ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូត​ដាវ៤ដើម និង​ថ្នាំញៀន​មួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា មានការចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មរួចមក កម្លាំង​អាវុធហត្ថខណ្ឌមានជ័យ​បាន​បើក​ការស្រាវជ្រាវភ្លាមៗ រហូតកំណត់​បាន​មុខ​សញ្ញាច្បាស់ កំពុង​លាក់ខ្លួន​នៅចំណុចភូមិព្រែកទាល់ ខណ្ឌមានជ័យ ភ្លាមនោះកម្លាំង​បាន​ឆ្មក់​ចុះទៅ​ទីតាំង​នោះ​តែម្តង ដោយជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​បាន៦នាក់ (ក្នុងនោះ​មាន​ម្នាក់ ជា​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ២ឆ្នាំ ពីបទ​ប្លន់) រួមជាមួយ​ថ្នាំញៀន​មួយចំនួនធំ និងដកហូតបានដាវចំនួន៤ដើមផងដែរ ។

ប្រតិបត្តិការ​បង្ក្រាបទីតាំងខាងលើនេះ​ បានធ្វើឡើង​កាលពី​រសៀល​ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅ​តំបន់​ស្មុគស្មាញ់ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយប្រតិបត្តិការ កម្លាំង​អាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា ប្រភេទម៉ា​ទឹកកក​មួយចំនួនធំ ដាវ​សា​ម៉ូ​រៃ៤ដើម រួមទាំង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនធំ​ផងដែរ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៦នាក់ រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ចូនទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖