ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ដោះលែងត្រីវិញជិត១តោន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះចំនួន៧ស្ថាប័ន ដែលមានកម្លាំងសរុប៣៧នាក់ និងមធ្យោបាយដោយប្រើប្រាស់ទូកម៉ាស៊ីន១១គ្រឿងបានបន្តបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ជាប់បឹងទន្លេសាប ក្នុង ភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានដោះលែងត្រីជិត១តោនឱ្យមានសេរីភាពឡើងវិញ។

អតីតឡូត៍នេសាទលេខ២ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យមានការអភិរក្សពូជន៍ត្រី និងជីវៈចម្រុះ នៅក្នុងផ្ទៃទឹកជាង៥ម៉ឺនហិកតា ដោយហាមឃាត់មិនឱ្យមានការនេសាទត្រីនៅក្នុងតំបន់នោះឡើយ ប៉ុន្តែតំបន់អភិរក្សនោះមានសេចក្តីរាយការណ៍ឱ្យដឹងថានៅតែមានការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។

ការបង្រ្កាបសមត្ថកិច្ចចម្រុះធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មានចំនួន៨ទីតាំង ស្ថិតក្នុងភូមិសាស្រ្តឡូត៏អភិរក្សលេខ២ រួមមានៈ១,ចំណុច ទំនាបរាំង ២,ចំណុច ទំនាបទាល់ ៣,ចំណុច ខាងជើងមាត់ព្រែកអង្ក្រង ៤,ចំណុច រហាលព្រែកអង្ក្រងខាងជើង ៥,ចំណុច ច្រាំងចោទ ៦,ចំណុចឆ្កែកូន ៧,អូរប្រឹសជាប់និ ងទី៨,បឹងជីនិត។

សមត្ថកិច្ចដកហូតបាននូវឧបករណ៍នេសាទខុសច្បាប់រួមមានៈ របាំងសាច់មងប្រវែង៣,២០០ម៉ែត្រ- បង្គោលចំនួន១,៤០០ ដើម-ឡុកចាប់ត្រីចំនួន១៥គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង។

ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង នោះដែរ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា បទល្មើសនេសាទនៅក្នុងតំបន់ភូមិសាស្រ្តស្រុកឯកភ្នំ បាននិងបន្តកើតឡើងជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះប្រជានេសាទប្រកបមុខរបរនេសាទចិញ្ចឹមជីវិតតាមលក្ខណៈគ្រួសារ ក៏ធ្លាប់បង្ហាញពីការព្រួយបារម្ភពីបញ្ហាការប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ ចាប់យកត្រីទាំងតូចទាំងធំ បានបង្កឱ្យត្រីធម្មជាតិក្នុងបឹងទន្លេសាបនៅក្នុងតំបន់នោះ កំពុងរងការវិនាសបាត់បង់ គ្រាដែលប្រជាពលរដ្ឋមានការសង្ស័យថាមន្រ្តីជំនាញ និងសមត្ថកិច្ចមួយចំនួនបានជាប់ពាក់ព័ន្ធនិងការទទួលផលប្រយោជន៍ពីក្រុមជនល្មើសដែលធ្វើសកម្មភាពនេសាទត្រីខុសច្បាប់នោះ។

សូមរំលឹកថា ក្នុងរយៈពេល២ទៅ៣ខែចុងក្រោយនេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់៣ទៅ៤លើកមកហើយ ប៉ុន្តែការបង្រ្កាបនោះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថាហាក់បីដូចជាមិនទាន់ដោះស្រាយមានប្រសិទ្ធភាពនៅឡើយនោះទេ ៕ សំ វិច្ឆិកា


ចែករំលែក៖