ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រុស្សីនិងចិនអាចរួមដៃគ្នា ដើម្បីគ្រប់គ្រងតំបន់ ប៉ូលខាងជើងផែនដី ប្រជែងជាមួយសហរដ្ឋអាមេរិក

ចែករំលែក៖

កន្លងមក មានព័ត៌មានបានផ្សាយថា អាមេរិក រុស្ស៊ីនិងចិនកំពុងតែប្រជែងគ្នា ពីផលប្រយោជន៍នៅតំបន់ត្រជាក់បំផុតនៃផែនដីគឺប៉ូលខាងជើងផែនដី ។ កន្លងមក អាមេរិកបានចូលទៅកាន់ទីនោះ ជាផ្លូវការតាមរយៈដំណើរទស្សនកិច្ចរបស់អតីត ប្រធានាធិបតីអូបាម៉ាទៅកាន់ប៉ូលខាងជើងផែនដី។ ទាំងនោះហើយបានធ្វើឲ្យចិននិងរុស្ស៊ីមានក្តីបារម្ភយ៉ាងខ្លាំង ។

ចំណុចទាំងនោះហើយដែលបានជំរុញឲ្យរុស្ស៊ីនិងចិនចាប់ដៃគ្នាដើម្បីទប់ទល់ អាមេរិក ហើយបើចិន ឬរុស្ស៊ី មិនសហការ គ្នាទេមិនអាច យកឈ្នះអាមេរិកបាន ឡើយ។ផលប្រយោជន៍ដ៏សំខាន់នៅទីនោះគឺប្រភពប្រេង បន្ទាប់ពីប្រភពប្រេងឆៅសម្រាប់បម្រុងទុកឈានទៅរកភាព វិនាសហិនហោច ការជីកយកធនធានធម្មជាតិនៅក្នុងដែនដីមួយចំនួន ក៏កាន់តែ រេចរឹលជាបណ្តើរៗហើយនោះ ទើបបណ្តាប្រទេសជាច្រើនចាប់ផ្តើមសម្លឹងទៅរកទ្វីបអាក់ទិកនៅប៉ូលខាងជើង ខណៈដែលផ្ទាំងទឹកកកក្នុងតំបន់នេះចាប់ផ្តើមរលាយបន្តិចម្តងៗ ដោយសារវាជាដែនដីនៃប្រភពធនធានមិនទាន់ប្រើប្រាស់។

ថ្វីដ្បិតតែទ្វីបអាក់ទិក ជាតំបន់ប៉ូល មានអាកាសធាតុត្រជាក់ខ្លាំង មិនអំណោយ ផលដល់ការរស់នៅ ប៉ុន្តែមានទស្សនៈគួរឱ្យចាប់អារម្មណ៍មួយលើកឡើងថា តំបន់ ត្រជាក់អាក់ទិក អាចបង្កើនភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងប្រទេស ចិន និងរុស្ស៊ី។ មូលហេតុដោយសារតំបន់អាក់ទិច ជាដែនដីនៃប្រភពប្រយោជន៍ជាច្រើនសម្រាប់ មហាអំណាចទាំងពីរ។ ប៉ុន្តែដើម្បីទាញ យកផលប្រយោជន៍នេះ ចិននិងរុស្ស៊ីត្រូវតែកសាងទំនាក់ទំនងល្អជាមួយគ្នា ទើប ពឹងផ្អែកគ្នាទៅវិញទៅមកបាន។

តំបន់អាក់ទិក គ្របដណ្តប់លើផ្ទៃដី ប្រមាណ ២០លានគីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ប៉ូលភាគខាងជើងនៃផែនដី មានអាកាសធាតុត្រជាក់ខ្លាំង ដែលជា មធ្យមប្រមាណជា-៤០អង្សាសេ ហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង អាចធ្លាក់រហូតដល់-៦៨អង្សាសេ។ បច្ចុប្បន្នមនុស្សបានចាត់ទុក ប៉ូលអាក់ទិក ជាដែនដីកំណប់មួយ ព្រោះជាឃ្លាំងផ្ទុក ឧស្ម័នធម្មជាតិ ប្រមាណ៣០ភាគរយ នៃ ឧស្ម័នធម្មជាតិមិនទាន់រកទាំងអស់នៅលើផ្ទៃផែនដី និងផ្ទុកប្រេងឆៅ ១៣ភាគរយនៃប្រេងឆៅមិនទាន់រុករកទាំងអស់នៅលើផ្ទៃផែនដី។ ក្រៅពីនេះតំបន់អាក់ទិក មានធនធានធម្មជាតិច្រើនប្រភេទផ្សេងទៀតដូចជា រ៉ែ ទឹកស្អាត ត្រី និងជាទីចំណាប់អារម្មណ៍សម្រាប់ឧស្សាហកម្មទេសចរណ៍ ដែល កំពុងកើនឡើងជាលំដាប់។ តំបន់អាក់ទិក មានតំបន់វាលរហោឋានពោរពេញដោយជីវចម្រុះដ៏កម្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ អាក់ទិកចូលរួមចំណែកផ្គត់ផ្គង់ទឹកចំនួន ១ភាគ៥ នៃទឹកទាំងអស់លើផ្ទៃផែនដី។

អាក់ទិក អាចបម្រើប្រយោជន៍ដល់រុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជា ច្រើនសតវត្សរ៍មកហើយ។ ស្របពេលដែលរុស្ស៊ីមានព្រំប្រទល់ជាប់នឹងទ្វីបអាក់ទិកស្រាប់ ធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូ កាន់តែមានមហិច្ឆតាខ្ពស់ក្នុងការគ្រប់គ្រងដែនដីកំណប់ទាំងនេះ។ ក្រៅពីការស្រូបយកធន ធានធម្មជាតិ តំបន់ប៉ូលនេះបានចូលរួម ចំណែក ធ្វើជាប្រព័ន្ធដឹកជញ្ជូនពាណិជ្ជកម្ម និងនេសាទដ៏សំខាន់។ ប្រទេសរុស្ស៊ីគ្រោង នឹងប្រមូលយក ធនធានធម្មជាតិនៅតាមឈូងសមុទ្រធំៗនៅតំបន់អាក់ទិក ស្រប ពេលដែលក្រុមប្រឹក្សាសន្តិសុខរដ្ឋាភិបាលក្រុង មូស្គូ បានបង្ហាញពីចេតនា ចង់បង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់អាក់ទិកផងដែរ។

ប្រទេសរុស្ស៊ី បានធ្វើការស្រាវជ្រាវ យ៉ាងទូលំទូលាយនៅតំបន់អាក់ទិក ដើម្បីឈានទៅរកការប្រកាសគ្រប់គ្រងលើដែនដីអាក់ទិកជាថ្មី។ ជាងនេះទៅទៀតនោះ ដើម្បីពង្រីកឥទ្ធិពល នយោបាយ រុស្ស៊ី បានបន្តរក្សាវត្តមានយោធានៅតំបន់អាក់ទិក ហើយថែមទាំងមានផែនការពង្រឹងវត្តមានឆ្មាំព្រំដែនឆ្មាំសមុទ្រថែមទៀតផង។ ប៉ុន្តែកុំភ្លេចថា ថ្វីដ្បិតតែទ្វីបអាក់ទិក ជា ដែនដីដ៏ត្រជាក់ពិបាករស់នៅមែន ប៉ុន្តែ មិនមានន័យថាវាជាដែនដីសេរី ដែលអ្នកណាក៏អាចទាញយកប្រយោជន៍ពីតំបន់នេះដោយងាយៗនោះទេ។ ហេតុនេះហើយ ទើបរុស្ស៊ី ចង់បានដៃគូសហការដ៏ល្អម្នាក់ដើម្បីជួយការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែជាអកុសល រុស្ស៊ីត្រូវហ៊ុមព័ទ្ធដោយ ប្រទេសជាសត្រូវនិងការដាក់ទណ្ឌកម្ម ដោយសារតែភាពលោភលន់របស់រុស្ស៊ី ក្នុងការគ្រប់គ្រងលើដែនដីគ្រីមៀ។ អង្គ ការណាតូ រួមទាំងសហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកខាងលិច បានធ្វើឱ្យរុស្ស៊ី ឯកាជាខ្លាំងលើឆាកអន្តរជាតិ ជាក់ស្តែង នៅទ្វីបអាក់ទិកជាដើម។ ចំណុចនេះជំរុញឱ្យរុស្ស៊ីសម្លឹងរកដៃគូពីបណ្តាប្រទេសផ្សេងទៀត។

ប្រទេសរុស្ស៊ីកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍតំបន់អាក់ទិក ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ យ៉ាងណាក្តី ជម្លោះនៅអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្កជាការដាក់ទណ្ឌកម្ម ដែលបានដាក់ កំហិតមិនឱ្យក្រុមហ៊ុន លោកខាងលិច មានទំនាក់ទំនងជាមួយគម្រោងថាមពល រុស្ស៊ី ក្នុងតំបន់អាក់ទិកឡើយ។ ចំណុចនេះ ជំរុញប្រទេសរុស្ស៊ីយកចិត្តទុកដាក់ និង សម្លឹងមកតំបន់អាស៊ីកាន់តែខ្លាំង ដើម្បីស្វែងរកផ្លូវសម្រាប់ធ្វើជាដៃគូដ៏មានសក្តានុពលសម្រាប់វិនិយោគ និងបច្ចេកវិទ្យា ព្រមទាំង ធ្វើជាទីផ្សារដ៏សំខាន់ ក្នុងនោះ ចិន ជា ប្រទេសដ៏ស័ក្តិសមជាគោលដៅសំខាន់ សម្រាប់រុស្ស៊ី។ ហេតុនេះទើប ទំនាក់ទំនង រវាងចិន នឹងរុស្ស៊ី ក្នុងតំបន់អាក់ទិក កាន់ តែមានការកើនឡើង។

មិនខុសពីរុស្ស៊ី មហិច្ឆតារបស់ចិន ក្នុង តំបន់អាក់ទិក ក៏បានឈានដល់ចំណុច កំពូលផងដែរ កាលពីខែមករាកន្លងទៅនេះ ប្រទេស ចិន បានប្រកាសអំពីគម្រោងគោលនយោបាយអាក់ទិក ដោយស្នើបង្កើត “វិថីសូត្រឆ្ពោះទៅតំបន់ប៉ូល” (Polar Silk Road)(សំដៅលើផ្លូវសេដ្ឋកិច្ចរបស់ចិន)។ «វិថីសូត្រទៅកាន់តំបន់ប៉ូល» គឺជាផ្នែក បន្ថែមមួយទៀតទៅនៃគម្រោងមួយដែល គេហៅថា «វិថីសូត្រថ្មី» (New Silk Road) ដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា «ខ្សែក្រវាត់មួយ វិថីមួយ» ក្នុងឆ្នាំ២០១៣។ ខ្សែក្រវាត់មួយវិថីមួយសំដៅលើដែនឆ្លងកាត់តំបន់ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងផ្លូវសមុទ្រមួយដែលឆ្លងកាត់ពីសមុទ្រចិនខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌា ហើយបញ្ចប់ត្រឹមព្រែកជីកស៊ុយអេ។

រាល់គម្រោងនេះអាចសម្រេចបាន ជោគជ័យ ត្រូវទាមទារការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រទេស រុស្ស៊ី។ ជាមួយគ្នានេះ ដែរ រុស្ស៊ីក៏រំពឹងនូវផលតបស្នងមកវិញផងដែរ តាមរយៈការការពារពី ប្រទេសចិន ក្នុងការវាយប្រហារទៅលើរដ្ឋទាំងបីនោះក្នុង តំបន់បាល់ទិក ដែលក្នុងនោះមានដូចជា ប្រទេស លីទុយអានី (Lithuania) ឡាតវី (Latvia) និងអេស្តូនី (Estonia)។ ជាអកុសល ប្រទេសទាំងបី មានអង្គការ ណាតូ ចក្រភពអង់គ្លេស កាណាដា និង យោធាពីបណ្តារដ្ឋផ្សេងៗ ជាខែលការពារ យ៉ាងរឹងមាំ៕ ម៉ែវ សាធី

 


ចែករំលែក៖