ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មេទ័ពមីយ៉ាន់ម៉ាចេញមុខបញ្ជាក់ពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដោយអំពើហិង្សា

ចែករំលែក៖

ក្រោយពេលសហគមន៍អន្តរជាតិថ្កោលទោសជាបន្តបន្ទាប់ ហើយអាមេរិកនិងអឺរ៉ុប គ្រោងដាក់ទណ្ឌកម្ម ទៅលើប្រទេស មីយ៉ាន់ម៉ា នៅពេលនះ មេទ័ពមីយ៉ាន់ម៉ា ចេញមុខបកស្រាយ ដោយបានបញ្ជាក់ថា តួលេខនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់បង់ក្លាដែស មិនត្រឹមត្រូវឡើយ គឺគេបំផ្លើស តួលេខខាងលើ ក្នុងគោលដៅដាក់គំនាបទៅលើរដ្ឋាភិបាល។

កាលពីថ្ងៃទី១២ខែតុលា ប្រមុខកងទ័ព មីយ៉ាន់ម៉ា បានបដិសេធមិនយល់ស្របជាមួយនឹងតួលេខជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដែលបានរត់ចេញពីរដ្ឋរ៉ាឃីន ទៅប្រទេស បង់ក្លាដែស។ នៅក្នុងទំព័រសង្គមហ្វេស ប៊ុកផ្ទាល់ខ្លួន មេទ័ពមីយ៉ាន់ម៉ា Min Aung Hlaing បានលើកពីការឃោសនាបំប៉ោង ព័ត៌មានស្តីពីជនជាតិរ៉ូហ៊ីងយ៉ា នៅតាម ប្រព័ន្ធផ្សព្វផ្សាយ។ ចាប់តាំងពីកើតមាន វិបត្តិរ៉ូហ៊ីងយ៉ា នៅពាក់កណ្តាលខែសីហា នេះជាលើកទី១ ដែលមេបញ្ជាការទ័ពជាន់ខ្ពស់របស់មីយ៉ាន់ម៉ា ចេញមុខនិយាយពីការរត់ភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា។

ពាក់ព័ន្ធស្ថានការណ៍នៅក្នុងប្រទេស មីយ៉ាន់ម៉ាវិញនៅពេលនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការដាក់ទណ្ឌកម្មទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ជុំវិញការវាយឆ្មក់ដែលបានធ្វើ ឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ រត់ខ្ចាត់ខ្ចាយចេញពីប្រទេស។

នៅក្នុងកិច្ច សម្ភាសន៍ជាមួយអ្នកការ ទូត និងមន្រ្តីរដ្ឋា ភិបាល ជាច្រើនដែលមាន មូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនអឺរ៉ុប បានបង្ហាញថា វិធានការដាក់ទណ្ឌកម្ម សំដៅដល់ឧត្តម សេនីយ៍ កំពូលគឺជាជម្រើសមួយដែលត្រូវពិភាក្សា ដើម្បីឆ្លើយតប នឹងវិបត្តិនៅក្នុងប្រទេសនេះ។

ប្រភពទាំងនេះបាននិយាយថា មិន មាន អ្វីដែលបានសម្រេចនៅឡើយទេ ហើយ ទីក្រុងវ៉ាស៊ីនតោន និងក្រុង Brussels អាចនឹងពន្យារពេល។ ជាមួយគ្នា នេះដែរក៏មាន ការពិភាក្សា អំពីការ បង្កើនជំនួយសម្រាប់ រដ្ឋរ៉ាឃីន ដែលមាន អំពើហិង្សា។

ខណៈពេលដែលការតវ៉ាជាច្រើន នៅ ក្រៅប្រទេស បានផ្តោតលើជ័យលាភី រង្វាន់ណូបែល និងមេដឹកនាំថ្នាក់ជាតិ មីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជីនោះ អ្នកការទូតលោកខាងលិចមួយចំនួន មើល ឃើញពី ជម្រើសផ្សេងទៀតរបស់លោក ស្រី។ លោកស្រី អ៊ុងសាន ស៊ូជី មិនអាច គ្រប់គ្រងលើយោធា ដែលនៅតែមាន ​ ​​​ ​ អំណាចយ៉ាងច្រើនសន្ធឹកសន្ធាប់ក្រោម រដ្ឋធម្មនុញ្ញ ដែលបានតាក់តែងដោយកង ទ័ពមីយ៉ាន់ម៉ា នោះបានទេ។

នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំក្រុងរ៉ង់ហ្គូន ប្រមុខកងទ័ព មីយ៉ាន់ម៉ាលោក Min Aung Hlaing បាន បញ្ជាក់អះអាងជាថ្មីថា ជនជាតិរ៉ូហ៊ីងយ៉ា មិនមែនជាប្រជាជនដែលមានដើមកំណើតនៅមីយ៉ាន់ម៉ានោះទេ។ សម្រាប់អគ្គមេ បញ្ជាការទ័ពមីយ៉ាន់ម៉ាជនជាតិរ៉ូហ៊ីងយ៉ា ដែលពីដើមគេហៅថា បង់ហ្គាលីគឺជា ក្រុមប្រជាជនមកពីតំបន់បង់ហ្គាល់ របស់ ប្រទេសបង់ក្លាដែស។ ឯកសារប្រវត្តិ​សាស្រ្តបានបង្ហាញថា ក្រុមអាណានិគម និយមអង់គ្លេសបាននាំក្រុមបង់ហ្គាលីនេះ ចូលទឹកដីមីយ៉ាន់ម៉ានកាលពីអង់គ្លេស ធ្វើជាម្ចាស់ អាណានិគមលើមីយ៉ាន់ម៉ា។ នេះបើតាមខ្លឹមសារអត្ថបទ នៅទំព័រសង្គមហ្វេសប៊ុករបស់ប្រមុខកងទ័ពមីយ៉ាន់ម៉ាដែលចុះផ្សាយនៅក្រោយជំនួបជាមួយឯកអគ្គ រដ្ឋទូតអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ។

មួយវិញទៀត តាមប្រមុខកងទ័ព មីយ៉ាន់ម៉ា ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលផ្តល់ដោយអង្គការសហប្រជាជាតិ ​ ត្រូវបានពន្លឿនបំប៉ោងគ្មានការណ៍ពិត។ តាមអង្គការសហប្រជាជាតិ ប្រជាជនរ៉ូហ៊ីង យ៉ាកន្លះលាននាក់ បានរត់គេចពីអំពើហិង្សានៅរដ្ឋរ៉ាឃីន ដើម្បីទៅជ្រកកោននៅទឹកដីបង់ក្លាដែស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មេទ័ពមីយ៉ាន់ម៉ា នៅតែចង់បញ្ជាក់ថា ជន ជាតិបង់ហ្គាលី បានរត់ចេញពីរ៉ាឃីនក៏ដើម្បីយករួចខ្លួនគេចចេញពីអំពើហិង្សា ដែលចាប់បង្កឡើងដោយក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាតែ ប៉ុណ្ណោះ។ សម្រាប់ប្រមុខយោធាមីយ៉ាន់ម៉ា ប្រជាជនរ៉ូហ៊ីងយ៉ា បានចូលរួមនៅក្នុង ចលនាទ័ពព្រៃ ដើម្បីវាយប្រហារទៅលើទីតាំងប៉ូលិសមីយ៉ាន់ម៉ា គឺដោយសារតែខ្លាចបារម្ភពីអសន្តិសុខផ្ទាល់ខ្លួន ដែលប្រជាជនបង់ហ្គាលីរត់ចេញពីទឹកដីមីយ៉ាន់ម៉ា។

នេះមិនមែនជាលើកទី១ទេ ដែល អាជ្ញាធរមីយ៉ាន់ម៉ា ទម្លាក់កំហុសទៅលើ ជនជាតិរ៉ូហ៊ីងយ៉ាថា ជាអ្នកបង្កហេតុ ដុតផ្ទះសម្បែងខ្លួនឯង និងរត់ចំណាក ស្រុកទៅបង់ក្លាដែស ដើម្បីទាក់ទាញ ​ ​​​​ ចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។ ប៉ុន្តែអង្គការសហប្រជាជាតិរកឃើញផ្ទុយពីនេះ រហូតដល់ចោទប្រកាន់យោធាមីយ៉ាន់ម៉ាថា កំពុងធ្វើនយោបាយបោសសម្អាតជាតិសាសន៍នៅរដ្ឋរ៉ាឃីននោះ។ នៅថ្ងៃពុធ ​ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ នៅតែបញ្ជាក់អះអាងជាថ្មី​ថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា កងទ័ពមីយ៉ាន់ម៉ាមានចេតនាដោយប្រាកដ ដុតផ្ទះសម្បែង បំផ្លាញដីភូមិរបស់ប្រជាជនរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ក្នុងបំណងទប់ស្កាត់កុំឲ្យជនរងគ្រោះរ៉ូហ៊ីងយ៉ាអាចត្រលប់ទៅរស់នៅវិញបាន ក្នុងប្រទេសមីយ៉ាន់ ម៉ា។

វិបត្តិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាក្លាយជា ប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំបិទទ្វារនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិនៅថ្ងៃសុក្រនៅក្រោមការផ្តួចផ្តើមគំនិតរបស់បារាំង និងអង់គ្លេស។ ដោយមានការចូលរួមពីអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកកូហ្វុី អាណាន់ ប្រធានគណៈកម្មការសិក្សាលើជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា កិច្ចប្រជុំរបស់ក្រុមប្រឹក្សា សន្តិសុខ សំដៅស្វែងរកដំណោះស្រាយ និងការគាំទ្រថ្នាក់អន្តរជាតិ ដើម្បីអនុវត្ត ឲ្យបាន អនុសាសន៍លើកឡើងដោយលោកកូហ្វុីអាណាន់ ដើម្បីបិទបញ្ចប់វិបត្តិរ៉ូហ៊ីង យ៉ា នៅប្រទេសមីយ៉ាន់ម៉ា៕ ម៉ែវ សាធី

 


ចែករំលែក៖