ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកបញ្ជូនកម្លាំងទាហានបន្ថែម២.៥០០នាក់ទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីបញ្ជូននាវាផ្ទុកយន្តហោះទី៣

ចែករំលែក៖

អាមេរិកបានសម្រេចបញ្ជូនកម្លាំង ​​​ ទាហានបន្ថែម២.៥០០នាក់ទៅកាន់កូរ៉េ ខាងត្បូង ដែលជាកម្លាំងទាហានជើងគោក។ សកម្មភាពខាងលើកើតឡើងក្នុងពេល ដែលស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹង ក្រោយកូរ៉េខាងជើងសាកល្បងកាំជ្រួចមីស៊ីលជាលើទី៩ និងការបញ្ជូននាវាផ្ទុក យន្តហោះទី៣របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េ។

ប្រភព័ព័ត៌មានបានឲ្យដឹងថា កម្លាំង ប្រយុទ្ធលេខមួយរបស់ កម្លាំងទាហានជើង គោកអាមេរិក បានទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសកម្មភាពការពារការ វាយប្រហារពីកូរ៉េខាងជើង។

នៅក្នុងសេចក្តីប្រកាសរបស់ កម្លាំង ទាហានជើងគោកអាមេរិក បានឲ្យដឹងថា «កម្លាំងទាហានរបស់យើងទទួលបានការហ្វឹកហាត់ ត្រៀមលក្ខណៈ សម្រាប់បំពេញការងារសំខាន់ៗនៅពេលខាងមុខយើង មានមោទនភាព នៅក្នុងការបង្កើនកម្លាំង ក៏ដូចជាទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែងជាមួយសម្ពន្ធមិត្ត។

មន្ត្រីអាមេរិកបានឲ្យដឹងថា ការដាក់ ពង្រាយកម្លាំងទាហានបន្ថែមនៅកូរ៉េខាងត្បូងដើម្បី បង្កើនសមត្ថភាពកម្លាំងយោធានៅទីនោះ។ បច្ចុបុ្បន្នអាមេរិកមានកម្លាំងទាហានប្រមាណ២៨.៥០០នាក់ ឈរជើង នៅលើទឹកដីកូរ៉េខាងត្បូង ជាការត្រៀម​លក្ខណៈ ទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។ ស្ថានភាពឧបទ្វីបកូរ៉េបាន តានតឹងកាន់តែខ្លាំងឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ធ្លាប់បានព្រមានថា សង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើងអាចនឹងកើតឡើងគ្រប់ពេលវេលា ប៉ុន្តែលោកត្រាំនៅតែគាំទ្រដំណោះស្រាយការបរទេសជាមុន ហើយ ប្រសិនបើមិនអាចដោះស្រាយបាននោះ ដំណាក់កាលចុងក្រោយ គឺមានតែធ្វើ​សង្គ្រាមប៉ុណ្ណោះ។

កូរ៉េខាងជើងប្តេជ្ញាត្រូវតែមានអាវុធ បរមាណូ ចំណែកអាមេរិកវិញប្តេជ្ញា មិន ឲ្យកូរ៉េខាងជើង មានអាវុធបរមាណូ ឡើយ។ ចំណុចទាំងនោះហើយដែលធ្វើឲ្យ វិវាទកាន់តែធ្ងន់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួម ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B ផងដែរ។ ភាគីកូរ៉េខាងត្បូងមិនបានបញ្ជាក់ច្បាស់លាស់ពីការធ្វើសមយុទ្ធនោះឡើយ។​នៅក្នុងការធ្វើ សមយុទ្ធនោះ យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកបានហោះហើរចម្ងាយពីទីក្រុង Gangeung កូរ៉េខាងជើងតែ៨០គីឡូម៉ែត្រប៉ុណ្ណោះ។ ការហោះចូលកៀកនោះបានធ្វើឲ្យទីក្រុងព្យុងយ៉ាង ព្រមានថា ជាការជំរុញឲ្យមានសង្គ្រាមបរមាណូកើតឡើងក្នុងតំបន់។

បច្ចុប្បន្នអាមេរិកបានឡោមព័ទ្ធកូរ៉េខាងជើង ដោយនាវាផ្ទុកយន្តហោះ៣គ្រឿង ដែលមានយន្តហោះចម្បាំងរាប់រយគ្រឿង រួមទាំងនាវាមុជទឹក ដើរដោយថាមពល បរមាណូ ៤គ្រឿង មានមីស៊ីល ៧០០ដើម ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ទៀតផង។ នេះជាការត្រៀម​ លក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជា មួយកូរ៉េខាងជើង ដែលមិនធ្លាប់មានពី​មុនមក។

អ្នកឯកទេសវិភាគលើកឡើងថា នៅ ពេលដែលស្ថានភាពឈានដល់កម្រិត មិន អាចអត់ធ្មត់បានទៀតនោះ អាមេរិកនឹង បើកការវាយប្រហារកូរ៉េខាងជើង ដោយ ប្រើពេលខ្លីបំផុត មិនឲ្យកូរ៉េខាងជើងអាច តដៃបានឡើយ។ បើទុកឲ្យកូរ៉េខាងជើងមានឱកាសវាយបកនោះ កូរ៉េខាងត្បូងនិងជប៉ុនត្រូវខូចខាតជាច្រើន។ ទាំងនោះ ហើយទើបអាមេរិក ប្រមូលកម្លាំងអាវុធ និងទាហាន វាយប្រហារកម្ទេចទីតាំង មីស៊ីល កាំភ្លើងធំកូរ៉េខាងជើង ក្នុងពេល​តែមួយ ទើបអាចកាត់បន្ថយការខូចខាត បាន។

ពាក់ព័ន្ធនឹងការបាញ់មីស៊ីលកន្លងមក យោងទៅតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង បាននិយាយថា តេស្តមីស៊ីលផ្លោងដ៏ថ្មី​បំផុត ចុងក្រោយរបស់ខ្លួន ទទួលបាន ជោគជ័យ គួរឲ្យកត់សម្គាល់ ដោយគ្រាប់​រ៉ុកែ្កត បានវាយប្រហារចំចំណុច នៃគោល ដៅដែលគ្រោងទុក ហើយតេស្តនេះ គឺ​ទទួលបានការដឹកនាំផ្ទាល់ ដោយមេដឹកនាំ របស់ខ្លួន គីម ជុងអ៊ុន។

គួររំលឹកផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមាន អាវុធនុយក្លេអ៊ែរ និងត្រូវគេគិតថា កំពុង តែប៉ុនប៉ងផលិតបង្កើតមីស៊ីល ដែលមាន សមត្ថភាព អាចវាយប្រហារ ដល់ទឹកដី អាមេរិក ប៉ុន្តែអ្នកជំនាញ បានពិចារណាថា គោលដៅនោះ នៅឆ្ងាយនៅឡើយ។

សហគមន៍អន្តរជាតិ មានប្រតិកម្មថ្កោលទោសយ៉ាងខ្លាំងទៅលើកូរ៉េខាងជើង ជា ពិសេសពីជប៉ុនដែលទាមទារឲ្យ អាមេរិក ចាត់វិធានការជាក់ស្តែងមួយ ដើម្បីកុំឲ្យ មានហេតុការណ៍បែបនេះកើតឡើងជា ដដែលៗ។

ការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបកូរ៉េខាងជើងនេះ ត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីពីរថ្ងៃនៃការរួមប្រជុំរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 នៅក្នុងប្រទេស អុីតាលី។ ថ្នាក់ដឹកនាំរបស់ក្រុមប្រទេសG7 បានវាយតម្លៃកាលពីថ្ងៃសៅរ៍មុនថា “ទង្វើ ផ្គើនរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយចំពោះពិភពលោក។

នៅប្រទេសជប៉ុន យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល “គ្រាប់មីស៊ីលកូរ៉េខាង​ជើង បានធ្លាក់ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់ជប៉ុនគឹនៅក្នុងតំបន់ដែនសមុទ្រដែលមានប្រវែងប្រមាណ ៣៧០គ.ម ពី ឆ្នេរសមុទ្រប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ បាន ប្រតិកម្មថ្កោលទោសកូរ៉េខាងជើង ចំពោះ ការផ្គើនសហគមន៍អន្តរជាតិ ដោយលោកមានបំណងចង់ឲ្យអាមេរិកចាត់វិធានការជាក់ស្តែងមួយ។

នៅចំពោះមុខក្រុមអ្នកកាសែត នាយក រដ្ឋមន្ត្រីជប៉ុន បានថ្លែងថា “ជប៉ុននឹងមិន អត់ធ្មត់ទៀតឡើយចំពោះការបង្កហេតុ​របស់កូរ៉េខាងជើងនេះ។ ការដែលកូរ៉េខាង​ជើង មិនព្រមអើពើនឹងការព្រមានរបស់ សហគមន៍អន្តរជាតិនោះ ត្រូវបាននាយក រដ្ឋមន្ត្រីជប៉ុនវាយតម្លៃថា “បញ្ហាកូរ៉េខាង​ជើង គឺជាអាទិភាពទីមួយរបស់សហគមន៍អន្តរជាតិ”៕ ម៉ែវ សាធី


ចែករំលែក៖