ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បានជះឥទ្ធិពលខ្លាំងដល់កិច្ចប្រជុំ APEC ដោយគ្មានសេចក្តីប្រកាសរួម

ចែករំលែក៖

រាល់កិច្ចប្រជុំនីមួយៗ នៅលើពិភព លោក ពិសេសគឺកិច្ចប្រជុំកំពូលៗ ជា លក្ខណៈអន្តរជាតិតែងតែមានសេចក្តី ប្រកាសរួម ដើម្បីជាការបង្ហាញនូវជោគ ជ័យនៃកិច្ចប្រជុំ សំខាន់នោះ ។ ប៉ុន្តែកិច្ច ប្រជុំកំពូល APEC លើកនេះ ជាការបរា ជ័យទាំងស្រុង ដោយមិនមានសេចក្តី ប្រកាសរួម ដែលមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ បណ្តាមេដឹកនាំ ជាសមាជិក APEC មិន មានសេចក្តីប្រកាសរួម ដោយប្រទេសទាំងអស់មិនចុះសម្រុងនឹងគ្នា ទើបមិនមាន សេចក្តីប្រកាសរួម។ នាយករដ្ឋមន្ត្រី ប្រទេស Pabua New Guinea លោក Peter O’neillបានបញ្ជាក់ថា នឹងចេញសេចក្តី ប្រកាសសរុបលទ្ធផលនៃកិច្ចប្រជុំប៉ុន្មានថ្ងៃខាងមុខ ទៀត។

ការដែលកិច្ចប្រជុំមិនមានសេចក្តីប្រកាសរួមបានបង្ហាញឲ្យឃើញថា ពិភពលោក កំពុងតែធ្លាក់នៅក្នុងដំណាក់កាលច្របូកច្របល់ មិនមានការរួបរួមគ្នា ជាសញ្ញាអវិជ្ជមានមួយឆ្ពោះទៅរកភាពតានតឹងបែកបាក់នៅពេលអនាគត ។

បណ្តាមេដឹកនាំ ២១ប្រទេស ដែល មានសេដ្ឋកិច្ចខ្ពស់ ហើយជាសមាជិក នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ី ហ្វិក ហៅកាត់ថា « APEC» មិនបានព្រមព្រៀងឯកភាពគ្នាទៅលើសេចក្តីប្រកាសរួម ក្រោយបញ្ចប់កិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅរដ្ឋធានី Port Moresby របស់ប្រទេស Papua new Guinea ។នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បាន និយាយទៅកាន់អ្នកសារព័ត៌មានថា ជំនួស សេចក្តីប្រកាសរួម គឺប្រទេសម្ចាស់ផ្ទះ Papua new Guinea នឹងចេញសេចក្តី ប្រកាស ក្នុងនាមជាប្រធាន APEC ។

កត្តាអ្វីដែលជំរុញមិនឲ្យមានសេចក្តី ប្រកាសរួម?

ប្រភពព័ត៌មាន ពីបណ្តាញព័ត៌មាន AP ,AFP បានផ្សាយថា នៅក្នុងកិច្ចប្រជុំខាង លើ កើតឡើងចំពេលដែលមានសង្គ្រាម ពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរលើពិភពលោកអាមេរិក-ចិន ក្នុងពេលដែលប្រទេសទាំងពីរ បាន ព្យាយាម បង្កើនឥទ្ធិពលនៅក្នុងតំបន់ ។ ទាំងនោះជាមូលហេតុ ធ្វើឲ្យសេចក្តី ប្រកាសរួមមិនអាចចេញជាផ្លូវការ។

នាយករដ្ឋមន្ត្រីកាណាដា បានទទួល ស្គាល់ថា មូលហេតុ គឺភាពខុសគ្នាយ៉ាងធំ ជុំវិញបញ្ហាពាណិជ្ជកម្មរវាងអាមេរិកនឹងចិន ។ រដ្ឋមន្ត្រីការបរទេស Papua new Guinea លោកRimbink Pato ក៏បាន បញ្ជាក់ថា វិវាទរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺ ជាមូលហេតុ ធ្វើឲ្យមេដឹកនាំ APEC មិនអាចឈានដល់សេចក្តី ប្រកាសរួម ដោយអាមេរិកនិងចិន កំពុង តែប្រជែងឥទ្ធិពលក្នុងតំបន់។

ចិននិងអាមេរិក ដែលសុទ្ធសឹងជាសមា ជិកAPEC និងដែលកំពុងមានសង្គ្រាម ពាណិជ្ជកម្មនឹងគ្នា បានបន្តជម្លោះពាក្យ សម្តីវាយប្រហារគ្នា តាមរយៈសុន្ទរកថា តាំងពីមុនបើកជំនួបជាផ្លូវការ។ ប្រធានា ធិបតីចិន ដែលលេចមុខខ្លាំង បានបរិហារនយោបាយជាតិនិយមរបស់អាមេរិក និងលើកតម្កើងគម្រោងវិនិយោគផ្លូវមួយខ្សែក្រវាត់មួយ។ ឯលោកអនុប្រធានាធិបតី អាមេរិក បានអំពាវនាវហៅប្រទេសក្នុង តំបន់ឱ្យងាកមកខាងអាមេរិក និង កុំលង់ នយោបាយការទូតជះលុយរបស់ចិន។

ប៉ាពួញូវហ្គីនៀ ដែលជាម្ចាស់ផ្ទះរៀប ចំជំនួប បានក្លាយជាសមរភូមិប្រយុទ្ធ ដណ្តើមឥទ្ធិពលគ្នា។ ចិនបានបង្ហាញ ស្នាដៃតាមរយៈការផ្តល់ហិរញ្ញវត្ថុស្ថាបនាផ្លូវថ្នល់ សម្ពោធឱ្យប្រើប្រាស់មុនថ្ងៃបើក ជំនួប។ ឯអាមេរិកប្រកាសរៀបចំគម្រោងជាមួយអូស្ត្រាលី ជប៉ុននិងនូវែលហ្សេឡង់ ផ្តល់អគ្គិសនីឱ្យពលរដ្ឋប៉ាពួញូវហ្គីនៀ ៧០%មានភ្លើងប្រើប្រាស់។

ការប្រកួតប្រជែងនេះបានបំផុសក្តី ព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមកលើក្រុមប្រទេសAPEC។ មេដឹកនាំក្រុមហ៊ុនសហគ្រាសអន្តរជាតិ គ្រាក់ៗ មិនស្តីជាសាធារណៈទេ តែបានលើកអំពីក្តីព្រួយបារម្ភរបស់គេថាហេតុអ្វី ពិភពលោកដើរមកដល់ចំណុចនេះ។ របៀបវារៈជាជំនួបកំពូលក៏ប្រែមកត្រឹមជាជំនួបប្រជុំធម្មតា ដោយហេតុរដ្ឋធានីរបស់ប៉ាពួញូវហ្គីនៀ ល្បីខាងមានអសន្តិសុខ អារ.កមនុស្ស។

ចិនបង្ហាញវត្តមានកាន់តែខ្លាំងឡើងៗ ឯអាមេរិកដកថយទៅៗ !

APEC ជាអង្គការដែលប្រមូលផ្តុំទៅដោយសមាជិកចំនួន២១ប្រទេស រាប់ទាំង ចិននិងអាមេរិកផង។ នៅឆ្នាំនេះ អ្នក ដែលលេចធ្លោជាងគេ គឺលោក ស៊ី ជីន ពីង។ លោកបានអញ្ជើញមកដល់ប្រទេសប៉ាពួញូវហ្គីនៀ តាំងពីថ្ងៃព្រហស្បតិ៍ និង បានចូលរួមសម្ពោធមហាវិថីឯករាជ្យមួយ ដែលចិនជាអ្នកផ្តល់ហិរញ្ញវត្ថុសាងសង់។ ប៉ាពួញូវហ្គីនៀ បានលាកម្រាលព្រំ ទទួល ស្វាគមន៍ គណៈប្រតិភូចិនតែម្តង។

ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស ធ្វើជា ឧបសគ្គ មិនអញ្ជើញមកចូលរួមជំនួប កំពូលនេះទេ ដោយទុកភារៈឱ្យលោក ម៉ៃក៍ ផេនស៍ អនុប្រធានាធិបតីមកជា តំណាងវិញ។ លោក ម៉ៃក៍ ផេនស៍ បាន អញ្ជើញមកដល់ប៉ាពួញូវហ្គីនៀ តែមួយ ម៉ោងមុនឡើងថ្លែងសុន្ទរកថាប៉ុណ្ណោះ និងគ្រោងស្នាក់នៅក្នុងប្រទេសនេះតែប៉ុន្មានម៉ោង មុននឹងប្តូរចិត្តព្រមនៅមួយយប់លើកោះប៉ាពួញូវហ្គីនៀ។ សូម្បីតែក្នុងរូបថត ជួបជុំមុនជំនួបកំពូលក៏គ្មានរូបលោកអនុប្រធានាធិបតីអាមេរិកផង។

អតីតទីប្រឹក្សាសន្តិសុខជាតិសម័យលោកបារ៉ាក់អូបាម៉ា យល់ថា អវត្តមាន របស់លោកត្រាំក្នុងជំនួបកំពូលនេះ ជា ការប្រទានឱកាសដ៏មហិមាឱ្យចិន ក្នុងការពន្លាតវិសាលភាពនិងឥទ្ធិលរបស់គេនៅ ក្នុងតំបន់។

ម្យ៉ាងវិញទៀត ជំនួបកំពូលឆ្នាំនេះ ទំនងជាមិនត្រូវបានសម្រេចអ្វីដូចមានចែងក្នុងរបៀបវារៈ ក្រៅអំពីការបង្ហាញវត្តមានដើម្បីបង្ហាញឥទ្ធិពលទេ។ ជំនួបត្រូវបានរៀបចំធ្វើនៅក្នុងប្រទេសដែលមានអសន្តិសុខខ្លាំង ! គ្មានការគំរាមកំហែងភេរវនិយមពីសំណាក់ពួកអ៊ិស្លាមជ្រុលកម្មទេ តែជាអសន្តិសុខដែលបង្កឡើងដោយក្រុមល្បីខាងអារ.កមនុស្ស។ បេសកកម្មការពារ សន្តិសុខត្រូវប្រគល់ទៅឱ្យកងកម្លាំង បរទេស។ អូស្ត្រាលីបានពង្រាយទាហាន ១៥០០នាក់ មានទាំងទ័ពពិសេស យន្តហោះប្រដេញនិងនាវាសង្គ្រាមទៀតផង៕ ម៉ែវ សាធី

 


ចែករំលែក៖