ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ៖ទីក្រុងប៉េកាំងអនុវត្តយុទ្ធសាស្ត្រថ្មី

ចែករំលែក៖

ទីក្រុងប៉េកាំងបានសម្រេច អនុវត្តយុទ្ធសាស្ត្រថ្មី នៅក្នុងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក ក្នុងពេលដែលកំពុងតែតានតឹងខ្លាំងឡើងៗ ។

កិច្ចប្រជុំ «China Meets Europe»(ជំនួបពិភាក្សាចិន -អឺរ៉ុប)នឹងត្រូវធ្វើឡើងនៅទីក្រុងHambergនាថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីពីភាក្សាទៅលើបញ្ហាសំខាន់ ក្នុងទំនាក់ទំនង ចិន អឺរ៉ុប ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Die Welt នៅមុនកិច្ចប្រជុំទីក្រុង Hamburg អគ្គរដ្ឋទូតចិន ប្រចាំនៅអាល្លឺម៉ង់់ លោក Shi Mingdeបានសរសើរដល់ ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុង ប៉េកាំង នឹងប៊ែកឡាំង ។ អាល្លឺម៉ង់នៅតែជាដៃគូ ធំបំផុត របស់ចិននៅអឺរ៉ុប ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik លោកVladislavBelovអ្នកឯកទេស ទទួលបន្ទុក អឺរ៉ុប មកពីប្រទេសរុស្ស៊ីបានបញ្ជាក់ថា «បណ្តាក្រុមហ៊ុនអឺរ៉ុប មានការពេញចិត្តយ៉ាងខ្លាំង ចំពោះ កិច្ចសហប្រតិបត្តិការ ជាមួយចិន បើទោះបីគ្រប់យ៉ាងមិនមែនជារឿងងាយស្រួលក្តី ។

លោកBelov បញ្ជាក់ថា «ជាការពិតណាស់ សង្គ្រាមពាណិជ្ជកម្ម អាមេរិក -ចិន គឺជាចំណុចល្អ ដើម្បីឲ្យចិន និងអឺរ៉ុប បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ។ ប៉ុន្តែភាគីនីមួយ មានចក្ខុវិស័យ យុទ្ធសាស្ត្រផ្សេងៗគ្នាទៅលើដៃគូរបស់ខ្លួន ។ នៅថ្ងៃអនាគត ប្រសិនបើសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន តានតឹងជាងនេះ នឹងធ្វើឲ្យទំនាក់ទំនង អឺរ៉ុបចិន កើនឡើងលើគ្រប់វិស័យ» ។

ចំពោះបណ្តាក្រុមហ៊ុននៅអឺរ៉ុប បានប្តេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ប៉ុន្តែមានសភាពយឺតយ៉ាវ ។ លោក Xu Feibiao អ្នកឯកទេស ពាណិជ្ជកម្ម អន្តរជាតិ មកពីមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន បានបញ្ជាក់ថា «អឺរ៉ុប នឹងចិន បានទទួលនៅសម្ពាធយ៉ាងខ្លាំងពីអាមេរិកដូចគ្នា» ។ ចំណុចដែល លោក Xu Feibiao ចង់លើកឡើងនោះគឺ ទីក្រុងប៉េកាំង និង អឺរ៉ុប ចាំបាច់ត្រូវតែ បង្កើតដៃគូពិតប្រាកដនៅក្នុងវិស័យពាណិជ្ជកម្ម ។

លោក Xu បានបញ្ជាក់ទៀតថា «សហគមន៍អឺរ៉ុប មានកម្លាំងសេដ្ឋកិច្ច គ្រប់គ្រាន់ហើយ អឺរ៉ុប មិនត្រូវការអាមេរិក ជួយនៅក្នុងវិស័យសេដ្ឋកិច្ចឡើយ ។ អ្នកឯកទេសចិន បានបញ្ជាក់ថា បញ្ហា គឺស្ថិតនៅ លើផលប្រយោជន៍ ផលលាភ ដែលជាចំណុចជួយឲ្យអឺរ៉ុប សម្រេចជ្រើសរើសដៃគូពាណិជ្ជកម្មរបស់ខ្លួន ។ អឺរ៉ុបតែងតែស្វែងរកផលប្រយោជន៍របស់ខ្លួន នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងអឺរ៉ុប នឹងចិន មានធំជាង ពាណិជ្ជកម្ម រវាង អឺរ៉ុបនឹងអាមេរិក នោះហើយ ជាហេតុផលដែល ចិននិងអឺរ៉ុប ត្រូវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ។

សកម្មភាពបង្កើនទំនាក់ទំនងរវាង អឺរ៉ុប នឹង ចិន កើតឡើងក្នុងពេលដែលអឺរ៉ុប បានខិតខំសមគ្គីភាពតំបន់ ដើម្បីចាកចេញពីឥទ្ធិពលរបស់អមេរិក ។ កន្លងមក អឺរ៉ុប បានសម្រេចប្រើប្រាស់ ប្រាក់អឺរ៉ូ ដើម្បី ដោះដូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេស ផ្សេងទៀត ក្នុងនោះមានការទិញប្រេងពីអ៊ីរ៉ង់ ជាដើម ដើម្បីបញ្ចៀស ទណ្ឌកម្មពីអាមេរិក ។ មិនតែប៉ុណ្ណោះ អឺរ៉ុប ក៏បានសម្រេចបង្កើនកម្លាំងការពារដាច់ដោយឡែក ដើម្បីការពារអឺរ៉ុប បញ្ចប់ការពឹងផ្អែកទៅលើ កម្លាំង ណាតូ ដែលមានអាមេរិកជាអ្នកដឹកនាំនោះ ។

ជាមួយគ្នានេះដែរ ការចាកចេញពីអឺរ៉ុប របស់អង់គ្លេស Brexit ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប ជាកត្តាសំខាន់ជំរុញឲ្យអឺរ៉ុប កាន់តែជិតស្និទ្ធជាមួយចិន ។

ពាក់ព័ន្ធការចាកចេញពីអឺរ៉ុប របស់អង់គ្លេសវិញ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ម៉េ និងប្រធានសហភាពអឺរ៉ុប លោក Donald Tusk បានជំនួបកំពូល មេដឹកនាំសហភាពអឺរ៉ុប ដើម្បីបញ្ចប់កិច្ចព្រមព្រៀង Brexit ជាផ្លូវការ ក្នុងទីក្រុង ប្រ៊ុចស៊ែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

មេដឹកនាំសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ទី២៥ វិច្ឆិកា និងបានអនុម័ត លើកិច្ចព្រមព្រៀងលែងលះគ្នាជាផ្លូវការ ជាមួយប្រទេសអង់គ្លេស (Brexit) ។ ការចាកចេញរបស់អង់គ្លេស ពីសមាជិកបណ្តាប្រទេសសហភាពអឺរ៉ុប ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏គួរឲ្យសោកស្តាយ ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលទីក្រុងឡុវិញ ការចាកចេញនេះ គឺជាក្តីសង្ឃឹមដ៏ភ្លឺស្វាងមួយសម្រាប់អនាគតប្រទេសអង់គ្លេស ។

“ថ្ងៃដែលអង់គ្លេសចែកផ្លូវ ជាមួយសហភាពអឺរ៉ុប វាគឺជាថ្ងៃដ៏ក្រៀមក្រំ” ។ នេះ គឺជាការលើកឡើងរបស់ ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ដោយលោកបានគូសបញ្ជាក់បន្ថែមថា ការឈរមើលប្រទេសដូចជាចក្រភពអង់គ្លេស…ចាកចេញពីសហភាពអឺរ៉ុប វាមិនមែនជាពេលវេលាសប្បាយរីករាយនោះទេ តែវាគឺជាពេលវេលាដ៏សោកសៅមួយ ។

សូមជម្រាបជូនថា មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបចំនួន ២៧ ប្រទេស បានព្រមព្រៀងគ្នាលើការផ្តាច់ខ្លួនរបស់ប្រទេសអង់គ្លេស ចេញពីសហភាពអឺរ៉ុប ហើយបន្ទាប់មកទៀត ក្រុមបទេសអឺរ៉ុបទាំងអស់ នឹងមានកិច្ចប្រជុំបន្ចាប់ជាមួយ នឹងនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោកស្រី តេរ៉េហ្សា ម៉េ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយគ្នា ។

គួររំឭកជូនផងដែរថា ទម្រាំឈានដល់កិច្ចព្រមព្រៀងជាផ្លូវការនៃការលែងលះគ្នារបស់សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសនេះ សហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាលអង់គ្លេសដឹកនាំដោយលោកស្រី ម៉េ បានចំណាយពេលចរចាគ្នា ប្រមាណជា ១៧ ខែមកហើយ ។ ចំណុចដែល ភាគីទាំងពីរពិបាកនឹងរកផ្លូវដើររួមគ្នានោះ គឺទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ សិទ្ធិប្រទេសអៀរឡង់ខាងជើង និងដំណាក់កាលអន្តរកាល ទំនាក់ទំនងសន្តិសុខ និងការធ្វើពាណិជ្ជកម្មជាមួយគ្នានាពេលអនាគត ។

គួរកត់សម្គាល់ទៀតថា ទោះបីជាសហភាពអឺរ៉ុបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំពោះការផ្តាច់ខ្លួនចេញរបស់អង់គ្លេសហើយយ៉ាងណាក្តី នេះមិនមែនមានន័យថា អ្វីៗវាចប់ជាស្ថាពរនោះឡើយ ។ រដ្ឋាភិបាលអង់គ្លេស ត្រូវឆ្លងកាត់ដំណាក់កាលចុងក្រោយមួយទៀត នោះគឺដំណាក់កាលសភាប្រជាជន ។

វាមានន័យថា គណបក្សកាន់អំណាចរបស់លោកស្រីម៉េ ត្រូវការ ការយល់ព្រមពីសភាជាតិអង់គ្លេស លើកិច្ចព្រមព្រៀងដែលលោកស្រីបានឯកភាព និងសម្រេចបានជាមួយសហភាពអឺរ៉ុប ។ មិនតែប៉ុណ្ណោះ រដ្ឋការរបស់លោកស្រីម៉េ ត្រូវធ្វើយ៉ាងណា ទទួលបានការគាំទ្រពីសភាអង់គ្លេស ឲ្យបានមុនកាលកំណត់ Brexit ផ្លូវការ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕


ចែករំលែក៖