ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពីរករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា និងប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ និង ១៦ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង២១ និង០០នាទីយប់នៅតាមបណ្ដោយផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតម៉្សៅក្រាមថ្លាស ចំនួន២កញ្ចប់តូច ។

ករណីទី២ នគរបាលប៉ុស្តិ៍គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្តទៀត ករណីកាន់កាប់អាវុធដោយគ្មានការអនុញាត(ដាវសាំមួរ៉ៃ)កាលពីវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នៅតាមដងផ្លូវលេខ ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ ជនសង្ស័យទី១មានឈ្មោះ សឿន ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ទី២ឈ្មោះ ចិត វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉្សៅក្រាមថ្លាស ដែលសង្ស័យជាសាធាតុញៀន២កញ្ចប់ថង់តូច ខណៈសមត្ថកិចកំពុងល្បាតនៅចំណុចខាងលើ ។

ដោយឡែកនគរបាលប៉ុស្តិ៍គោកឃ្លាងបានប្រាប់ថា៖ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ នឿន ប្រុសនាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ(ប្រើប្រាស់គ្រឿងញៀន) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ទី២ឈ្មោះ ជីម ធារុន ហៅអាញ៉ា(រងរបួសកំពុងសម្រាកនៅមន្ទីពេទ្យលោកសង្ឃ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ(ប្រើប្រាស់គ្រឿងញៀន) ឃាត់ខ្លួនកាលពីវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា៖ មុនពេលកើតហេតុកម្លាំងរបស់លោកបានល្បាត នៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ហើយក៏បានឃើញជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BR0904គួឲ្យសង្ស័យក៍ហៅដើម្បីត្រួតពិនិត្យតែក្រុមជនសង្ស័យមិនព្រមឈប់បានព្យាយាមបើកម៉ូតូរត់រហូតទៅដល់ សង្កាត់ក្រាំងធ្នុងជនសង្ស័យបានទៅបុកនិងរបងថ្មផ្ទះប្រជាពលរដ្ឋបណ្តាលអោយដួលទើបសមត្ថកិច្ចឃាត់ខ្លួនបានក្នុងនោះរកឃើញដាវកែឆ្នៃ១ដើម ។ ដោយជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅទើបសមត្ថកិច្ចដឹកយកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងម្នាក់ទៀតមានដាវកែឆ្នៃនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងម្នាក់ទៀតដែលកំពង់នៅមន្ទីរពេទ្យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖