ព័ត៌មានទាន់ហេតុការណ៍៖

សមគមទូរទស្សន៍កម្ពុជារៀបចំថតកម្មវិធីរាំច្រៀងអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលមួយថ្ងៃពេញថ្ងៃទី២៨ ខែមីនា ដែលសមាគមន៍ទូរទស្សន៍កម្ពុជាបានរៀបចំកម្មវិធីថតកម្មភាពរាំច្រៀងរបស់សិល្បករ សម្រាប់ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក្កិពុទ្ធសករាជ២៥៦២ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងមួយថ្ងៃពេញនាថ្ងៃទី២៨ខែមីនានេះនៅទីតាំងទូរទស្សន៍ហង្សមាសនាសង្កាត់ព្រែកឯង។

សិល្បករខ្មែរជាច្រើនរយនាក់បានប្រមូលផ្តុំគ្នាចូលរួមថតកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយសមាគមទូរទស្សន៍កម្ពុជានេះដោយពួកគេបាន បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ អបដោយការច្រៀងរាំបទចម្រៀងប្រជាប្រិយខ្មែរ របាំប្រជាប្រិយ របាំបុរាណ ។

លោក ករុណា ពេជ្រ ដែលបានដឹកនាំសិល្បករ ជាពិធីករ និងជាតារាចម្រៀងប្រចាំទូរទស្សន៍ និងផលិតកម្មថោនបានលើកឡើងថាលោកសប្បាយរីករាយដែលបានរួមចំណែកផ្តល់ការកម្សាន្តជូនទស្សនិកជននាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

លោកបញ្ជាក់ដែរថា មិនត្រឹមតែជាថ្ងៃឈប់សម្រាកកម្សាន្តទេ ក៏ជាឱកាសជួបជុំសាច់ញាតិ ការរួមគ្នាធ្វើបុណ្យតាមប្រពៃណីសាសនា។អ្វីដែលលោកសាទរផងដែរនោះគឺក្រោយពេលដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសយកចង្វាក់សារ៉ាវ៉ាន់ ជាចង្វាក់គោលរាំសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ។

ជាមួយគ្នានេះលោកក៏បានជូនពរដល់ប្រជាជនខ្មែរគ្រប់ទិសទីបានប្រកបនូវសេចក្តីសុខ សុភមង្គល រីកចម្រើន និងទទួលជ័យជម្នះគ្រប់ការងារក្នុងឆ្នាំថ្មីនេះ ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់និងគោរពច្បាប់នៅពេលបើកបរទៅគ្រប់ទីកន្លែង៕ វឌ្ឍនា


ចែករំលែក៖