ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពង់ស្ពឺ និងរាជធានីភ្នំពេញចាប់ខ្លួនមេការក្រុមហ៊ុនម្នាក់ តាមដីកាតុលាការខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មេការក្រុមហ៊ុនម្នាក់ ត្រូវបានតុលាការចោទប្រកាន់ថាជាអ្នកផ្តើមគំនិតដឹកនាំក្រុមក្មេងស្ទាវ ចុះរុះរើបង្គោលរបង និងបំផ្លាញដំណាំគ្រួសារកងទ័ពរស់នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចកន្លងមកនោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះចាប់ដល់ក្នុងផ្ទះ កាលពីម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះអ៊ុក វិច្ឆិកា ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៩៣D ផ្លូវលេខ១៥០ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព៌័តមានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៨១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានតុលាការ ខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើរំលោភកាន់ កាប់អចលនវត្ថុ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថខ័ណ្ឌទួលគោក បានប្រគល់ជនសង្ស័យខាងលើមកឲ្យខាងអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បី បន្តទៅតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់មូលដា្ននកងរាជអាវុធហត្ថខេត្តដើម្បីប្រគល់ជូនសាលាដំបូងខេត្តអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

សូមរំលឹកថាមានរឿងរំលោភដីធ្លីជាច្រើនករណី បានកើតឡើងនៅជិតក្រុមហ៑ុនអ៑ុកឃុនដំណាំកសិឧស្សាហកម្មស្វាយចន្ទីចាប់តាំង ពីលោកអ៑ុក វិច្ឆិកា មកកាន់ការងារនៅក្រុមហ៑ុនមួយនេះដែលពេលខ្លះប្រើមនុស្សក្រៅតំបន់រុះរើរបងរបស់ប្រជាពលរដ្ឋចូលកាន់កាប់លើដីរបស់គេថែមទាំងដុតផ្ទះរបស់ប្រជាពលរដ្ឋទៀតផង។

មុនពេលចាប់ខ្លួនលោកអ៊ុក វិច្ឆិកា ធ្លាប់បានប្រាប់ថា ដីដែលលោកប្រើមនុស្សឲ្យរុះរើរបងនោះ ជាដីក្រុមហ៊ុនហើយបានបែងចែកឲ្យប្រជាពលរដ្ឋដែលអត់មានទីលំនៅដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលដែលរហូតមកដល់ពេលនេះប្រជាពលរដ្ឋភាគច្រើនបានបម្រើការក្នុងក្រុមហ៊ុនទៀតផង។

គួររំឮកថា កាលពីកន្លងទៅឈ្មោះអ៊ុក វិច្ឆិកា បានប្រើប្រាស់ក្មេងស្ទាវប្រមាណ១០០នាក់ ប្រដាប់់ដោយកាំបិត និងដំបង មានទាំងគ្រឿងចក្រ បានធ្វើការឈូសឆាយបំផ្លាញរបងដីរបស់ប្រជាពលរដ្ឋនៅទីនោះចំនួន៧៦គ្រួសារទៀតផង។ការរំលោភបំពានបាន កាប់បំផ្លាញដំណាំស្វាយរបស់លោកស្រីរ៉ែមផលចាន់លីជាគ្រួសារកងទ័ពអស់ចំនួន២៥ហិកតា នៅភូមិពាមអន្ទង់រហូតមកដល់ពេលនេះ ពួកគាត់ មិនត្រឹមតែមិនហ៊ានចូលកាន់កាប់ដីនោះវិញទេសូម្បីតែទៅជិតក៏មិនបានផង៕ សេនាស័ក្តិ


ចែករំលែក៖