ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មិនខ្វល់ពីការថ្កោលទោស គីម ជុងអ៊ុន បើកពិធីជប់លៀងយ៉ាងធំដល់អ្នកវិទ្យាសាស្ត្រមីស៊ីលនិងបរមាណូ

ចែករំលែក៖

កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៧ ក្រោយការសាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីបដោយជោគជ័យមក មេដឹក នាំកូរ៉េខាងជើង បានធ្វើពិធីជប់លៀងយ៉ាង អធិកអធម ដោយមានការចូលរួមពីមេដឹក នាំគីម ជុងអ៊ុននិងភរិយា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមអ្នកវិទ្យាសាស្ត្រ មីស៊ីល និងបរមាណូ។

ក្នុងចំណោមភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងពិធីនោះ មានលោក Ri Man Gon អនុប្រធានគណៈកម្មាធិការមជ្ឈិមរបស់ គណបក្សពលករកាន់អំណាចកូរ៉េខាង ជើង។ លោក Kim Rak Gyon មេបញ្ជា ការកងកម្លាំងយុទ្ធសាស្ត្រ ទទួលបន្ទុក សកម្ម​ភាព មីស៊ីល របស់កូរ៉េខាងជើង។ ក្រៅពីនេះនៅមានមន្ត្រីជាន់ខ្ពស់ជាច្រើន រូបទៀត ក៏បានអញ្ជើញចូលរួមផងដែរ។

លោក Ri Man gon បានបញ្ជាក់ថា «ជោគជ័យយ៉ាងធំធេងក្នុងការសាកល្បងមីស៊ីលឆ្លងទ្វីប លើកទីពីរ Hwasong -14 គឺជាការជំរុញបង្កើតទម្រង់នយោបាយពិភពលោកថ្មី ក្នុងនោះកូរ៉េខាងជើង ក៏ជា ចំណែកមួយនៃទម្រង់នោះដែរ»។ ទាំង នោះមានន័យថា កូរ៉េខាងជើងនឹងត្រូវពិភពលោកទទួលស្គាល់ថាជាប្រទេស មហា អំណាចបរមាណូ និងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

លោក Ri Man gon បានបញ្ជាក់ថា កូរ៉េខាងជើង នឹងអភិវឌ្ឍឥតឈប់ឈរ ក្នុងវិស័យបច្ចេកវិទ្យាមីស៊ីលការពារជាតិ ដើរ ទាន់ប្រទេសមហាអំណាចលើពិភព លោក លើដែនអាកាសនិងដែនទឹក។

ការបាញ់សាកល្បងរបស់កូរ៉េខាងជើងត្រូវបានក្រុមអ្នកឯកទេសចាត់ទុកថា គឺជាការស្វាគមន៍ច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់ អាមេរិក ដែលបានអនុម័តបន្ថែមមកលើ ប្រទេសនេះ។ មិនត្រឹមតែប៉ុណ្ណោះកូរ៉េខាងជើងបានជប់លៀង នូវជ័យជម្នះខាងលើដែលបានធ្វើពិធីបង្ហាញយ៉ាងច្បាស់ថា ការគំរាមកំហែងរបស់អាមេរិកនិងសហគមន៍អន្តរជាតិ មិនស្ថិតនៅក្នុង ខ្សែភ្នែកមេដឹកនាំកូរ៉េខាងជើងនោះឡើយ។ កូរ៉េខាងជើងនឹងពង្រឹងវិស័យការពារជាតិ ក្នុងនោះមាន ការផលិតមីស៊ីលនិង បរមាណូផងដែរ ប្រសិនបើអាមេរិក មិនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើងនោះ។

នៅពេលនេះដែរ អាមេរិកនិងកូរ៉េខាង ត្បូង បានបង្កើនទំនាក់ទំនង និងធ្វើសកម្ម ភាពដើម្បីទប់ ទល់ជាមួយកូរ៉េខាងជើង។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ កាល ពីថ្ងៃទី៣១ ខែកក្កដា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ និងប្រធានាធិបតីអាម េរិកដូណាល់ ត្រាំ បានឯកភាពគ្នាបង្កើន សកម្មភាព ទៅលើកូរ៉េខាងជើង ក្រោយការសាកល្បងមីស៊ីលឆ្លងទ្វីបជាលើកទីពីរ។

លោកស៊ីនហ្សូ អាបេបានវាយតម្លៃខ្ពស់ ចំពោះការសន្យារបស់អាមេរិក ក្នុងបញ្ហា កូរ៉េខាងជើង ។ជាមួយគ្នានោះ នាយករដ្ឋ មន្ត្រីជប៉ុនបាន សន្យាថានឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បី ការពារពលរដ្ឋជប៉ុន រួច ផុតពីការគំរាមកំហែង ។

នៅពេលនេះអាមេរិក និងកូរ៉េខាងជើង កំពុងបញ្ចេញសាច់ដុំ គំរាមដាក់គ្នាទៅវិញ ទៅមក។ នៅមួយថ្ងៃក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបមក នៅថ្ងៃអាទិត្យទី ៣០ខែកក្កដា អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅហោះលើឧបទ្វីបកូរ៉េ និងបាន បាញ់សាកល្បងប្រព័ន្ធខែលមីស៊ីលTHAAD ជាប្រភេទមីស៊ីលតែមួយដែលអាមេ រិកដាក់តាំងពង្រាយនៅកូរ៉េខាងត្បូង។

ភាពតានតឹងមានកាន់តែខ្លាំងឡើង នៅឧបទ្វីបកូរ៉េ។ នៅក្រោយកូរ៉េខាងជើង បានប្រកាសថា បានបាញ់សាកល្បង ដោយជោគជ័យ មីស៊ីលបាលីស្ទីកអន្តរទ្វីប និងថា មីស៊ីលរបស់ខ្លួន អាចទៅដល់គ្រប់ទី​កន្លែង ក្នុងទឹកដីអាមេរិក។ ចំណែកកងទ័ព អាមេរិក កាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដា បានសាកល្បងប្រើដោយជោគជ័យ នូវប្រព័ន្ធ មីស៊ីល THAAD។

តាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិក នៅក្នុងការធ្វើតេស្ត បាញ់សាក ល្បងនៅលើមហាសមុទ្រ ប៉ាស៊ីហ្វិក នៅ ថ្ងៃអាទិត្យ មីស៊ីលប្រឆាំងមីស៊ីល ដែល បាញ់ចេញពីប្រព័ន្ធខែលមីស៊ីល THAAD នៅរដ្ឋអាឡាស្កា បានបាញ់ទម្លាក់មីស៊ីល ចម្ងាយមធ្យម ដែលបាញ់ចេញពីយន្តហោះ ដឹកគ្រាប់។ ទីភ្នាក់ងារការពារ មីស៊ីលរបស់ អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ថា មីស៊ីលរបស់ខែលមីស៊ីល THAAD របស់ អាមេរិកទទួលបានជោគជ័យ ក្នុងការ សាកល្បង ចាប់បំផ្លាញមីស៊ីល ចំនួន ១៥ លើករហូតមក។

ការបាញ់សាកល្បងប្រព័ន្ធខែល មីស៊ីល THAADចេញពីរដ្ឋអាឡាស្កា ជាគម្រោង ដែលកងទ័ព អាមេរិករៀបចំតាំងពីយូរ ហើយ ប៉ុន្តែវាធ្វើឡើងនៅពេលនេះ នៅ ចំពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បង ដោយជោគជ័យ មីស៊ីលបាលីស្ទីក អន្តរទ្វីបកាលពីយប់ថ្ងៃសុក្រ។ ប្រព័ន្ធ ខែលមីស៊ីល THAAD ដែលអាមេរិកតាំងពង្រាយនៅកូរ៉េខាងត្បូង ត្រូវបានកសាងឡើងសម្រាប់ប្រឆាំងមីស៊ីលចម្ងាយមធ្យម ប៉ុន្តែគ្មានសមត្ថភាពចាប់ និងបាញ់បំផ្លាញ មីស៊ីលបាលីស្ទីក អន្តរទ្វីប ដែលកូរ៉េ ខាងជើង បានបាញ់សាកល្បងកាលពី ថ្ងៃសុក្រនោះទេ។ ដើម្បី ចាប់ស្ទាក់ មីស៊ីលបាលីស្ទីកចម្ងាយឆ្ងាយ កងទ័ព អាមេរិក ត្រូវសង្ឃឹមលើប្រព័ន្ធខែលមីស៊ីល មួយទៀត ឈ្មោះGMD ដែលអាមេរិកមាន តាំងនៅអាឡាស្កា និងនៅរដ្ឋកាលីហ្វ័រ នីញ៉។

ជាការឆ្លើយតបទៅនឹងការផ្គើនបាញ់សាកល្បងមីស៊ីលបាលីស្ទីក អន្តរទ្វីប របស់កូរ៉េខាងជើងនេះ នៅថ្ងៃអាទិត្យ ដដែល អាមេរិកបានបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B១ ទៅហោះឆ្វែល លើឧបទ្វីបកូរ៉េ។ នៅថ្ងៃអាទិត្យ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន សរសេរនៅក្នុងសារTwitter ថា លោកខក ចិត្តនឹងចិន ហើយថា លោកនឹងមិន អនុញ្ញាតឲ្យចិននៅស្ងៀម មិនធ្វើអ្វីសោះ នៅក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដូច មុនទៀតឡើយ។

នៅប៉ុន្មានម៉ោងក្រោយសារTwitter របស់លោកដូណាល់ ត្រាំ កូរ៉េខាងជើង តាមរយៈក្រសួងការបរទេស បានអះអាង ថា ការបាញ់សាកល្បងមីស៊ីល អន្តរទ្វីប កាលពីថ្ងៃសុក្រ កន្លងទៅ គឺជាការព្រមានដ៏ធ្ងន់ធ្ងររបស់កូរ៉េខាងជើង ទៅកាន់សហ រដ្ឋអាមេរិក ដែលមានគំនិតចង់ដាក់ទណ្ឌ កម្មបន្ថែមលើទីក្រុងព្យុងយ៉ាង។ នៅក្នុង សេចក្តីថ្លែងការណ៍ ដកស្រង់ដោយទីភ្នាក់ ងារ KCNA របបកុម្មុយនីស្តកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួននឹងវាយតបវិញ នៅ ក្នុងករណីមានការញុះញង់ ប្រើកម្លាំងយោ ធាណាមួយ ពីសហរដ្ឋអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖