ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៧នាក់និងថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់ ខណៈកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះដឹកនាំដោយលោក មូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ លោក អ៊ឹម សុខុម អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក មូវ ម៉ានិត អភិបាលខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺដើម្បីទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ជាលទ្ធផលក្នុងការដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើ គណៈបញ្ជាការកងឯកភាពខណ្ឌបានឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមទាំងថ្នាំញៀនពីរកញ្ចប់តូច និងមួយកញ្ចប់ធំល្មមក្នុងបីករណី បន្ទាប់ពីមានការសង្ស័យហើយ ក៏ហៅត្រួតពិនិត្យនិងឆែកឆេរ។

ករណីទី១ឃាត់ខ្លួនជនសង្ស័យ២នាក់ ១ឈ្មោះ​ ហៃ​ ឡាង​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ជាង​ដែក​ ស្នាក់នៅ​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ២ ឈ្មោះ​ ឃុន​ ចាន់​រស្មី​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ជាង​ដែក​ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា​ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ក្នុងនោះដកហូតម៉ូតូមួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម ​ពណ៌​ខ្មៅ​ សេរី​០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AI-1704 បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច។

ករណីទី២ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ មានឈ្មោះ ម៉ែន​ សៀន​ ភេទប្រុស​ អាយុ​២២ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ស្លែង​រំលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ទី​ពីរមានឈ្មោះ សេរី​ ចំនាន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ភូមិ​ជាមួយ​គ្នា​ និងដកហូត​ម៉ូតូ​មួយគ្រឿងម៉ាក​ ស្មាសរេវ៉ូ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1E-9804 បន្ទាប់ពីរឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច។

ករណីទី៣ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១ មានឈ្មោះ​ អ៊ូ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​រត់ម៉ូតូ​ឌុប​ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាង​កើត​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ​។ ទី២មានឈ្មោះ មិត្ត​ សុជាតិ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ភូមិ​បុរី​១០០ខ្នង​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​។ ទី​៣ឈ្មោះ មិត្ត​ ចិន្ដា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ជា​មួយ​គ្នា​ និងដកហូត​ម៉ូតូមួយគ្រឿង​ម៉ាក​ ហុងដាវ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1P-2012 បន្ទាប់ពីរឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ធំល្មម។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំចាត់ការទៅតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖