ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយកាត់ទទឹងផ្លូវលេខ២៥៣កែងផ្លូវកម្ពុជាក្រោមគ្មានអ្នកមើល

ចែករំលែក៖

២-៣ថ្ងៃកន្លងមកនេះខ្ញុំបានឃើញខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយកាត់ទទឹងផ្លូវលេខ ២៥៣កែងផ្លូវកម្ពុជាជិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោករហូតមកដល់ពេលនេះមិនឃើញមានមន្ត្រីអាជ្ញាធរដែនដី ឬមន្ត្រីអគ្គិសនីចុះមក រៀបចំឲ្យមានរបៀបរបបនៅឡើយទេ។ មិនដឹងថា គេទុកដល់ពេលណាទៀតទើប រៀបចំឲ្យមានសណ្តាប់ធ្នាប់ ឬក៏ទុកដើម្បីលម្អទីក្រុងគជ់អាសុី ។

បើទុកឲ្យខ្សែភ្លើងដាច់ធ្លាក់បែបនេះវាអាចមានក្មេងក្មាងរពឹសដៃទៅកាន់ ឬប៉ះ បណ្តាលឲ្យឆក់ក៏ថាបាន តែបើខ្សែភ្លើងទាំងនោះមិនមានចរន្តអគ្គិសនីវាជាការគាប់ ប្រសើរទៅវិញ ។ ទោះបីយ៉ាងណាក៏ដោយប្រសិនបើបណ្តែតបណ្តោយឲ្យខ្សែភ្លើង រណេងរណោងដូចសព្វថ្ងៃនេះប្រៀបដូចជាទីក្រុងអត់មានអ្នកគ្រប់គ្រង ឬមន្ត្រីសង្កាត់ ខណ្ឌអត់ចេះមើលសោះតែម្តង ។

ផ្លូវនេះប្រសិនបើមានម៉ូតូ រថយន្តធុនតូចអាចបើកបរឆ្លងកាត់បាន តែបើរថយន្ត ធុនធួនល្មម ធុនធំពិតជាមិនអាចបើកឆ្លងកាត់បានឡើយ ។ អាស្រ័យដោយខ្សែភ្លើង ដែលដាច់ធ្លាក់នោះគេលើកខ្ពស់ជាជំហរមនុស្សដើរប្រហែល១ម៉ែត្រប៉ុណ្ណោះដោយ មានចងខ្សែជាប់នឹងថង់ប្លាស្ទិករយេងរយោងជាសញ្ញាសម្គាល់ទៀតផង ។

តាមពិតទៅមន្ត្រីអគ្គិសនីទេ ដែលមានភារកិច្ចជាអ្នករៀបចំខ្សែភ្លើងទាំងនោះ ព្រោះ ជាជំនាញរបស់ខ្លួន ហើយមិនគួរទុកឲ្យនៅត្រាំត្រែងនាំឲ្យខ្មាសដល់ភ្ញៀវបរទេសដែល គេស្នាក់នៅទីក្រុងភ្នំពេញ ។ ខ្ញុំយល់ថា នេះជារឿងកំប៉ិកកំប៉ុក តែបើទុកឲ្យរីកដុះដាល ពីកន្លែងមួយទៅកន្លែងមួយទៀតក៏អាចបន្តុះបង្អាប់ បន្ទាបតម្លៃសាលារាជធានីភ្នំពេញ ឬក៏សោភណភាពទីក្រុងផងដែរ ។ ដូច្នេះអាជ្ញាធរដែនដី និងមន្ត្រីអគ្គិសនីគួរណាស់ រៀបចំឲ្យបានសមរម្យដោយកាត់ខ្សែភ្លើងនោះចោល ឬក៏ចងលើកឡើងលើឲ្យបាន ខ្ពស់បន្តិចដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់យានយន្តផង និងសោភណភាព ទីក្រុងផង ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖