ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹង បើកម៉ូតូកញ្ចាស់បុករថយន្តចំពីមុខ ស្លាប់ភ្លាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់សង្ស័យទើបចេញពីកន្លែងផឹកសុី ស្រវឹងខ្លាំងបើកម៉ូតូកញ្ចាស់ត្រឡប់ទៅផ្ទះវិញ រេពេញផ្លូវក៏ជ្រុលចង្កូតបុករថយន្តដែលកំពុងបើកបញ្ច្រាសទិស ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ គ្រោះថ្មាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ សេក វិន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងលើក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកម្ចាស់រថយន្តឈ្មោះ ផុង រិទ្ធិវាសនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-6657 ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ទិសដៅពីកើតទៅលិច រេចង្កូតពេញផ្លូវដោយល្បឿនលឿន សង្ស័យទើបចេញពីកន្លែងផឹកសុីជួបជុំមិត្តភក្តិ ហើយវិលត្រឡប់ទៅផ្ទះវិញ ស្រាប់តែបើកមកដល់កន្លែងកើតហេតុ ចន្លោះគីឡូម៉ែត្រលេខ២-៣ ជ្រុលចង្កូតបុករថយន្តខាងលើចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ អ្នក កបើកបររថយន្ត បានរត់គេចខ្លួន តែសមត្ថកិច្ចស្រាវជ្រាវក្នុងរថយន្ត ស្គាល់ឈ្មោះ និងអាសយដ្ឋានតាមរយៈអត្តសញ្ញាណប័ណ្ណ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅគេហដ្ឋាន រៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូរងគ្រោះ សមត្ថកិច្ច ដកហូតយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ៕ សេនាស័ក្តិ


ចែករំលែក៖