ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខឯកជនវាយអ្នកអនាម័យរបួសភ្នែកម្ខាងជនរងគ្រោះទារសំណង២ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ: បុរសជាសន្តិសុខ ក្រុមហ៊ុនឯកជន CPS វាយនារីជាអ្នកអនាម័យម្នាក់ បណ្តាលឲ្យរងរបួសត្រង់ភ្នែកឆ្វេងម្ខាង ដោយសារទាស់ពាក្យសម្ដីគ្នា ក្នុងរឿងយកង់ទៅទុកខុសកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ០៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងបាយមួយកន្លែងមានឈ្មោះ តេប៉ាក់ ផ្លូវលេខ៤៣២ កែងផ្លូវលេខ១៨៧ ខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ធ ស.ព អាយុ ២២ឆ្នាំ បម្រើការងារនៅកន្លែងខាងលើ ផ្នែកអនាម័យ និងមានទីលំនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកជនដៃដល់មានឈ្មោះ រ. ស.រ អាយុ ២៧ឆ្នាំ ជាសន្តិសុខឯកជន របស់ក្រុមហ៊ុន CPS និងយាមនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះកង់របស់នាង ទៅចតនៅមាត់ទ្វារោងបាយខាងក្រោយ ដោយទុកខុសកន្លែង ភ្លាមនោះ បុរសជាសន្តិសុខ បានទៅប្រាប់ឲ្យយកទៅទុកនៅមុខវិញ តែនាងមិនព្រមធ្វើតាម ទើបកើតជាទំនាស់ពាក្យសម្ដីគ្នា រហូតឈានដល់បុរសជាសន្តិសុខវាយមួយដៃទៅលើនាង ត្រូវចំភ្នែកបណ្តាលឲ្យរងរបួសតែម្តង។

បន្ទាប់ពីកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ឃាត់ខ្លួនបុរសជាសន្តិសុខ រួចនាំនារីរងគ្រោះ ឲ្យមកសម្របសម្រួលគ្នានៅនគរបាលប៉ុស្តិ៍ទំនប់ទឹក ដោយជនរងគ្រោះ ទារជំងឺចិត្តចំនួន ២ពាន់ដុល្លារ តែបុរសជាជនដៃដល់ គ្មានលុយសង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់នគរបាលខណ្ឌចំការមន ដោះស្រាយគ្នា ជាបន្តទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖