ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនឹងដឹកជញ្ជូនភ្ញៀវ១លាននាក់ដោយមិនគិតថ្លៃ

ចែករំលែក៖

ប្រទេសវៀតណាម៖ សម្រាប់រដូវក្តៅនេះ អាជ្ញាធរប្រទេសវៀតណាមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ VietJet ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះនៅប្រទេសវៀតណាមបានប្រកាសចេញផ្សាយផ្តល់សំបុត្រយន្តហោះប្រមាណ១លានសំបុត្រដោយមិនគិតថ្លៃដល់អតិថិជនរបស់ខ្លួន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីក្រុមហ៊ុននេះបានបង្ហាញពីសន្ទុះនៃការរីកចម្រើនរបស់ខ្លួនកាលពីពេលកន្លងទៅ។

ការផ្តល់ជូនដោយមិនគិតថ្លៃនេះនឹងត្រូវចាប់ផ្តើមធ្វើពីថ្ងៃទី ២៥-២៦ និង ២៧ ខែមេសា ឆ្នាំ ២០១៧ដោយគ្រប់ផ្លូវហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុន Vietjet ដូចជា ពីក្រុងហូជីមិញ ទៅកាន់ហុងកុង,តៃប៉ិ,តៃណាន,តៃជុង,កៅសៀង,សេអ៊ូល,បាងកក,សិង្ហបុរី,កូឡាឡាំពួរ,យ៉ាងហ្គូន។ ក្រៅពីនេះមាន ពីក្រុងហាណូយ ទៅកាន់តៃប៉ិប៊ូសាន,សិង្ហបុរី,សេអ៊ូល.បាងកក,សៀមរាប(កម្ពុជា),ពី Hai Phong ទៅកាន់ បាងកក,សេអ៊ូល និងពី ដាណាង ទៅកាន់សេអ៊ូល។

គួរបញ្ជាក់ដែរថាក្រុមហ៊ុនអាកាសចរណ៍ VietJet ទទួលបានយន្តហោះថ្មីចំនួន ១២ គ្រឿង ដោយបានបង្កើនក្រុមហោះហើររបស់ខ្លួនរហូតដល់ ៤១ គ្រឿង រួមមានម៉ូដែល A320 ចំនួន ៣០ គ្រឿង និងម៉ូដែល A321 ចំនួន ១១ គ្រឿង ដែលបានដឹកជញ្ជូនអ្នកដំណើរចំនួន ១៤.០៥ លាននាក់ពោលគឺកើនឡើងចំនួន ៥០.៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ និងបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍នាំមុខគេក្នុងទីផ្សារក្នុងស្រុកថែមទៀតផង។

បន្ទាប់ពី ៥ ឆ្នាំនៃការធ្វើប្រតិបត្តិការ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាង ៣៥ លាននាក់ និងទទួលបានពានរង្វាន់កោតសរសើរក្នុងស្រុកចំនួន ៣២ និងអន្តរជាតិចំនួន ៩។ ថ្មីៗនេះ ក្រុមហ៊ុននេះក៏ត្រូវបានជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅអាស៊ីឆ្នាំ ២០១៦ ដោយទទួលបានពានរង្វាន់ជាក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃថោកជាងគេនៅអាស៊ី “The Best Asian Low Cost Carrier 2015” និងពានរង្វាន់ជាក្រុមហ៊ុនដែលគេនិយមជាងគេនៅប្រទេសវៀតណាម “The Most Favourite Airline in Vietnam” នៅក្នុងកម្មវិធី TTG Travel Awards ឆ្នាំ ២០១៥។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍មួយនេះមានក្រុមហោះហើរចំនួន ៤៥ គ្រឿង រួមបញ្ចូលទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង ៣០០ ជើងក្នុងមួយថ្ងៃ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះមានប្រតិបត្តិការចំនួន ៦៣ ខ្សែនៅប្រទេសវៀតណាម និងទៅកាន់គោលដៅអន្តរជាតិផ្សេងទៀតដែលមានដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេសកម្ពុជា ប្រទេសចិន និងមីយ៉ាន់ម៉ា៕ ហេង សូរិយា


ចែករំលែក៖