កើត ប្រទេសនៅក្នុងតំបន់សម្បូរប្រេងស្ថិតនៅក្រោម ការចង្អុលបង្ហាញរបស់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖