ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រទេសអារ៉ាប់រិះគន់កាតារដែលដាក់លក្ខខណ្ឌដើម្បីពិភាក្សា

ចែករំលែក៖

សារព័ត៌មាន Sputniknews.com បាន ផ្សាយថា ប្រទេសអារ៉ាប់ រួមមាន សាវឌី អារ៉ាប៊ី ,អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប កាលពីថ្ងៃទី៧ខែកញ្ញា បានរិះគន់ដល់ ប្រទេសកាតារ ដែលបានដាក់លក្ខខណ្ឌ ដើម្បីពិភាក្សាបញ្ចប់វិបត្តិ។

សារព័ត៌មាន Sky newsបានដកស្រង់ សេចក្តីប្រកាសរួមរបស់ប្រទេសអារ៉ាប់ ដែលបានលើកឡើងថា ប្រទេសកាតារ បានស្នើឲ្យលុបចោលបម្រាម ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ពេលនោះកាតារនឹង ពិចារណាចូលរួមកិច្ចពិភាក្សាបញ្ចប់វិបត្តិ។

ប្រទេសសាឌីអារ៉ាប៊ី ,អារ៉ាបរួម ,បារ៉ែន និងអេហ្ស៊ីប កាលពីខែមិថុនា បានកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកាតារ ដោយចោទប្រកាន់ទីក្រុង ដូហា ថាបានគាំ ទ្រក្រុមភេរវកម្ម នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

ពាក់ព័ន្ធនឹងភាពតានតឹងខាងលើ សារ ព័ត៌មាន Gulfnews របស់ប្រទេសអារ៉ាប់រួម បានផ្សាយថា វិបត្តិនឹងបន្តអូសបន្លាយ ដល់ឆ្នាំ២០១៨ ដែលអាចជំរុញឲ្យមាន កង្វះស្បៀងអាហារនៅក្នុងប្រទេសកាតារ។ ក្រៅពីនេះ អាចបង្កឲ្យមាន វិវាទនៅក្នុង សង្គមឈានដល់ការធ្វើរដ្ឋប្រហារ និងមានការជ្រៀតជ្រែកពីប្រទេសខាងក្រៅចូល ក្នុងវិបត្តិកាតារ។

កាតារបានប្តេជ្ញា មិនចុះញ៉មប្រទេស អារ៉ាប់ផ្សេងទៀតឡើយ ដោយកាតារ មិនបានធ្វើអ្វីខុសច្បាប់ ។ កាតារមិនខ្វល់ ពីវិបត្តិអូសបន្លាយ យូរប៉ុនណាឡើយ ដោយសារតែប្រទេសនេះ មានប្រាក់គ្រាប់គ្រាន់ដើម្បីបន្តរក្សាស្ថិរភាពសេដ្ឋកិច្ច ស្បៀង​​​ អាហារដល់ពលរដ្ឋ ។

កន្លងមកអគ្គនាយកធនាគារជាតិ កាតារ លោក Sheikh Abdullah Bin Saoud Al Thani បានបញ្ជាក់ថា ជាមួយនឹងទឹកប្រាក់តម្កល់ទុក២៤០ពាន់លានដុល្លារនោះ ប្រទេសនេះអាចឆ្លងផុតពីការឡោមព័ទ្ធសេដ្ឋកិច្ច របស់ប្រទេសជិតខាង។ លោក បញ្ជាក់ទៀតថា បច្ចុប្បន្ននៅក្នុងធនាគារ ជាតិមានប្រាក់៤០ពាន់លានដុល្លារ ជាមួយ នឹងមាស។ ចំណែកនៅក្នុងក្រសួងវិនិយោគមានប្រាក់ដល់ទៅ៣០០ពាន់លានដុល្លារ ទាំងនោះហើយគឺជួយឲ្យកាតារ អាចទប់ ទល់និងវិបត្តិរយៈពេលយូរបាន។

លោក Al Thaniបានបញ្ជាក់នៅក្នុង បទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌ មាន CNBC ថាយើងគ្មានទោសឡើយ។ ទាំងនោះគឺជាចម្លើយដែលប្រទេសអារ៉ាប់បានយកលេស ថាកាតារផ្តល់ជំនួយដល់ក្រុមភេរវកម្ម ដើម្បី ដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងកិច្ចការបរទេស។

លោក Al Thaniបន្តទៀតថា កាតារមាន ប្រព័ន្ធគ្រប់គ្រងល្អ ដោយគ្មានប្រទេសណា មួយមានឡើយ យើងបានបង្កើតច្បាប់ ដើម្បីប្រឆាំងក្រុមភេរវកម្ម ។ លោកបាន ប្រកាសទៀតថា កាតារបានត្រៀមលក្ខណៈដើម្បីឲ្យក្រុមអ្នកវិនិយោគបរទេស អាចត្រួតពិនិត្យប្រភពប្រាក់ចេញចូលនៅក្នុងប្រទេសកាតារ ពិសេសគឺអំពីស្ថានភាពសេដ្ឋកិច្ច។ ទីក្រុងដូហាស្វាគមន៍ ចំពោះអ្នកណាដែល ចង់ត្រួតពិនិត្យ បញ្ជីចំណាយ ចំណួល របស់កាតារ ហើយបញ្ជីបានបើកស្រាប់ បើ អ្នកចង់មើល។

អគ្គនាយកធនាគារជាតិ កាតារ បាន បញ្ជាក់ទៀតថា ចំនួនទឹកប្រាក់ដែលបាន ដកចេញពីប្រទេសនេះ ក្នុងរយៈពេលមួយខែកន្លងមកមានតិចតួច ដូច្នេះកាតារ មាន ប្រាក់គ្រប់គ្រាន់ដើម្បី ឆ្លងផុតពីវិបត្តិ។

កាតារជាប្រទេសតូច និងមានប្រជាជន តិច ក៏ពិតមែន តែជាប្រទេសអ្នកមាន ពល រដ្ឋមានប្រាក់ចំណូលខ្ពស់ និង មានស្ថិរ ភាពនិងនយោបាយ។ កាតារជាប្រទេស ដែលមាន ចំនួនពលរដ្ឋឡើងចុះខុស ប្រក្រតី ដូច្នេះការត្រួតពិនិត្យ ពីចំនួនពល រដ្ឋនៅក្នុងប្រទេសនេះធ្វើឡើងជារៀងរាល់ខែ។

កាតារមានផ្ទៃដី តែ ១១.៥០០គីឡូម៉ែត ្រក្រឡា មានប្រភពធនធានធម្មជាតិសម្បូរបែបលំដាប់ទី៣លើពិភពលោក។ ពលរដ្ឋ កាតារមានប្រមាណ ២,៥លាននាក់ប៉ុណ្ណោះ ប្រាក់ចំណូលមធ្យម របស់ពលរដ្ឋម្នាក់ ៗ ក្នុងមួយឆ្នាំ គឺ ១៤៦.០០០ដុល្លារ អាមេរិក ឈរលំដាប់ទី១នៅលើពិភពលោក ។ ចំណែក ពលរដ្ឋអាមេរិកវិញមានប្រាក់ ចំណូលមធ្យមតែ ជាង៥៧.០០០ប៉ុណ្ណោះ។

អាមេរិកនិងប្រទេសតំបន់អឺរ៉ុប បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ នៅ តំបន់ឈូងសមុទ្រដែលជាប្រទេស លក់ ប្រេងលំដាប់ពិភពលោក ។ បើវិបត្តិទាំងនោះបន្តអូសបន្លាយនោះនឹងធ្វើឲ្យខាតបង់ជាច្រើន មិនត្រឹមតែប្រទេសដែលមានវិវាទប៉ុណ្ណោះទេគឺប្រទេស អឺរ៉ុបក៏ត្រូវប្រឈម នឹងបញ្ហាជាច្រើនផងដែរ ពិសេសគឺតម្លៃ ប្រេងតែម្តង។

ចំណុចទាំងនោះហើយ បានជាអាមេរិក អង់គ្លេស បារាំងបានបញ្ជូនមន្ត្រីការទូតរបស់ខ្លួន ទៅកាន់តំបន់ឈូងសមុទ្រជាបន្តបន្ទាប់ក្នុងការផ្សះផ្សាទំនាក់ទំនង ។ ក្នុងមួយឆ្នាំ អាមេរិកនិង អឺរ៉ុប រកបានប្រាក់ចំណូលជាច្រើនពាន់លានដុល្លារពីប្រទេសទាំងនោះពិសេសគឺ ការលក់អាវុធ តែម្តង។ កន្លង មកអាមេរិកបានលក់អាវុធទៅឲ្យប្រទេស សាវឌីអារ៉ាប៊ីនិងកាតារ មានទឹកប្រាក់រាប់សិបពាន់លានដុល្លារ ពេលប្រធានាធិបតីត្រាំបំពេញទស្សនកិច្ចនៅទីនោះ។

កាតារបានបង្ហាញពីភាពរឹងមាំរបស់ ខ្លួន ដោយ មិនធ្វើតាមសំណើរបស់ប្រទេស អារ៉ាប់ទាំង៤ដែលដាក់ទណ្ឌកម្ម ទៅលើ កាតារនោះឡើយ ព្រោះខ្លួនមិនបានធ្វើអ្វី ខុស នោះទេ។ ពាក់ព័ន្ធនឹងការបិទព្រំដែន ហាមនាំចូលស្បៀងអាហារពី សាវឌីអារ៉ាប៊ី កាតារក៏មិនខ្វល់ពីសកម្មភាពបែបនោះដែរ ដោយមានប្រទេសជាច្រើនចាំជួយដល់កាតារ ក្នុងនោះមាន ទួរគី អីុរ៉ង់ ចិនជាដើម។

រដ្ឋាភិបាលកាតារ នៅពេលនោះបាន បង្ហាញ ពីគោលជំហរយ៉ាងច្បាស់ថា ប្រសិន បើប្រទេសទាំង៤ ដែលជាអ្នកកាត់ផ្តាច់ ទំនាក់ទំនងនិងបិទផ្លូវ អាកាស ផ្លូវគោក និងផ្លូវទឹក ហើយបើប្រទេសទាំងនោះមិនបើកឲ្យដំណើរការឡើងវិញទេ ការចរចា ក៏គ្មានកើតឡើងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖