ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ប្រុស ស្រី ចំនួន១៩នាក់ករណីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអន ឡាញ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្ត និងសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន១៩នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ អន ឡាញ មួយកន្លែងក្នុងក្រុងសៀមរាប។

ហេតុការណ៍ឃាត់ខ្លួន បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច៣កន្លែងផ្សេងគ្នាក្នុងនោះមាន (ផ្ទះសំណាក់យីហោ ស៊ាន ហ៊ួ ធាន និងនៅក្នុងផ្ទះជួល ២ល្វែង គឺ B23 និង B26 ក្នុងភូមិគ្រួស សង្កាត់សា្វយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ជា គឹម សាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តបានដឹងថា បន្ទាប់ពីបានទទួលព័ត៌មានមួយច្បាស់ការ រួចមក លោកបានដាក់កម្លាំងចុះទៅបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អន ឡាញដោយឃាត់ខ្លួនជនជាតិចិនចំនួន១៩នាក់ យកទៅសួរនាំ ។ លោកបានបន្តថា ជនសង្ស័យទាំងនោះ ឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ ស៊ាន ហ៊ួ ធាន ចំនួន១៣នាក់ ស្រីម្នាក់ និងចំនួន៦នាក់ទៀត ទៅឆែកឆេរ នៅក្នុងផ្ទះជួល ២ល្វែង បន្ថែមទៀតគឺ B23 និង B26 ដែលមានទីតាំងស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សា្វយដង្គំ ក្រុង/សៀមរាបដូចគ្នា ។ លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ប្រុស ស្រី ចំនួន១៩នាក់ខាងលើ លោកបានឱ្យកម្លាំងជំនាញ ដឹកយកមកសួរនាំនៅស្នងការខេត្ត រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការបន្ត ដើម្បីចាត់ការនិតិវិធីច្បាប់ ។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ កុងព្យួទ័រនៅលើតុ ចំនួន១២គ្រឿង ,កុងព្យួទ័រយួដៃរ ចំនួន៤គ្រឿង ,ទូរស័ព្ទដៃចំនួន១០គ្រឿង ,និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិ ចិន ប្រុស ស្រី ចំនួន១៩នាក់ និងវត្ថុតាង ទាំងអស់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត កំពុងសួរនាំនៅស្នងការខេត្ត បណ្តោះអសន្ន រួចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ជានិរន្ដ៍

ge dw er fe


ចែករំលែក៖