ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឡើងលួចចាប់សត្វព្រាបធ្វើម្ហូបក្លែមភ្លាតស្នៀតធ្លាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញសាកសពបុរសម្នាក់នៅលើបេតុងឃឿនវិហារក្នុងបរិវេណវត្ត ដែលករណីនេះ ត្រូវបានគេសង្ស័យអាចបណ្ដាល មកពីឡើងលួចចាប់សត្វព្រាបក្នុងគោលបំណងយកមកធ្វើម្ហូបក្លែម ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឃឿនព្រះវិហារវត្តកេះជុំ ស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំបានឲ្យដឹងថា សាកសពត្រូវបានប្រទះឃើញឈ្មោះ ឈន សុខា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានក៏សហការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវស្រង់យកចម្លើយ លទ្ធផល៖ ឃើញថា ជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ អាចស្លាប់ដោយសារធ្លាក់ពីលើដំបូលព្រះវិហារពិតប្រាកដ ហើយក៏អាចជាប់ពាក់ព័ន្ធករណីឡើងលើដំបូលព្រះវិហារចាប់សត្វព្រាបធ្វើម្ហូបក្លែម ព្រោះកន្លងមក ករណីនេះក៏ធ្លាប់ឮពាក្យចចាមអារ៉ាមផងដែរ ។

ប្រភពដដែលខាងលើបន្តទៀតថា នៅក្បែរសាកសពមានឫស្សី(បង្អោង) អាចដាក់ឡើងលើដំបូលព្រះវិហារ ហើយអាចមានគ្នាយ៉ាងតិចចំនួន ៣នាក់ក្នុងករណីនេះ ហើយក៏អាចធ្វើសកម្មភាព និងកើតហេតុការណ៍នេះក្នុងចន្លោះម៉ោងជាង៨យប់ មុនមួយថ្ងៃៗ បង្កការភ្ញាក់ផ្អើល រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បឹុម ពិន


ចែករំលែក៖