ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង៖ អាមេរិកទើបជាប្រទេសរំលោភបំពានសិទ្ធិមនុស្សយ៉ាងខ្លាំងបំផុត

ចែករំលែក៖

អាមេរិកតែងតែចោទប្រកាន់ប្រទេស ដទៃទៀតថាជាអ្នករំលោភបំពាន់សិទ្ធិមនុស្ស ដោយអាមេរិកបានដាក់គំនាបទៅលើប្រទេសទាំងនោះ។ ប៉ុន្តែអាមេរិក បាន រំលោភបំពានសិទ្ធិមនុស្សជាច្រើនប៉ុន្តែមិនដែលមាន អង្គការអន្តរជាតិឬប្រទេសណាមួយថ្កោលទោសនោះឡើយ។

ចំណែកកូរ៉េខាងជើង ដែលជាប្រទេសអាថ៌កំបាំងនិងជាប្រទេស មិនចេះខ្លាចមិន ចេះ ចុះញ៉មប្រទេសមហាអំណាចណាមួយនៅលើពិភពលោកនោះ ពេលនេះបាន ចោទប្រកាន់អាមេរិក ដោយបើកចំហថាជាអ្នករំលោភបំពានសិទ្ធិមនុស្ស យ៉ាងជាក់ ស្តែង។ ការចោទប្រកាន់នេះ ធ្វើឡើងចំ ពេលលោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា ទៅកាន់ប្រជាជាតិនៅចំពោះមុខសភា ពេញអង្គ។

សារព័ត៌មានផ្លូវការកូរ៉េខាងជើងបានចុះផ្សាយរបាយការណ៍ជាភាសាអង់គ្លេស ចោទអាមេរិកចំៗតែម្តង ថាជាអ្នករំលោភសិទ្ធិមនុស្សយ៉ាងជាក់ស្តែង។ កូរ៉េខាងជើង លើកឡើងថា សហរដ្ឋអាមេរិកជាអ្នកការពារប្រជាធិបតេយ្យ ជាតួឯកការពារសិទ្ធិ មនុស្ស តែមិនអាចលាក់បាំងអត្តសញ្ញាណជាអ្នករំលោភបំពានសិទ្ធិមនុស្សបានទេ។

ក្រុងព្យុងបានយ៉ាងលើកឡើងពីការ រើសអើងពូជសាសន៍ និងការស្អប់មនុស្ស ជាតិនៅអាមេរិក។ ការស្អប់នេះជាជំងឺ ធ្ងន់ធ្ងរ ក្នុងសង្គម ហើយជំងឺនេះកាន់តែធ្លាក់ ដុនដាប តាំងពីលោកដូណាល់ ត្រាំ ឡើង កាន់អំណាចមក។ ក្រុងព្យុងយ៉ាងបន្ថែមថា កម្មករជាពលរដ្ឋអាមេរិកត្រូវគេកាត់ផ្តាច់សិទ្ធិមិនឲ្យផ្ទះស្នាក់នៅ មិនឲ្យការងារធ្វើ។ ថ្លៃថ្នាំពេទ្យសម្រាប់ពួកគេ ក៏ឡើងថ្លៃខ្ពស់ ហួសហេតុ។ តែស្របពេលនេះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកត្រាំជាច្រើននាក់ សុទ្ធតែជាអ្នកមានប្រាក់វាល់ពាន់លានដុល្លារទៅវិញ។ កូរ៉េខាងជើងចោទទៀតថា នយោបាយរដ្ឋបាលលោកត្រាំ ១ឆ្នាំមក នេះ បម្រើតែផលប្រយោជន៍ក្រុមអ្នកមានមួយក្តាប់តូចប៉ុណ្ណោះ។

ការចោទប្រកាន់បែបនេះគឺជាការ វាយប្រហាររដ្ឋបាលលោកត្រាំយ៉ាងចាស់ដៃណាស់ដែរ។ កន្លងមក អាមេរិកនិងអង្គការសហប្រជាជាតិតែងតែរិះគន់កូរ៉េខាងជើងថា រំលោភសិទ្ធិមនុស្ស។ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ស៊ើបអង្កេត កាលពីឆ្នាំ២០១៤ ផ្អែកលើសាក្សីជនជាតិកូរ៉េខាងជើងដែលភៀសខ្លួនទៅក្រៅស្រុក។ កូរ៉េខាងជើងធ្វើទារុណកម្មអ្នកទោស ហើយ អាចមានអ្នកទោសនយោបាយ១សែន២ ម៉ឺននាក់កំពុងជាប់ឃុំនៅកូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងចោទថា របាយការណ៍ចោទ ប្រកាន់នេះ ជាការប្រឌិតរបស់អាមេរិក។

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពិត ជាក្មេងវ័យមែន ប៉ុន្តែអាមេរិក មិនចេះតែ គំរាមកំហែងបានតាមចិត្តនោះឡើយ។ កន្លងមក អាមេរិកគំរាមមួយ កូរ៉េខាងជើង គំរាម ២តបតវិញភ្លាមៗមិនរង់ចាំនោះ ឡើយ។ ការដឹកនាំនយោបាយរបស់លោក គីម ជុងអ៊ុន ទទួលបានការកោតសរសើរពីប្រទេសមួយចំនួន ផងដែរ ក្នុងនោះមាន រុស្ស៊ីជាដើម។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានក្លាយជាអ្នកទទួលជ័យ ជម្នះនៅក្នុងវិវាទឧបទ្វីបកូរ៉េ ហើយទីក្រុងព្យុងយ៉ាងបានស្វែងរកវិធីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

លោក ពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំយល់ថា លោក គីម ជុងអ៊ុន ជាអ្នកទទួលជ័យជម្នះនៅក្នុងល្បែងនយោបាយ»។ លោកពូទីនបញ្ជាក់ ទៀតថា កូរ៉េខាងជើងបានឈានដល់គោលដៅយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន។

លោក ពូទីន បញ្ជាក់ទៀតថា «លោក គីម ជុងអ៊ុន ពេលនេះ មានក្បាលគ្រាប់ បរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប បាញ់បានចម្ងាយរហូតដល់ទៅ១៣ពាន់គីឡូម៉ែត្រ គឺគ្រប់ដណ្តប់នៅគ្រប់ទិសទីលើពិភពលោក»។ មេដឹកនាំរុស្ស៊ីបានបន្តទៀតថា ដល់ពេលដែលលោក គីម ជុងអ៊ុន ត្រូវ កាត់បន្ថយភាពតានតឹងនៅពេលដែលខ្លួនទទួលបានជោគជ័យលើវិស័យបរមាណូ។ លោក គីម ជុងអ៊ុន គឺជាអ្នកនយោបាយឆ្លាត វៃ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងក្រោយពេលទីក្រុងព្យុងយ៉ាងប្រកាសសាកល្បងគ្រាប់បែកបរមាណូអុីត្រូហ្សែន កាលពីខែកញ្ញា ឆ្នាំ២០១៧ដោយជោគ ជ័យ។ មិនតែប៉ុណ្ណោះកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបជាបន្ត បន្ទាប់ ប្រឆាំងនឹងការធ្វើសមយុទ្ធរួមរបស់អាមេរិក ជាមួយនឹងកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងវាយប្រហារគ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងកម្លាំងយោធាកម្ទេច កូរ៉េខាងជើងនៅពេលចាំបាច់។ ពេល កន្លងមកថ្មីៗលោក ត្រាំ បានបញ្ជាក់ថា កុងតាក់បញ្ជាបរមាណូរបស់លោកធំជាង និងខ្លាំងជាងកូរ៉េខាងជើង។

ចំណែករុស្ស៊ី និងចិនបានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិភាព បញ្ចប់វិវាទនៅកូរ៉េខាងជើង។ ជាមួយគ្នានេះក៏បានស្នើដល់កូរ៉េខាងត្បូង និងអាមេ រិកបញ្ចប់ការធ្វើសមយុទ្ធរួមដែលជាមូលហេតុបណ្តាលឲ្យមានភាពតានតឹង។

ប្រទេសរុស្ស៊ីបានស្វាគមន៍លទ្ធផលនៃការចរចានាពេលថ្មីៗនេះរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើងដោយរំពឹងថា ការវិវត្ដចុងក្រោយនឹងបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់របស់ពួកគេកាលពីថ្ងៃអង្គារ កូរ៉េខាងជើងបាន យល់ព្រមសំណើរបស់ទីក្រុងសេអ៊ូល ដើម្បីរៀបចំកិច្ចពិភាក្សាយោធាក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ជូនគណៈប្រតិភូទៅ ចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសកូរ៉េខាងត្បូងនាខែក្រោយ ដែលវាគឺជាការសន្ទនាជាផ្លូវការលើកដំបូង របស់ពួកគេក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ប្រទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ ក្រសួងការបរទេសថា “យើងស្វាគមន៍កិច្ច ព្រមព្រៀង ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងកូរ៉េខាងជើង នឹងកូរ៉េ ខាងត្បូង ហើយយើងសង្ឃឹមថា ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះ នឹងជួយបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងពង្រឹងស្ថិរភាពនៅក្នុងអនុតំបន់នេះ”៕ ម៉ែវ សាធី

 


ចែករំលែក៖