ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ទោះបីប្រទេសកូរ៉េខាងជើងបន្ទន់ឥរិយាបថតែសហរដ្ឋអាមេរិកនៅតែប្រុងប្រយ័ត្នការពារជាមុន

ចែករំលែក៖

នៅពេលនេះកូរ៉េខាងជើងបានបន្ទន់ ឥរិយាបថ ដោយក្នុងរយៈពេល ជិត២ខែ កន្លងមក មិនមានសកម្មភាពឌឺដង ឬបាញ់បង្ហោះមីស៊ីលដូចកាលពីមុនឡើយដែលជាសញ្ញាមួយយ៉ាងល្អក្នុងការស្វែងរកសន្តិភាពឲ្យឧបទ្វីបកូរ៉េ។ នៅពេលនេះចិនក៏ បានបញ្ជូនឧបការី ទៅកាន់កូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំគីម ជុង អ៊ុន។

នៅពេលនេះដែរអាមេរិកបានត្រៀម លក្ខណៈរួចរាល់នៅក្នុងការធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើសកម្មភាពមុននោះ។ កម្លាំង ទាហានអាកាសអាមេរិកបាន បង្កើនឃ្លាំង គ្រាប់នៅកោះ Guam ឡើង ដល់៨១៦.៣៩៣ គ្រាប់ ដើម្បីត្រៀមលក្ខណៈធ្វើសង្គ្រាម។

ទស្សនាវដ្តី National Interest បានដកស្រង់ព័ត៌មានពីកម្លាំងទាហានអាមេរិកឲ្យដឹងថា ឃ្លាំងអាវុធនៅលើកោះ Guam បានបង្កើនថែម១០ភាគរយទៀតក្នុងរយៈកន្លងមកសម្រាប់ត្រៀមលក្ខណៈក្នុងស្ថានភាព អាក្រក់បំផុតជាមួយកូរ៉េខាងជើង។

ទាហានអាកាសមកពីកងពលលេខ ៣៦ឈរជើងនៅលើកោះ Guam បានឲ្យ ដឹងថា គ្រាប់បែកជាង៨សែនគ្រាប់មាន តម្លៃជិត១០០លានដុល្លារអាមេរិកត្រូវបានបញ្ជូនទៅកាន់ទីតាំងទ័ពអាកាស Andersen កាលពីចុងខែកញ្ញាកន្លងមក ។

លោក Erik Schmid មេបញ្ជាការ កងពលលេខ៣៦ បានបញ្ជាក់ថា អាវុធដែល បានបញ្ជូនទៅកាន់កោះ Guamគឺដើម្បីហ្វឹកហាត់ក៏ដូចជាត្រៀមលក្ខណៈក្នុងពេល អាក្រក់បំផុត ដែលអាចកើតសង្គ្រាមជា មួយកូរ៉េខាងជើង។

ចំណែកអគ្គមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វុិកលោកឧត្តមសេនីយ៍ Terrence O’Shaughnessy បានលើកឡើងពីភាពគ្រោះថ្នាក់ដោយការគំរាមកំហែងពីកូរ៉េខាងជើង ។ដូច្នេះកម្លាំងទាហានអាមេ រិក គឺត្រូវតែត្រៀមលក្ខណៈសម្រាប់ធ្វើ សង្គ្រាមជានិច្ច។

លោក Terrence O’Shaughnessy បានបន្តទៀតថា« កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើងគឺបានគំរាមដោយផ្ទាល់ដល់យើង ។អាមេរិកតែងតែ ស្វែងរកសន្តិភាព តែយើងចាំបាច់ត្រូវតែ ការពារដល់ប្រទេសសម្ពន្ធមិត្ត ដែលរង ការគំរាមវាយប្រហារ »។

ក្រៅពីគ្រាប់បែកយ៉ាងច្រើននេះអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់កោះ Guam ផងដែរ។ យន្ត ហោះខាងលើ តែងតែធ្វើការហោះហើរនៅឧបទ្វីបកូរ៉េ និងនៅតំបន់សរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូងផងដែរ។

ការបង្កើនអាវុធរបស់អាមេរិកទៅកាន់កោះ Guam ដែលជាកោះធ្លាប់រងការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើង គឺ ក្រោយពេលដែលប្រធាន CIA អាមេរិក បានប្រកាសថា កូរ៉េខាងជើងមានសមត្ថ​ភាពវាយប្រហារអាមេរិក ដោយអាវុធ បរមាណូ។

មន្ត្រីស៊ើបអង្កេតកំពូលម្នាក់របស់អាមេរិកបានលើកឡើងថា ប្រទេសផ្ដាច់ការកូរ៉េ ខាងជើង អាចនឹងមិនមានលទ្ធភាពវាយលុកសហរដ្ឋអាមេរិកជាមួយអាវុធនុយក្លេអ៊ែរទេ បើទោះជាប្រទេសមួយនេះ បានអះអាងពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេល ចុងក្រោយនេះយ៉ាងណាក្ដីនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។

ការព្រមានដោយលោក Mike Pom peo នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កណ្តាលរបស់អាមេរិក បានធ្វើឡើងនៅ ពេលដែលប្រទេសផ្ដាច់ការកូរ៉េខាងជើង បានគំរាមវាយលុកទ្វីបអាស៊ី ជាមួយកាំ ជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ ។

លោក Pompeo បានលើកឡើងនៅ ក្នុងកិច្ចពិភាក្សាមួយដែលរៀបចំឡើង ដោយ មូលនិធិការពារកេរដំណែល របស់អង្គការ សហប្រជាជាតិថា “ពួកគេកាន់ តែខិតចូល ជិត ឥឡូវនេះគឺជិតជាងកាលពី ៥ឆ្នាំមុន ហើយខ្ញុំរំពឹងថា ពួកគេនឹងកាន់តែជិតស្និទ្ធ ជាងនេះទៀតក្នុងរយៈពេល ៥ខែចុងក្រោយ នេះ” ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ អ្នកតំណាង របស់កូរ៉េខាងត្បូង និងជប៉ុន ប្រចាំកិច្ចចរចា ៦ភាគី ដែលបានជាប់គាំង អស់រយៈពេលជាយូរមកហើយ ស្តីពីការ រំសាយអាវុធនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ស្កាត់សកម្មភាព បង្កហេតុ របស់កូរ៉េខាងជើង នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូ ជប៉ុន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧។

ជំនួបរវាងលោក Lee Do Hoon តំណាងពិសេសរបស់កូរ៉េខាងត្បូង សម្រាប់ការិយា ល័យ កិច្ចការសន្តិភាព និងសន្តិសុខ ឧបទ្វីបកូរ៉េ និងលោក Kenji Kanasugi អគ្គនាយកការិយាល័យកិច្ច ការអាស៊ី និងអូសេអានី នៃក្រសួងការ បរទេសជប៉ុន បានធ្វើការប្រជុំគ្នាមួយ ជាមួយនឹងតំណាងពិសេសរបស់អាមេរិក សម្រាប់គោលនយោបាយ របស់កូរ៉េខាង ជើង។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំទ្វេភាគី នៅទីក្រុង សេអ៊ូល លោក Lee និងលោក Kanasugi បានឯកភាពគ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បី ទាញយកប្រទេស កូរ៉េខាងជើង ចូលទៅ ក្នុងដំណើរការគ្មានអាវុធនុយក្លេអ៊ែរ រួម ទាំងការធ្វើឲ្យរុស្ស៊ី និងចិន ដើរតួនាទីប្រកប ដោយការស្ថាបនា។

ជាមួយគ្នានេះឯកអគ្គរដ្ឋទូតរង កូរ៉េ ខាងជើងប្រចាំអង្គការ សហប្រជាជាតិ កាល ពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសរបស់ខ្លូនគ្រោងនឹងប្រើប្រាស់ផ្កាយរណបកាន់តែច្រើនឡើង និងបានចោទប្រកាន់សហ រដ្ឋអាមេរិក ពីបទព្យាយាម រារាំង កិច្ចប្រឹង ប្រែង ដែលជួយអភិវឌ្ឍលំហអាកាសខាងក្រៅដោយសន្តិភាពនេះ។

លោក Kim In Ryong តាមសេចក្តី រាយការណ៍ បានប្រាប់អង្គប្រជុំគណៈកម្មាធិការមហាសន្និបាតយូអិន ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រើប្រាស់ លំហអាកាសដោយសន្តិភាពថា គម្រោង រយៈពេល៥ឆ្នាំ របស់កូរ៉េខាងជើង សម្រាប់ ឆ្នាំ២០១៦ដល់ ២០២០ រួមបញ្ចូលទាំង ការអភិវឌ្ឍផ្កាយ រណបដ៏សំខាន់ ដែលអាច រួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ការរស់នៅ របស់ប្រជាជនកាន់តែប្រសើរ ឡើង។

គេហទំព័រ អង់គ្លេស IBTimes ចេញ ផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានរាយការណ៍ថា លោក Kim បាន និយាយ បន្តថា ជាផ្នែកមួយនៃសន្ធិសញ្ញា លំហ អាកាសមួយចំនួន សកម្មភាពអភិ​វឌ្ឍន៍ លំហអាកាស របស់ប្រទេសកូរ៉េខាង ជើង គឺមានមូលដ្ឋានត្រឹមត្រូវតាមផ្លូវច្បាប់គ្រប់យ៉ាងទាំងអស់ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងតែភ័យរន្ធត់ បានចាត់ទុកការអភិវឌ្ឍ លំហអាកាសនោះ ថាមិនស្របច្បាប់៕ ម៉ែវ សាធី

 


ចែករំលែក៖