ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខក្រុមហ៊ុនជីបម៉ុងម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រុមហ៊ុនជីបម៉ុង បានដេកស្លាប់នៅក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលម៉ោង១៨និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ ឌុក វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាសន្តិសុខយាមនៅក្រុមហ៊ុនជីបម៉ុង ស្នាក់នៅបន្ទប់ជួលខាងលើ និងមានស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល។

លោក ជុន ម៉ៅ អាយុ៤៧ឆ្នាំ ដែលជាសន្តិសុខយាមនៅក្រុមហ៊ុនជីបម៉ុងដូចគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ(សព) បានមកជួលបន្ទប់ស្នាក់នៅជាមួយគាត់នៅចំណុចខាងលើ ដោយជនរងគ្រោះជាអ្នកយាមពេលយប់ ហើយគាត់យាមពេលថ្ងៃ លុះដល់ម៉ោងកើតហេតុ រូបគាត់ត្រូវប្តូរវេនទៅសម្រាកហើយជនរងគ្រោះ(សព)ត្រូវមកយាមបន្តវេននៅពេលយប់វិញ ប៉ុន្តែមិនឃើញមកប្តូរ ពេលនោះគាត់ក៏ជិះម៉ូតូទៅបន្ទប់ជួលហៅមិនឆ្លើយក៏ទៅប្រាប់ម្ចាស់ផ្ទះជួលឲ្យមកជួលគាស់ទ្វារមើលស្រាប់តែឃើញ ជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលឡើងតែម្តង ពេលនោះម្ចាស់ផ្ទះជួលក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

ប្រភពពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យលើសាកសពរួចរាល់បានប្រាប់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីទេ។ ក្រោយកើតហេតុ សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ តុង សីហា


ចែករំលែក៖